របៀប​រស់នៅ និង​របប​អាហារ​ដែល​បុរសៗ​គួរ​អនុវត្ត បើ​មិន​ចង់​កើត​មហារីក​ក្រពេញ ប្រូ​ស្តា​ត​ទេ​

367
ចែករម្លែក

កាលពី​អត្ថបទ​មុនៗ មិត្ត​អ្នកអាន​អត្ថបទ​ទាំងអស់​ប្រហែលជា​ធ្លាប់​ដឹង​រួចមកហើយ អំពី​សារៈសំខាន់​នៃ​ការថែរក្សា​សុខភាព​ដើម្បី​ជួយ​ឲ្យ​ក្រពេញ​ប្រូ​ស្តា​ត​មាន​សុខ​ភាពល្អ និង​ការពារ​ពី​ជំងឺមហារីក​ក្រពេញ​មួយ​នេះ​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏បាន​បង្ហាញ​អំពី​សារៈ សំខាន់​នៃ​ការហាត់​ប្រាណ​ដើម្បី​ជំរុញ​ដល់​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​ផងដែរ​។ ប៉ុន្តែ​តាម រយៈ​អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​លើកយក​នូវ​ចំណុច​សំខាន់ៗ​ទាក់ទង​នឹង​របៀប​រស់នៅ និង របប​អាហារ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​វិញ​ម្តង​។

​រួមភេទ​ឲ្យ​បាន​ញឹកញាប់​
មធ្យោបាយ​មួយ​ដែល​អ្នក​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​គឺ​រួមភេទ​ឲ្យ​បាន​ច្រើន​។ តាម​ការសិក្សា​របស់​ប្រជាជន​អូស្ត្រាលី​បាន​ឲ្យ​ដឹងថា បើសិនជា​អ្នកសម្រេច​កាម​ដោយ​ខ្លួនឯង​ចាប់ពី ៥​ដង​ក្នុង​មួយ​សប្តាហ៍​ឡើងទៅ​អ្នក​ទំនងជា​អាច​បន្ថយ ការ​ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​រហូតដល់ ៣៤​ភាគរយ​នៅ​អាយុ ៧០​ឆ្នាំ​។ ដូចគ្នានេះដែរ ការរួម​ភេទ​ក៏​ជា​ជម្រើស​ដ៏​ល្អ​ដែរ​បើសិនជា​អ្នកមាន​ដៃគូរ​ជីវិត​ហើយ​។ ចំពោះ​មូលហេតុ​នោះ​គឺថា ការធ្វើ​ឲ្យ​ចេញ​ទឹកកាម​ជា​ញឹកញាប់​ប្រៀបបាន​ដូចជា​បញ្ចេញ ចោល​នូវ​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​ចោល​ច្រើន​អ៊ីចឹង​ដែរ​។

កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​កាត់បន្ថយ​ការ​ញ៉ាំ​ខ្លាញ់ អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ សាច់​ក្រហម និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផង​។ បើសិនជា​អ្នក​បន្ថយ​ឬ​លុបបំបាត់​ការ ញ៉ាំ​សាច់​ក្រហម ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​ស៊ុត​អ្នកនឹង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​តាម​ជាមួយគ្នា​ដែរ​។​

​បង្កើន​ការ​ញ៉ាំ​សណ្តែកសៀង​
ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​គឺជា​ជម្រើស​អាហារ​មួយ​ផ្សេងទៀត​ដែល​អាច​បន្ថយ​ការកើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។ ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​ផ្ទុក​ទៅដោយ សារធាតុ Isoflavones ដែលជា​សារធាតុ​ធម្មជាតិ​មាន​លក្ខណៈ​ដូច​អ័រម៉ូន អេ​ស្ត្រូ​ជែ​ន​ដែរ​។ តាម​ការពិសោធន៍ វា​ត្រូវបានគេទទួលស្គាល់​ថា អាច​ទប់ស្កាត់​ការលូតលាស់​កោសិកា មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។

ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​
កាលណា​អ្នក​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន វា​នឹង​បន្ថយ​ការកើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត កាន់តែច្រើន​ដែរ​។ បន្លែ​ដូចជា ប៉េងប៉ោះ​ផ្ទុក​ទៅដោយ​សារធាតុ Lycopene ដែលជា សារធាតុ​ត្រូវបាន​គេ​រកឃើញថា អាច​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត សរុប ៣៥​ភាគរយ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ដំណាក់កាល​ធ្ងន់ធ្ងរ​បាន​៥០​ភាគរយ ឯណោះ​។

​ញ៉ាំ​ស្រាក្រហម​
អ្នក​គួរតែ​គិតគូរ​លើ​ការ​ញ៉ាំ​ស្រាក្រហម​ខ្លះ​ដើម្បី​បន្ថយ​ការកើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ សម្បក​របស់​ទំពាំងបាយជូ​រ​ពណ៌​ក្រហម​ផ្ទុក​ទៅដោយ​សារធាតុ Reveratrol ខ្ពស់​ដែល ជា​អង់​ទី​អុកស៊ីដ​ង់​ជួយ​ទប់ស្កាត់​ការលូតលាស់​របស់​មហា​រីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។ ថ្វីបើ​វា​ល្អ​មែន តែ​គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ ឬ​កុំ​ឲ្យ​លើសពីរ​កែវ ឬ​២៩៥​មី​លីលីត្រ​ក្នុង​មួយថ្ងៃ​។​

​ញ៉ាំ​តែ​បៃតង​
ការ​ញ៉ាំ​តែ​បៃតង​ក៏​ជួយ​បន្ថយ​ការកើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បានដែរ​។ ក្នុង​តែ​បៃតង ផ្ទុក​ទៅដោយ​សារធាតុ Polyphenols ដ៏​ខ្ពស់ ជាពិសេស Catechins ដែល​ផ្តល់​ការការពារ នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។ យក​ល្អ​គួរតែ​ញ៉ាំ​តែ​បៃតង​ជាមួយ​អាហារ​ពេលព្រឹក ឬ​ថ្ងៃ​បាន​ហើយ ដើម្បី​បន្ថយ​ការកើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​៕ ដោយៈ health.com.kh