រប៉េសរប៉ស​, រប៉េះរប៉ោះ​, របេះ​, រំលេច​, រចនា​, លាង​, លៀង​, លហុ​, លម្អ​, លម្ហ​

208
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​រប៉េសរប៉ស ( ឧ​. ) ដែល​ឮសូរ​ប៉េ​សៗ​ប៉​សៗ​ឬ​ប៉េ​សៗ​ប៉ូ​សៗ​រឿយៗ (​ប្រើ​ជា រប៉ែសរប៉ស ក៏មាន​, កំណត់ថា​តាម​ចំណាំ​ដែល​ឮសូរ​) ។

​រប៉េះរប៉ោះ ( គុ​. ) ដែល​តិចតួច​ស្ដើងស្ដួច : ការ​រប៉េះរប៉ោះ ។

​របេះ ( កិ​. ) រលេះ​ចេញ​, របូត​ចេញ​ដូច​គេ​ចាប់​បេះ : ឆ្នាំងដី​របេះ​មាត់ ។ របេះ​ដៃ​របូតដៃ​ចេញពី ចំណាប់ ។ ព​. ប្រ​. រសាយដៃ​; ទាល់គំនិត ។ របេះរបោច ឬ របោច​របេះ របេះ​ដូច​គេ​ចាប់​បោច​, របោច​របូត​ចេញ ។ ព​. ទ​. បុ​. ចេះ​របេះក្បាច់ មានចំណេះ​តែ​មារយាទ​មិនល្អ​ឬ​ប្រហែល​ធ្វេស មិន​ប្រយ័ត្ន ធ្វើ​ឲ្យ​ភ្លាត់​ខូចការ​ខូចប្រយោជន៍ ។

​រំលេច ( កិ​. ) ធ្វើ​ឲ្យ​លេច​ព័ណ៌​, ឲ្យ​លេច​ក្បាច់រចនា : រំលេចព័ណ៌​, រំលេចត្បូង ។

​រចនា រៈ​ចៈ​ន៉ា សំ​. បា​. ( ន​. ) ការតាក់តែង​; ការធ្វើ​ឲ្យ​វិចិត្រ​ផ្សេងៗ​; ការរៀប​រៀង​ឲ្យ​ត្រូវ​របៀប បែបយ៉ាង​; ការ​តែងសេចក្ដី​ឲ្យ​ចុះ​របៀប​; … ។ ខ្មែរ​ប្រើពាក្យ​នេះ​ជា កិ​. ក៏បាន : រចនា​ឲ្យ​ល្អ​ប្លែក ។ ប្រើ​ជា គុ​. ក៏បាន : ការ​រចនា​, ក្បាច់រចនា ។ សាលា​រចនា​សាលា​ដែលមាន​ពួក​គ្រូបង្រៀន​ខាង ការ​រចនា​ផ្សេងៗ (​ឈ្មោះ​សាលារៀន​មួយ​នៅ​ក្រុងភ្នំពេញ ក្នុង​សម័យមុន​, សម័យ​តម​ក​ហៅ សាលា​វិចិត្រសិល្ប​) ។

​លាង ( កិ​. ) ជម្រះ​, សម្អាត ដោយ​វត្ថុ​រាវ​មានទឹក​ជាដើម : លាងដៃ​, លាងចាន​, យក​ប្រេងកាត លាងដៃ​ឲ្យ​ជ្រះ​ម្រ័ក្សណ៍ ។ លាងមុខ ជម្រះ​មុខ​, លុបមុខ ។ ព​. ប្រ​. លាង ចិត្ត ជម្រះចិត្ត​, សម្អាត ចិត្ត ឲ្យ​បរិសុទ្ធ ។ លាងបាប ជម្រះ​ឲ្យ​អស់​បាប (​តាម​លទ្ធិ ព្រាហ្មណ៍​ជាដើម​) ។ លាងពៀរ ជម្រះ​ពៀរ គឺ​លែង​ចងពៀរ​តទៅទៀត ។​ល​។

​លៀង ស​. ល​. ( កិ​. ) ចិញ្ចឹម​, ចិញ្ចឹម​រក្សា : លៀងជីវិត​, លៀងសត្វ ។ រៀប ឬ​ចំណាយ​ប្រាក់ ចាត់ចែង​ភោជនាហារ ឲ្យ​ភ្ញៀវ​បរិភោគ : លៀងភ្ញៀវ​, ស៊ី​លៀង ។ លៀងលោម រៀប​ពិធី​បូជា លោម​អង្វរ​អារក្ស ។ លៀងអារក្ស រៀប​ពិធី​មាន​បាយ​ចំណី​ព្រមទាំង​ឲ្យ​លេងភ្លេង​ផង​បូជា​អារក្ស ។ ព​. ប្រ​. លប​ឲ្យ​សំណូក​, សូកប៉ាន់ (​ម​. ព​. សែន ២ កិ​. ផង​) ។

​លហុ លៈ​ហ៊ុ បា​.; សំ​. ( គុ​. ) (​លឃុ​) ស្រាល​; រហ័ស​, ឆាប់​, រួសរាន់​; ភ្លាម​; រប៉ិចរប៉ី​, រាយរង​;… ។ ន​. (​ព​. វ​.) អក្សរ​ដែលមាន​សំនៀង​ស្រាល​រហ័ស ជា​គូ​គ្នា​នឹង​អក្សរ​គរុ : និយាយ​ត្រឹមត្រូវ​តាម គរុ​លហុ គឺ​និយាយ​ត្រឹមត្រង់​តាម​អក្សរ​មាន​សូរ​ធ្ងន់​ឬ​យឺត​មិន​កញ្ឆក់​ឲ្យ​រហ័ស​ដូចជា សារប្រយោជន៍ មិន​ថា សៈ​រ៉ៈ​ប្រយោជន៍​, កសាង មិន​ថា ក៏​សាង ជាដើម ។ ម​. ព​. អក្ខរប្បភេទ ផង ។ លហុកម្ម កម្ម​ស្រាល​; ការងារ​ស្រាល​; ការ​រប៉ិចរប៉ី​, រាយរង ។ លហុចិត្ត​, លហុចិន្តា (​ម​. ព​. លឃុ​) ។ លហុទណ្ឌកម្ម ទណ្ឌកម្ម​ស្រាល ។ លហុទោស ទោស​ស្រាល ។ លហុបរិក្ខារ ឬ លហុភណ្ឌ បរិក្ខារ ឬ​របស់​រាយរង​; ក្នុង​វិន័យ​ពុទ្ធសាសនា សំដៅ​របស់​រាយរង​មាន​បាត្រ និង​ចីវរ​ជាដើម ។ លហុភាព ភាព​ឬ​ភាវៈ​ស្រាល ។ លហុភារៈ ភារៈ​ស្រាល​, បន្ទុក​ស្រាល ។​ល​។

​លម្អ ( ន​. ) សេចក្ដី​ល្អ​, ភាវៈ​ល្អ គឺ​បែប​ភាព​, បែបបទ​, លំនាំ​, សណ្ឋាន​, ទ្រង់​, កិរិយា​… ដែល​ល្អ : លម្អរូប​; ខន្តី​ជា​លំអ​របស់​អ្នកប្រាជ្ញ ។

​លម្ហ ( ន​. ) ទី​ដែល​វាល​ល្ហ : លម្ហ​សមុទ្រ ។ ឋាន​ក្រោម​ជើង​ហោជាង​នៃ​ប្រាសាទ ឬ​វិហារ​មុខ ដាច់ ដែល​មើល​ពី​ដី​ទៅ​ឃើញ​ល្ហ ព្រោះ​មិនមាន​ដំបូល​បាំងសាច : លំហ​នាងច្រាល គឺ​លំហ និង​នាងច្រាល (​ម​. ព​. នាងច្រាល ផង​) សរសេរ​ជា រម្ហ ឬ រំហ ក៏មាន ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា