រពឹសដៃ​រពឹសមាត់​មិន​សុទ្ធតែ​ផ្ទៃ​ឆ្អែត​ទេ​! កុំ​ចេះតែ​ហ៊ាន​!

505

​ខ្មែរ​យើង​មាន​សុភាសិត​មួយ ឃ្លា​ថា “​រពឹសដៃផ្ទៃឆ្អែត​” ។ សុភាសិត មួយ​នេះ​បាន​ផ្សារភ្ជាប់​នឹង​ជីវភាព រស់នៅ​នៃ​សង្គម​ខ្មែរ នៅត្រង់ចំណុច​ថា ជា​ក្រើន​ការ​រំលឹក​ឱ្យ​ម្នាក់ៗ​ឧស្សាហ៍​ព្យាយាម​ក្នុង​កិច្ចការងារ ក្នុង​ការធ្វើ កសិកម្ម​ដើម្បី​ចិញ្ចឹមជីវិត ។ ពាក្យ​មួយ នេះ​ជួនកាល​ក៏​ក្លាយជា​ប្រធានបទ​នៃ​ការសរសេរ តែងសេចក្តី​បែប​ពិភាក្សា​ផងដែរ ។ នៅពេល​និយាយ​បែប​ពិភាក្សា ក៏មាន​មតិស្រប និង​មតិផ្ទុយ ។​
​ ​
​ត្រឡប់មក​រករឿង​ជាក់ស្តែង នានា​ថ្មីៗ​កន្លងទៅនេះ​វិញ​បានបង្ហាញ ឱ្យឃើញ​ដែរ​ថា “​រពឹសដៃ​មិន​សុទ្ធតែ ផ្ទៃ​ឆ្អែត​ទេ ហើយ​រពឹសមាត់​ក៏​មិន​សុទ្ធតែ ផ្ទៃ​ឆ្អែត​ដែរ​” ។​
​ ​
​នាយ​សាន​ខ្ញុំ​សូម​តំណាល រឿង​ពិត​ពីរ​បី​រឿង​ដែល​បាន​កត់​ត្រាទុក នាពេល​កន្លងទៅ និង​ពេល​ថ្មីៗ​នេះ ។ តួយ៉ាង​កន្លងទៅ នៅ​មិន​សុខ មាត់​ស៊ី​- ត្រាវ លោក​សម រង្ស៊ី មាន​ទម្លាប់ និយាយ​វាយប្រហារ​គេឯង ។ ទីបំផុត ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ គុក​និង​បង់ប្រាក់​ពិន័យ​ជា​ប្រាក់ ហើយ និរទេស​ខ្លួន​ដោយ​ខ្លួនឯង​ទើស​សព្វថ្ងៃ​។ ដើម្បី​កុំឱ្យ​ខ្មាស​គេ ព្រោះ​មាត់​ត្រី​កំភ្លាញ ក៏​ខំ​ស៊ីញេ​ឆ្វេង​ផង ស្តាំ​ផង ធ្វើជា​សម្រក់ ទឹកភ្នែក​ក្រពើ​ផង ជួន​ធ្វើជា​តួឯក​ដើម្បី កុំឱ្យ​ក្មេង​ហៅថា​ទណ្ឌិត នាំ​ខ្មាស​គេ ។​
​ ​
​ចំណែក​រឿង​មួយទៀត លោក ហុង សុខ​ហួរ និង​លោក​អ៊ុំ សំអាន មិនមែន​រពឹសដៃ​ទេ តែ​រពឹសមាត់​ដូច ចៅហ្វាយនាយ ទៅ​បូរបាច់​កាច់​មួល រឿង​ផ្ទៃ ក៏ត្រូវ​ជាប់ទោស​ដែរ ។​
​ ​
​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ អផ្សុក ពេក​នៅ​មិន​ស្ងៀម ទៅ​បង្ហោះ​រូបភាព មិន​ត្រឹមត្រូវ ធ្វើឱ្យ​ជ្រួលច្របល់​សង្គម ទីបំផុត​ក៏ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅ តុលាការ តុលាការ​ក៏​ញាត់​គុក​ទៅ​ដើម្បី ឱ្យ​បាត់​អផ្សុក ។​
​ ​
​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​រពឹស ដៃ នៅ​មិន​នៅ​គំរាម​សម្លាប់​សម្តេច តេ​ជោ​ហ៊ុន សែន ត្រូវ​ជាប់កុន ។ អ្នក វិភាគ​នយោបាយ​អផ្សុក​ពេក ក៏​ចោទ សម្តេច​តេ​ជោ​ហ៊ុន សែន ថា​ជា​ឃាតករ សម្លាប់​លោក​កែម ឡី ត្រូវ​ចាប់ខ្លួន ។ ចាប់ខ្លួន​ព្រោះ​ចោទ​គេ​ទាំង​បំពាន ទាំង គ្មាន​ភស្តុតាង ។ រពឹសដៃ​បែបនេះ ទោះ ជា​ព្រះ​មិន​បរិនិព្វាន​ក៏​ជួយ​មិន​បានដែរ ។​

​ថ្មីៗ​នេះ នៅ​សៀមរាប អ្នកលេង ហ្វេ​ស​ប៊ុ​ក​ពីរ​នាក់​ស្រី​-​ប្រុស អផ្សុក​ពេក​រពឹសដៃ​ទៅ​បង្ហោះ​រូប យន្តហោះ​ធ្លាក់ នៅ​ខេត្តសៀមរាប ធ្វើឱ្យ​ចលាចល​សង្គម ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យកមក​កោស មួយ​យប់ សឹង​ព្រលឹង​ធំ​រត់ចោល​កាយ​។ សំណាងល្អ​ដោយមាន​ក្តីមេត្តា ប៉ូលិស ត្រឹមតែ​អប់រំ រួច​ឱ្យ​សេរីភាព ។​
​ ​
​ថ្មីៗ​នេះដែរ ស្រី​ម្នា​ក់នៅ​មិន នៅ ទៅ​ចាប់​កុមារី​ម្នាក់​យកទៅ​ជំរិត ទារលុយ​ពី​ឪពុកម្តាយ​កុមារី​នេះ ក៏ត្រូវ សមត្ថកិច្ច​ចាប់ខ្លួន​ញាត់​គុក ។​
​ ​
​ដោយឡែក​ថ្មីៗ​នេះ លោក នាយករង​សាលា​មួយ​នៅ​ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​មិន​នៅ ទៅ​ប្រឡែង​លេង​ជាមួយ​សិស្សស្រី បន្លំ ស្ទាប​កន្លែង​សំខាន់ៗ​របស់​មនុស្ស​ស្រី ក៏​ត្រូវគេ​ប្តឹង​នាំខ្លួន​យក ទៅ​តុលាការ ហើយ​ទីបំផុត​តុលាការ​ក៏​បញ្ជា​ឱ្យ​បញ្ជូន ទៅ​ឃុំខ្លួន​បានសម្រេច ៘ និង ៘​
​ ​
​ទាំងអស់​ខាងលើ​ជា​រឿង​ពិត ដែល​នាយ​ខ្ញុំ​សូម​លើក​យកមក​និទាន យ៉ៗ ដើម្បី​ចង់​ប្រាប់ថា រពឹសដៃ​ខុស​ទំនង រពឹសមាត់​ខុស​បែប មិនមែន​រពឹសដៃ ផ្ទៃ​ឆ្អែត​ទេ សូមកុំ​ចេះតែ​ហ៊ាន ព្រោះ រពឹសដៃ និង​រពឹសមាត់​ខ្លះ វា​បណ្តាល ឱ្យ​ជាប់​ខ្នោះ​បាន ។ គឺ​មិនមែន​ដោយសារ អ្នកទទៃ​បង្ក​ឡើយ គឺ​ខ្លួនឯង​យក​ចៃ មក​ដាក់​លើ​ក្បាល​ដោយ​ខ្លួនឯង​ទេ កុំ ចោទ​គេ​ថា​ធ្វើបាប ៕ ដោយ​៖ នាយ​សាន​