រមណីយដ្ឋានទេសចរណ៍​ធម្មជាតិកំពង់ភ្លុក ជាទីចាប់​អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ

186
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ តើស្គាល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កំពង់ភ្លុក នៃខេត្តសៀមរាបដែរឬអត់? ចង់ជិះទូកលេងនៅកំពង់ភ្លុកទេ?

កំពង់ភ្លុក ជាភូមិធម្មជាតិដែលប្រជាជនសាងសង់ផ្ទះនៅលើ ផ្ទៃទឹកនៃ​បឹងទន្លេសាប ក្នុងខេត្តសៀមរាប នារដូវវស្សាផ្ទៃទឹកបានឡើងប៉ប្រះនឹងដើមរាំង​ព្រមជាមួយផ្ទះសម្បែង របស់ ប្រជាជនបង្កើតបានជាទេសភាពថ្មីមួយទៀត​ដែលខុសពីរដូវប្រាំង​ លំនៅឋានដែលមានសសរខ្ពស់ៗផុតពីដីដែលជាទី​ចាប់អារម្មណ៍របស់ភ្ញៀវទេសចរចង់មកទស្សនាទីនេះកាន់ច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ។

តំបន់កំពង់ភ្លុកស្ថិតនៅក្នុងទឹកដីភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រមាណ១៩គីឡូម៉ែត្រពីក្រុងសៀមរាប ខេត្តសៀមរាប​ដោយយើងអាចជិះកាណូតទៅតាមដងស្ទឹងរលួស​ ឬទៅតាម​កំពង់ថ្កូវ​ក៏បាន។

កំពង់ភ្លុកបណ្តែតខ្លួននៅលើដីកោះ ចោលសម្រស់យ៉ាងឆើតឆាយមានផ្ទៃទឹក ព័ទ្ធជុំវិញ។នៅពេលយើងធ្វើដំណើរទៅដល់ភូមិឋាននេះភ្លាម​នោះគេនឹងបាន​ឃើញទូកតូចៗដែលអមដោយប្រជាសហគមន៍ និងកាណូតទេសចរណ៍ចត តម្រៀបគ្នាជាជួរៗនៅក្បែរគ្នារង់ចាំភ្ញៀវ។

ប្រសិនបើលោកអ្នកក្រឡេកមើលទៅលើផ្ទៃបឹង​នឹងប្រទះភ្នែកឃើញមាន​ទេសភាពស្រស់បំព្រងណាស់​ រំលេចដោយលំនៅស្ថាន សាលារៀន វត្តអារាម រួមទាំងកសិដ្ឋានចិញ្ចឹមត្រី កសិដ្ឋានក្រពើ ជាដើម ។

ការធ្វើដំណើរទៅកាន់កំពង់ភ្លុក គឺជាគោលដៅទស្សនាចរណ៍មួយដែលមិនគួរ​អាក់ខាន ព្រោះនៅទីនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទស្សនា បានជាមួយផ្ទាំងទស្សនីយភាពប្លែកៗនៃសម្រស់ធម្មជាតិ និងអាច​ឈ្វេងយល់ពីជីវភាពរស់នៅ ប្រពៃណី ទំនៀមទម្លាប់ ក៏ដូចជាការប្រកបរបរ​នេសាទ​ជាលក្ខណៈគ្រួសាររបស់ពលរដ្ឋយើងបានយ៉ាងជក់ចិត្ត ៕B/hA