រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិតប្រៀបដូចជាឋានសួគ៌មួយនៅភាគឦសាន

1268
ចែករម្លែក

ដោយៈសុខុម/ស្ទឹងត្រែង ៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ព្រះនិម្មិតស្ថិតនៅឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ប្រៀបដូចជាឋានសួគ៌ដ៏ស្រស់ស្អាតមួយនៅភាគឦសាននៃប្រទេសកម្ពុជា។

ទឹកធ្លាក់ព្រះនិម្មិតស្ថិតនៅក្នុងទឹកដីខេត្តព្រះវិហារ។ ដោយសារនៅជាប់ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ទើបមានការយល់ច្រឡំថានៅក្នុងខេត្តស្ទឹងត្រែង។ មុននឹងទៅដល់រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ភ្ញៀវទេសចរតែងតែធ្វើដំណើរឆ្លងកាត់ស្ពានមេគង្គទីរួមខេត្តស្ទឹងត្រែង តាមកំណត់ផ្លូវជាតិលេខ9 ឆ្ពោះទៅឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់។ នៅឃុំព្រះរំកិលមានសហគន៍មួយ ឲ្យឈ្មោះថា អន្លង់ឈើទាលជាតំបន់សត្វផ្សោតរស់នៅ។

ភ្ញៀវទេសចរអាចស្នាក់នៅផ្ទះសហគមន៍ ជិះទូកមើលព្រៃលិចទឹកតំបន់រ៉ាមសាមើលសត្វផ្សោតនៅក្នុងទឹកដីឃុំព្រះរំកិល។ នៅទីនោះក៏មានម្ហូបអាហារយើងអាចឈប់សម្រាកទទួលទានម្ហូបសហគមន៍។ យើងអាចបន្តដំណើរទៅទស្សនាតំបន់ទឹកធ្លាក់ព្រះនិម្មិតមិនឆ្ងាយប៉ុន្មានពីឃុំព្រះរំកិលឡើយ។ ទឹកទន្លេមេគង្គហូរធ្លាក់បោកផ្ទុបជាមួយផ្ទាំងថ្មបែកផ្សែងបន្លឺសម្លេងកងរំពងជាច្រើនគីឡូម៉ែត្រ។ យើងឈរមើលពីលើមាត់ច្រាំងគួរអោយភ័យខ្លាចប៉ុន្តែមានមនុស្សជាច្រើន នៅតែចង់ទៅឈរផ្តិរូបភាពជាមួយទេសភាពទឹកធ្លាក់ទុកជាអនុស្សាវរីយ៍។ ទឹកធ្លាក់ព្រះនិម្មិតគេ អត់មកទស្សនាបានទាំងរដូវប្រាំងនិងវស្សា។ ហេតុនេះហើយទើបមានការប្រៀបធៀបថាទឹកធ្លាក់ព្រះនិម្មិតដូចជាឋានសួគ៌ដ៏ស្រស់ស្អាតមួយអីចឹង។

នៅទីនោះមានក្រុមហ៑ុនមួយបានសហការគ្នាជាមួយសហគមន៍គ្រោងនឹងរៀបចំបរិស្ថានឲ្យកាន់តែស្អាត ជាពិសេសកន្លែងលក់ដូរមានរបៀបរៀបរយល្អ និងធំទូលាយ ដើម្បីទាក់ទាញភ្ញៀវ មកលេងឲ្យកាន់តែច្រើនបន្ថែមទៀត។

លោក មឿន ក្រេន តំណាង ក្រុម ហ៊ុន វិនិយោគតំបន់នោះ បានបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មបានល្អ និងជូនភ្ញៀវឲ្យមកស្គាល់គ្រប់ចំណុចអភិវឌ្ឍន៍ ដែលក្រុមហ៊ុនបានបង្កើតហើយនោះ ក្រុមការងារនិងបន្តរៀបចំផ្នែកបរិស្ថានបន្ថែមទៀត។

លោកក្រេនថា គម្រោងនេះនឹងរៀប ចំកន្លែងលក់ដូរឲ្យមានបរិស្ថានស្អាត សម្រាប់លើកស្ទួយសេវាសុខភាព ខណៈភ្ញៀវកំពុងពេញចិត្តមកលេងរមណីយដ្ឋានមួយនេះ។

លោក កេន សុគន្ធ ប្រធានសហគមន៍រមនីយដ្ឋានព្រះនិម្មិត បានលើកឡើងថា លោកមានការពេញចិត្តចំពោះក្រុមហ៊ុនមានគម្រោងរៀបចំអភិវឌ្ឍន៍តំបន់នេះបានស្អាត។ ភ្ញៀវមកលេងបានស្គាល់សម្បត្តិដ៍មានតម្លៃ ដែលប្រទេសកម្ពុជាយើងមានពីធម្មជាតិ។

លោកស្រី សូរ គឹមហេង អ្នកលក់ដូរចំណីអាហារនៅរមណីយដ្ឋាននោះ បានលើកឡើងថា តំបន់ទេស ចរណ៏ធម្មជាតិនេះ មានទេសភាពស្អាត មានធនធានជីវចម្រុះ ទឹកធ្លាក់ហូរកាត់ផ្ទាំងថ្មតូចធំ មើលសត្វស្លាប ហើយភ្ញៀវនិយមថតរូបភាពទុកជាអនុស្សាវរីយ៍។

លោកស្រីបន្តថាពីមួយឆ្នាំទៅមួយឆ្នាំឃើញប្លែកច្រើនពីព្រោះថាក្រុមហ៑ុនកំពុងធ្វើការអភិវឌ្ឍន៍ហើយភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាកាន់តែច្រើន។ភ្ញៀវមកច្រើនពួកគេទិញម្ហូបអាហារនិងវត្ចុអនុស្សាវរីយ៍ធ្វើអោយសហគមន៍មានជីវភាពគ្រួសារប្រែប្រួល៕B/