រមណីយដ្ឋាន​ធ្វើ​ពី​ដើម​ឬ​ស្សី​និង​ដីឥដ្ឋ​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​នៅ​ស្រុក​ស្ទឹងត្រង​

432

​ដោយ​: គង់​ហេង​/​កំពង់ចាម​: អង្គការ​សកម្មភាព​ព្រះពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍​សង្គម បាន​បង្កើត​រមណីយ​ដ្ឋាន​កែច្នៃ​សង់​ជា​អគារ​ពី​ដើម​ឬ​ស្សី​ស្ទើរ ១០០​ភាគរយ​ក្នុង​រចនាបទ​ផ្កាឈូក​។ អត្ថន័យ​ព្រះពុទ្ធសាសនា លើ​ផ្ទៃដី​ប្រមាណ​ប្រាំ​ហិកតា​នៅ តំបន់ភ្នំ​ហាន់ជ័យ​ខាង​ទឹកដី​ស្រុក​ស្ទឹងត្រង់ ជាប់​ព្រំប្រទល់​ស្រុក​កំពង់សៀម​។​ប្រយោជន៍​ដើម្បី​លើកកម្ពស់​បរិស្ថាន​និង​បណ្តុះបណ្តាល​វិស័យ​ទេសចរណ៍ បដិសណ្ឋាកិច្ច​ដល់​កុមារកំព្រា​។​

​លោក​ថន​វ​ណ្តុ​ង​នាយក​ប្រតិបត្តិ​របស់​អង្គការ​សកម្មភាព​ព្រះពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​សង្គម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១០ កញ្ញា​ឆ្នាំ​២០១៨​នេះ​ថា ការដែល​យើង រួមជាមួយ​ដៃគូ​សហការ​ក្នុងប្រទេស​ចំនួន ៣០ រូប និង​ដៃគូ​ក្រៅប្រទេស​ពី​ប្រទេស​ស្វី​ស​។ គឺ​បាន​ឯកភាពគ្នា​ជាសំខាន់​ផ្អែកលើ​ទស្សនវិស័យ ផ្តល់​ជាទី​តាំង​សម្រាប់​អប់រំ បណ្តុះបណ្តាល និង​បង្កើត​ការងារ​ដល់​កុមារកំព្រា​, ក្មេង​ងាយ​រងគ្រោះ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជុំវិញ​តំបន់ភ្នំ​ហាន់ជ័យ​។​

​លោក វ​ណ្តុ​ង បាន​ឲ្យ​ដឹង​ទៀតថា ដោយ​បង្កើត​សេវាកម្ម​តាមរយ​: រូបភាព​សេវា​ទេសចរណ៍ បដិសណ្ឋាកិច្ច​ជា ភោជនីយដ្ឋាន ស​ណ្ឋា​ការ ដល់​ភ្ញៀវ​ដែល​នឹង​មក​ទស្សនា​កម្សាន្ត​លំហែកាយ តាមបែប​វិបស្សនា សមាធិ ព្យាបាល​ជំងឺផ្លូវចិត្ត ជាដើម នៅ​រមណីយដ្ឋាន​សាងសង់​ពី​ដើម​ឬ​ស្សី និង​ដីឥដ្ឋ តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​មួយ​នេះ​។​

​លោកនាយក​ប្រតិបត្តិ​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា បញ្ហា​ដែល​យើង​ជ្រើសរើស​វត្ថុធាតុដើម​ពី​ដើម​ឬ​ស្សី និង​ដី​មក​សាងសង់​រមណីយដ្ឋាន​បែបនេះ​គឺ​ដើម្បី​ថែរក្សា​កេរដំណែល​បុព្វបុរស​ខ្មែរ​សម័យ​មហានគរ​។​គឺ​បាន​យក​ថ្ម និង​ដី​មក​សង់​ជា​ប្រាសាទ​អាច​រក្សាបាន​គុណភាព​អាយុកាល​បាន​រាប់ពាន់​ឆ្នាំ​។

ចំណែក​សំណង់​ពី​ដើម​ឬ​ស្សី​គឺ​បង្ហាញ​ពី​សក្តានុពល​ពី​ដើម​រុក្ខជាតិ​ដ៏​សម្បូរបែប​និង​មានគុណ​ភាពមិន​ចាញ់​ឈើ​ប្រណីត​គឺ​ដើម្បី​លើកកម្ពស់​តម្លៃ​បរិស្ថាន ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​ថែរក្សា​ភពផែនដី​។​

​លោក​បាន​បន្តថា ពិសេស​ដើម្បី​រក្សា​កេរ​ឈ្មោះ​ល្បីល្បាញ​របស់​ស្ពាន​សង់​ពី​ដើម​ឬ​ស្សី​ដែល​វែង និង​មាំ ជាងគេ​លើ​ពិភពលោក​របស់​ខេត្តកំពង់ចាម​។​ដោយឡែក​ការដែល​ជ្រើស​រើសយក​សំណង់​រចនាបទ​ពី​ផ្កាឈូក​បែបនេះ គឺ​ក្នុងន័យ​ព្រះពុទ្ធសាសនា​ជា​ព្រះ​បរមគ្រូ នៃ​យើង និង​ស​ក្កិ​សម​នឹង​សេវាកម្ម ក្នុង​រមណីយដ្ឋាន​នេះ និង​សង្ឃឹមថា​អាចជា​ការទាក់ទាញ​ភ្ញៀវ​តាមរយ​:​រចនាបទ​នេះ​។​

​លោក អួ​ង ង​ន់​ហេង ជា​អ្នកគ្រប់គ្រង​សំណង់​រមណីយដ្ឋាន​សង់​ពី​ដើម​ឬ​ស្សី​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា ខណ​:​នេះ​ក្រុម​ជាង​កំពុង​សម្រុង​សាងសង់​សំណង់​ក្នុង​រមណីយដ្ឋាន​ខាងលើ​របស់​ភ្នំ​ហាន់ជ័យ​ស្ថិត​ក្នុងភូមិ​ព្រែក​ព្រះអង្គ​ឃុំ​ព្រែកបាក់​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​។​ដើម្បី​ឲ្យ​បាន​ហើយ​រួចរាល់​ហើយ​ដាក់​សម្ពោធ​នៅ​ថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ​២០១៨​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

​បន្ទាប់ពី​ដំណើរការ​សាងសង់​កាល​ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នោះ​។​អ្នកគ្រប់គ្រង​បាន​បន្តថា​រមណីយដ្ឋាន​នេះ​មាន​អគារ​សរុប​ចំនួន ១៥​គឺ​សង់​ពី​ដើម​ឬ​ស្សី​ស្រុក​,​ឬ​ស្សី​ស្រុក​ចិន​និង​ឬ​ស្សី​ពីងពង់​ប្រហែល​៩០​ភាគរយ​។ ក្នុងនោះ​មាន​ជា​អគារ​បឹង​គីឡូ​,​អគារ​ទទួលភ្ញៀវ​,​អគារ​ជា​ភោជនីយដ្ឋាន​,​អគារ​សមាធិ​,​អគារ​វិបស្សនា​,​អគារ​ជា​អន្តេវាសិក​,​អគារ​ផ្ទះបាយ​,​អគារ​បុគ្គលិក​,​អគារ​ធ្វើ​សរសៃ​និង​អាង​ហែល​ទឹកជា​ដើម​។​

​គួរបញ្ជាក់​ថា​នេះ​ជា​រមណីយដ្ឋាន​កែច្នៃ​ថ្មី​មួយទៀត​ស្ថិត​ក្នុងស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​។​បន្ទាប់ពី​រមណីយដ្ឋាន​កែច្នៃ​ឈ្មោះ​«​ទំនប់​ប្រាំ​កុម្ភ​:»​ក្នុងស្រុក​ចម្ការលើ​កំពុងបើក​ឲ្យ​ដំណើរការ​ទទួលភ្ញៀវ​បាន​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​៕S/សរន