រមណីយដ្ឋាន​ប្រាសាទ​បាសាក់ នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​

2136
ចែករម្លែក
  • 14
    Shares

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​បេតុង ១​ខ្សែ ប្រវែង ៤​គ​.​ម ចូលទៅ​កាន់​រមណីយដ្ឋាន​ប្រាសាទ​បាសាក់ ស្ថិតនៅ​ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ការស្ថាបនា​ផ្លូវ​បេតុង​ចូល​រមណីយដ្ឋាន​ប្រាសាទ​បាសាក់ ដែល​បច្ចុប្បន្ន​បាននិងកំពុង​ដំណើរកា​រ​សាងសង់​សម្រេចបាន ប្រមាណ​ជា ៦៥​ភាគរយ នេះ​គឺជា​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ សម្រាប់​គាំទ្រ​ដល់​ផែនការ​របស់​រដ្ឋបាល​ខេត្ត​ក្នុងការ​អភិវឌ្ឍន៍ និង​កែច្នៃ​រមណីយដ្ឋាន​ប្រាសាទ​បាសាក់​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ម៉ែន វិបុល បានដាក់​ចេញ​នូវ​ផែនការ​ក្នុងការ​កែច្នៃ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រាសាទ​បាសាក់​នេះ ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ក្នុងន័យ​អភិរក្ស​រក្សា​ការពារ​នូវ​ទីតាំង​វប្បធម៌​ប្រវត្តិសាស្ត្រ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​តាំងពី​បុរាណកាល​យូរលង់​មកហើយ​ឲ្យ​បាន​គង់វង្ស​ផង និង​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ផង ធ្វើយ៉ាងណា​ឲ្យ​តំបន់​នេះ ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង​របស់​ខេត្ត ចូលរួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕ ល​