រមណីយដ្ឋាន​ពិភពលោក​ហ្គេ​ន​ធី​ងរ​បស់​ម៉ាឡេស៊ី មាន​ទេសចរ​២០​លាន​នាក់ ក្នុង​១​ឆ្នាំ​

1287
ចែករម្លែក

(​ភ្នំពេញ​)៖ ទេសចរ​ចំនួន​២០​លាន​នាក់ ដែល​ក្នុងនោះ​មាន​ជនជាតិខ្មែរ​ផងដែរ​បាន​ទៅ​ទស្សនា រមណីយដ្ឋាន​ពិភពលោក​ហ្គេ​ន​ធី​ង​( Resorts World Genting ឬ Genting Hightland) ដែលជា​តំបន់​ទេសចរណ៍​តំបន់ភ្នំ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ម៉ាឡេស៊ី ក្នុង​មួយឆ្នាំៗ​។​

​លោកស្រី កា​ថេរី​ន ឈូ​វ (Catherine Chew) អនុប្រធាន​ផ្នែក​ទំនាក់​ទ​នង​សាធារណៈ​នៃ​រមណីយដ្ឋាន​ពិភពលោក​ហ្គេ​ន​ធី​ង បាន​ប្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​កាលពីពេល​ថ្មីៗ​នេះ​ថា​៖ ហ្គេ​ន​ធី​ង​បានទទួល​ភ្ញៀវទេសចរ​​ប្រមាណ​២០​លាន​នាក់​ក្នុង​មួយឆ្នាំ ដែល​ក្នុងនោះ​ជនជាតិ​ម៉ាឡេស៊ី​៧០​ភាគរយ និង​បរទេស​៣០​ភាគរយ​ដែល​ក្នុងនោះ​ជនជាតិខ្មែរ​ក៏​​បានមក​លេង​នៅ​ទៅនេះ​ច្រើន​ដែរ​។​

​លោកស្រី​បានឱ្យដឹង​ផងដែរ​ថា ហ្គេ​ន​ធី​ង មាន​សណ្ឋាគារ​ទំនើប​ចំនួន​៦ ដែលមាន​ជាង​មួយ​ម៉ឺន​បន្ទប់​។​ពីមុន​មានតែ​សណ្ឋាគារ​មួយ​ទេ តែដោយសារ​ការកើនឡើង​ទេសចរ​ជាតិ និង​អន្តរជាតិ ទើប​វិនិយោគិន​បាន​សាងសង់​សណ្ឋាគារ​បន្ថែម​ដើម្បី​បំពេញតម្រូវការ​។​លោក​​ស្រី​បាន​បញ្ជាក់ថា​ក្រៅពី​សណ្ឋាគារ​ធំជាងគេ​លំដាប់​ពិភពលោក ហ្គេ​ន​ធី​ង​នៅមាន​ភោជនីយដ្ឋាន​ទំនើបៗ​បែប​ម៉ាឡេស៊ី​(​ប្រមូលផ្តុំ​ម្ហូប​​មកពី​គ្រប់​រដ្ឋ​)​អាស៊ី​និង​អឺរ៉ុប​។​ជាពិសេស​មាន​ហាង​លក់ដូរ​កាលី​បៗ ហាង​កាហ្វេ​ប្រេនៗ សារមន្ទីរ ឧទ្យាន​និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​។​

​ដើម្បី​អាច​ឡើង​មកលើ​ភ្នំ​បាន ទេសចរ​ត្រូវ​ជិះ​កន្ត្រក​យន្ត ពី​ជាន់​ក្រោម​មក ដែល​អាច​មើលឃើញ​ទេសភាព​ដ៏​ស្រស់ស្អាត​និង​អ័ព្ទ​ដ៏​ត្រ​​ជាក់​គួរឱ្យ​ស្រស់ស្រាយ​។​ជាងនេះទៅទៀត ទេសចរ​អាច​ជិះ​ជណ្តើរយន្ត​ពីលើ​ភ្នំ​ចុះមក​ទស្សនា​ប្រាសាទ​Chin Swee Temple ដែលជា​ទីកន្លែង​ដ៏​មនោ​រម្យ​និង​មាន​ភ្ញៀវ​មក​ទស្សនា​ច្រើនជាងគេ​។​

​គួរ​ជម្រាប​ថា​រមណីយដ្ឋាន​ពិភពលោក​ហ្គេ​ន​ធី​ង​ជា​រមណីយដ្ឋាន​តំបន់ភ្នំ ស្ថិតនៅក្នុង​រដ្ឋ ប៉ាហាំង​(Pahang State)​នៃ​ប្រទេស​​ម៉ាឡេស៊ី​។​រមណីយដ្ឋាន​ធម្មជាតិ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន Genting Group នៅ​ឆ្នាំ​១៩៦៥​និង​មាន​កម្ពស់​១៧០០​ម៉ែត្រ​។​លោក Lim Goh Tong ជា​អ្នក​ផ្តួចផ្តើម​គំនិត​សាងសង់​ហ្គេ​ន​ធី​ង​។

​គេ​អាចធ្វើ​ដំណើរ​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រមាណ​ជាង​មួយ​ម៉ោង​៕​ដោយៈ​សុផល​/sn

អ្នកសារព័ត៌មាន​កម្ពុ​ជា​ទស្សនា​រមណីយដ្ឋាន​ហ្គេ​ន​ធី​ង​កាលពីពេល​ថ្មីៗ​នេះ​(​រូបៈ សុផល​)