រមណីយដ្ឋាន​សង់​ពី​ដើម​ឫ​ស្សី​លើ​ភ្នំ​ហាន់ជ័យ​មានតម្លៃ​ជាង​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​នឹង​បើក​ដំណើរការ​ទទួលភ្ញៀវ​នៅ​សប្តាហ៍​ក្រោយ​

1578
ចែករម្លែក

ដោយ ​: គង់​ហេង​/កំពង់ចាម ៖ រមណីយដ្ឋាន​កែច្នៃ​ពី​ដើម​ឬ​ស្សី​ស្ទើរ១០០ភាគរយ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​សកម្មភាព​ព្រះពុទ្ធសាសនា ដើម្បី​អភិវឌ្ឍ​សង្គម និង​ស្ថិតក្រោម​ការសហការ ពី​សប្បុរសជន ក្នុង និង​ក្រៅប្រទេស ដែលមាន​តម្លៃ​ជាង​កន្លះ ដុល្លារ​អាមេរិក​នោះ គឺ​នឹង​បើក​ដំណើរការ សេវា​ទទួលភ្ញៀវ​ចាប់ពី​ថ្ងៃទី ១៥ តុលា ដើម​សប្តាហ៍​ក្រោយ​ខាងមុខ​នេះហើយ​។​

លោក ឆន គឹម​ពិ​ចេ​ដ្ឋ អ្នកគ្រប់គ្រង​ទូទៅ នៃ​រមណីយដ្ឋាន​ដែលមាន​សញ្ញា​ផ្កាឈូក​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១០ ខែតុលា​ឆ្នាំ​២០១៨​នេះ​ថា រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​ដែលមាន​ឈ្មោះ ជា​ភាសា​អង់គ្លេស HANCHEY BAMBOO-RESORT សង់​ពី​ដើម​ឬ​ស្សី និង​ដីឥដ្ឋ​ស្ទើរ​ទាំងអស់ គឺមាន​ទំហំ​ដី ប្រាំ ហិកតា មាន​ទីតាំង​នៅជាប់​រម​ណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ភ្នំ​ហាន់ជ័យ​។ ប៉ុន្តែ​ខាង​ទឹកដី​ភូមិ​ព្រែក​ព្រះអង្គ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ និង​មាន​ចម្ងាយ ២៤ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម​។​

អ្នកគ្រប់គ្រង​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា រមណីយដ្ឋាន​ដែលមាន​អគារ​សរុប​ចំនួន១៥សង់​តាម​រចនាបថ​ពី​ផ្កាឈូក ក្នុង​អត្ថន័យ​ព្រះពុទ្ធសាសនា ដើម្បី​លើកកម្ពស់​បរិស្ថាន និង​បណ្តុះបណ្តាល​វិស័យ​ទេសចរណ៍ បដិសណ្ឋាកិច្ច ដល់​កុមារកំព្រា​កម្ពុជា​នោះ គឺ​យើង​នឹង​បើកសម្ពោធ​ដំណើរ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៨ ហើយនឹង​បើកទទួល​សេវាកម្ម​ភ្ញៀវ​ចាប់ពី​ថ្ងៃទី ១៥ ខែតុលា​ដដែល​តទៅ​។​

លោក គឹម​ ពិ​ចេ​ដ្ឋ បាន​ឲ្យ​ដឹង​បន្ថែមថា ក្នុងនោះ​រមណីយដ្ឋាន​ខា​ង​លើ​នឹង​ផ្តល់ សេវាកម្ម​តាមបែប​សេវា ជា​ទេសចរណ៍ ប​ដិ​សណ្ឋាន​កិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូន​ភ្ញៀវ​ដែល​មក​កម្សាន្ត លំហែកាយ តាមរបៀប​វិបស្សនា សមាធិ​។ ដើម្បី​ព្យាបាល​ផ្លូវចិត្ត ដែលមាន​គ្រូពេទ្យ​ផ្នែក​ជំនាញ​ខាង​ចិត្តសាស្ត្រ​មក​ព្យាបាល និង​បង្រៀន​ដល់​សិស្ស ក្នុង​សហគមន៍​ជុំវិញ​តំបន់ភ្នំ​ហាន់ជ័យ ហើយ​ដែល​អនាគត​នឹង​ក្លាយជា​បុគ្គលិក​បម្រើការ ក្នុង​រមណីយដ្ឋាន​នេះ​តែម្តង​។​

លោក ពិ​ចេ​ដ្ឋ បាន​បន្តថា ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​នោះ គឺ​គ្រាន់តែ​រមណី ដ្ឋា​ន HANCHEY BAMBOO-RESORT បើក​ឲ្យ​ដំណើរការ​សាកល្បង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ឳ​កាស​ដាក់​បិណ្ឌ​នោះ គឺមាន​ភ្ញៀវ​មក​ចូល​ទស្សនា និង​ទទួល​សេវា​អាហារ​ច្រើន​លើសលុប គឺ​ច្រើន​រក​កន្លែង​អង្គុយ​ទទួលទាន​ដល់​ជាង​២០០ នាក់​។ ជាមួយ​នោះ​ក៏មាន​ភ្ញៀវ​ច្រើន​នាក់ បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ សុំ​កក់​បន្ទប់​ដើម្បី​សម្រាក​លំហែកាយ ។ ប៉ុន្តែ​យើង​បាន​បដិសេធ​ទទួល ហើយ​ជម្រាប​តប​វិញ​ភ្លាម​ឲ្យ​ពួកគាត់​ជា​ភ្ញៀវ​សូម រង់ចាំ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៨ គឺ​នៅក្រោយ​បើកសម្ពោធ​រយ​:​ពេល​ពីរ​ថ្ងៃ យើង​នឹង​ទទួល​សេវា​នេះ​។ ពិសេស​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ចុងក្រោយ គឺ​យើង​បាន​បិទ​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​សម្អាត​ត្រៀម​ដាក់​សម្ពោធ​។ ប៉ុន្តែ​ភ្ញៀវ​នៅតែ​សុំចូល​ទស្សនា កម្សាន្ត​លេង ក្នុង​រមណីយដ្ឋាន​ជាប់​មិន​ដាច់​ឡើយ​។​

លោក ស្រី ឌី​រ៉ូ អាយុ ២៨ ឆ្នាំ ដែល​បាន​នាំ​បងប្អូន និង​មិត្ត​ភក្តី​ចំនួន​ពីរ​រថយន្ត​ចូល​ទស្សនា​រមណីយដ្ឋាន HANCHEY BAMBOO-RESORT នៅ​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមគ្រួសារ និង​មិត្ត​ភក្តី​បាន ណាត់​កំណត់​ពេលវេលា​រួចហើយ​គឺ នឹង​មកលេង​ទស្សនា កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ​ម្តងទៀត ក្រោយ​ពេល​បើកសម្ពោធ​ហើយ និង​បើក​សេវា​ទទួលភ្ញៀវ​ជា​ផ្លូវការ​នោះ​។​

បុរស​ដែលមាន​លំនៅដ្ឋាន​ភូមិ​ដីក្រហម ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ម្នាក់នេះ​បាន​និយាយថា ដំបូង​សូម​ស្ញើ​ច​សរសើរ ដល់​ម្ចាស់​រមណីយដ្ឋាន​ដែល​ពូកែ ជ្រើសរើស​ទីតាំង​បានល្អ មាន​ខ្យល់អាកាស​បរិសុទ្ធ គឺ​ធ្វើ​ឲ្យ​ភ្ញៀវ បាន​គយគន់​ទេសភាពរ​បស់ដង​ទន្លេមេគង្គ , ស្ញើ​ច​សរសើរ​នូវ​ស្នាដៃ​ដ៏​ប៉ិនប្រសព្វ លើ​ការសាងសង់​អគារ​សំណង់​ពី​ដើម​ឬ​ស្សី ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់ ដែល​បាន​រចនា​ចេញពី​ផ្កាឈូក​នោះ​៕B/

ទិដ្ឋភាព​ក្នុង​រមណីយដ្ឋាន HANCHEY BAMBOO-RESORT នៅមុន​ថ្ងៃ​បើកសម្ពោធ និង​សម្រាប់​បើក​សេវា​ទទួលភ្ញៀវ​នា​សប្តាហ៍​ក្រោយនេះ