រមណីយដ្ឋាន​អេកូ​ទេសចរណ៍​លាក់ខ្លួន​នៅ​កណ្តាល​ព្រៃ​ភាគ​ខាងលិច​ខេត្តស្ទឹងត្រែង​

800

(​ស្ទឹងត្រែង​)៖​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត​មួយកន្លែង​លាក់ខ្លួន​នៅ​កណ្តាល​ព្រៃ​យ៉ាង​ស្ងាត់ជ្រងំ ដាច់ស្រយាល ពី​គេឯង​នៅ​ឃុំ​អូរ​ម្រះ​ ​ស្រុក​សៀម​បូក​ ​ខេត្តស្ទឹងត្រែង​។ តំបន់​មួយ​នេះ ក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យ​ចាប់អារម្មណ៍​មួយ​ក្នុង​​ចំណោម​រមណីយដ្ឋាន​ជាច្រើន​ទៀត​ក្នុង​ខេត្ត​នេះ​។​

​បើ​និយាយ​ពី​រមណីយដ្ឋាន​មួយ​នេះ ភ្ញៀវទេសចរ​មកពី​ឆ្ងាយ​ពុំ​ធ្លាប់បាន​ស្គាល់​ឡើយ​គឺ​មានតែ​អ្នកភូមិ​ប៉ុណ្ណោះ​ទើប​ដឹង​ច្បាស់​ពី​ទីនោះ​។ ប៉ុន្តែ បើ​យើង​បាន​ទៅដល់​ទីនោះ​ពិតជា​សរសើរ មិន​ដាច់​ពី​មាត់ ក្រោយពី​បាន​ទស្សនា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ធម្មជាតិ​ជួរ​វែង​(​ច្រឡង់​ទឹក​)​ដែល​អ្នកភូមិ​ល្បី​តៗ​គ្នា​។​
​ ​
​ថ្ងៃនេះ​សារព័ត៌មាន​រស្មី​កម្ពុជា​សូម​បង្ហាញ​នូវ​រូបភាព​ខ្លះៗ​ពី​រមណីយដ្ឋាន​ជួរ​វែង​។​កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៧ អ្នកយកព័ត៌មាន និង​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍ ខេត្តស្ទឹងត្រែង​បានធ្វើ​ដំណើរ​ទៅដល់​រមណីយដ្ឋាន​ជួរ​វែង ដោយ​គ្រាន់តែ​ចេញពី​ក្រុង​ស្ទឹងត្រែង​ឆ្ពោះទៅ​​ទិស​ខាងលិច​និង​ខាងត្បូង​តាមផ្លូវ​មាត់ទន្លេ​មេគង្គ​ត្រឹម​ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ ប៉ុណ្ណោះ​ទៅដល់​កន្លែង​កម្សាន្ត​នោះ​ភ្លាម​។ រមណីយដ្ឋាន​ជួរ​វែង ស្ថិតនៅ​ឃុំ​អូរ​ម្រះ​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​ជាប់​និង​ស្រុក​សំបូរ​ខេត្តក្រចេះ​។​
​ ​
​ចំពោះ​ភ្ញៀវទេសចរ​ដែល​មកពី​ឆ្ងាយ​ពុំ​ធ្លាប់​ស្គាល់ អាច​ចូលទៅ​សាកសួរ នៅ​ម​ជ្ឃ​មណ្ឌល​មណ្ឌល​ផ្តល់​ព័​ត៌​ទេសចរណ៍​មាន​របស់​មន្ទីរ​ទេសច​រណ៍​ខេត្តស្ទឹងត្រែង ស្ថិត​ក្បែរ​គល់ស្ពាន​សេកុង​នោះបាន​។​ពេលនោះ​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​គេ​នឹង​បង្ហាញ​ពី​ទីតាំង​ដល់​ភ្ញៀវទេសចរ​ដែល​យើង​ចង់ទៅ​កម្សាន្ត​ឬក៏​មាន​អ្នក​នាំ​ផ្លូវ​ពិ​សេ​នោះ​គឺ​រមណីយដ្ឋាន​កណ្តាល​ព្រៃ​ជួរ​វែង​ស្រុក​សៀម​បូក​តែម្តង​។​
​ ​
​តាមផ្លូវ​មាត់ទន្លេ​មេគង្គ ទោះបីជា មិនទាន់​ត​ភ្ជាប់​ផ្លូវ​ពី​ខេត្តស្ទឹងត្រែង ទៅកាន់​ខេត្តក្រចេះ​នៅឡើយ​ក្តី យើង​ក៏​អាចឱ្យ​ធ្វើដំណើរ​បាន​ទៅដល់​ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក​នឹង​ទៅដល់​រមណីយដ្ឋាន​ដ៏​ស្រស់ស្អាត​ភ្លាម​។​

​បើ​និយាយ​អំពី​ទេសភាព នៅ​ទីនោះ​ឃើញថា មាន​ម្លប់​ដើមឈើ ដ៏​សែន​ត្រជាក់​សម្រាប់​ភ្ញៀវ​អង្គុយលេង​។​សភាព​ស្ងប់ស្ងាត់​រំលេច​ឡើង ដោយ​សម្លេង​ទឹក​ហូរ ធ្លាក់​ពីលើ​ជម្រាល​ថ្ម​ពិ​រោះ​រណ្តំ​ដូចជា​ការប្រគុំ​វង្ស​បទ​ភ្លេង​ដូរ​តន្ត្រី​យ៉ាង​ពិ​រោះ​។​បើ​យើង​ចុះ​ងូតទឹក​វិញ​ពិតជា​ត្រជាក់​ព្រឺ​ដល់​ឆ្អឹងខ្នង​ទឹកថ្លា​យ៉ង់​ទៅ​ម្តង​ហើយ​ចង់ទៅ​ម្តងទៀត​។​

​អ្នកសារព័ត៌មានយើង​ទៅ​នោះបាន​ជួបនឹង​អ្នកភូមិ​ក៏​សួរថា​ទេសភាព​ស្រស់ស្អាត​បែបនេះ​ហេតុ​អី​មិនឃើញ​មាន​រៀបចំ​ជា​តូប​សម្រាប់​អង្គុយ​លក់ដូរ​និង​ទទួលភ្ញៀវ​។​រំពេច​នោះ​បុរស​អ្នកភូមិ​ជាមួយនិង​ក្រុមគ្រួសារ​កំពុង​បេះ​អន្លក់​ព្រៃ​(​ត្រួយ​ស្មាច់​)​ក៏​ឆ្លើយតប​ថា​រាល់​ឆ្នាំ​ទឹក​ហូរ​ជួរ​វែង​ពិត​ជាមាន​មនុស្ស​ទៅលេង​ច្រើន​មែន​។​ក៏ប៉ុន្តែ​មិនមាន​ភ្ញៀវ​ច្រើន​កុះករ​ទៅលេង​រាល់ថ្ងៃ​ឡើយ​គឺ​ភាគច្រើន​ភ្ញៀវ​ទៅលេង​តែ​ថ្ងៃ​ណា​មាន​បុណ្យជាតិ​ធំៗ​ប៉ុណ្ណោះ​។​
​ ​
​ដូច្នេះ ទើប​គេ​មិនទាន់មាន​រៀបចំ ជា​កន្លែង​អង្គុយលេង​នៅឡើយ បានត្រឹមតែ​រៀបចំ​កាត់​សម្អាត​ស្មៅ​សម្រាប់​កន្លែង​ចំណតរថយន្ត​និង​ម៉ូតូ​សិន​។ អ្នកភូមិ​ប្រាប់ថា ភ្ញៀវ​ទៅលេង​រមណីយដ្ឋាន​នោះ ភាគច្រើន​គឺជា​អ្នកស្រុក​ភូមិ និង​ភ្ញៀវ​ក្នុង​ខេត្តស្ទឹងត្រែង តែម្តង​។​ចំណែក​ភ្ញៀវ​មកពី​ឆ្ងាយ​ខេត្ត​ឆ្ងាយៗ​ឬក៏​អ្នក​ភ្នំពេញ​ពុំ​ឃើញ​ចូលទៅ​ទស្សនា​កម្សាន្ត​ឡើយ​ទំនងជា​មិនទាន់​ស្គាល់​និង​ចាប់អារម្មណ៍​។​

​អ្នកភូមិ​បានបង្ហាញ​ពី​អារម្មណ៍​សប្បាយ​យ​រីករាយ​រំពឹងថា​នៅពេល​រមណីយដ្ឋាន​មួយ​នេះ​ដំណើរការ​ទៅមុខ​មាន​ភ្ញៀវ​ចូល​ទស្សនា​ច្រើន​កុះករ​ហើយ​ប្រជាជន​ក៏​លក់​ចំណីអាហារ​បាន​ប្រាក់ចំណូល​ទៀតផង​។​បុរស់​នោះបាន​ប្រាប់ថា​គាត់​មិនសូវ​យល់​ពី​វិស័យ​ទេសចរណ៍​អី​ទេ​។​រីឯ​ផ្លូវ​ចូលទៅ​កាន់​កន្លែង​កម្សាន្ត​ក៏​នៅមាន​ការលំបាក​ធ្វើដំណើរ​បន្តិច​។​

​បុរស​អ្នកភូមិ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​និង​អង្គការ ជួយ​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​ទៅកាន់​ជួរ​វែង​ឱ្យមាន​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​ចេញចូល​។​
​ ​
​មន្ត្រី​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​និយាយថា​ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​ប្រធាន​មន្ទីរ​និង​ថ្នាក់ដឹកនាំ​ខេត្ត ខាង​មន្ទីរ​កំពុង​ជំរុញ ឱ្យ​រមណីយដ្ឋាន អេកូ​ទេសចរណ៍ធម្មជាតិ​ជួរ​វែង ដំណើរការ​ទៅមុខ​ដោយរ​លួ​ន​ឆាប់ៗ​។ មួយឆ្នាំ​កន្លងមក មន្ទីរ​ក៏​ធ្លាប់បាន​ពន្យល់​ដល់​ពល​រដ្ឋ​ក្នុង​សហគមន៍​ពី​សេវាកម្ម​ទាំងឡាយ​លើ​វិស័យ​ទេសចរណ៍​នេះហើយ​។​សម្រាប់​ឆ្នាំ​ថ្មី​នេះ​នឹងមាន​ផែនការ ជាច្រើន​ទៀត​ត្រូវ​គិត​គួរ ជាមួយ​សហគមន៍​នៅ​ឃុំ​អូរ​ម្រះ​ក្នុងការ​បង្កើត​រមណីយ​ដ្ឋា​ន​អេកូ​ទេសចរណ៍ធម្មជាតិ​។​
​ ​
​លោក​ថោង​ស្រា​ន់​អភិបាលស្រុក​សៀម​បូក​ទើបនឹង​ចូលកាន់​តំណែង​ថ្មី​បាន​ប្រាប់​ឱ្យដឹងថា​នៅតាម​ដង​ទន្លេមេគង្គ ក្នុងស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​រហូតដល់​ព្រំប្រទល់ ស្រុក​សំបូរ​ខេត្តក្រចេះ​មាន​សក្តានុពល​អេកូ​ទេសចរណ៍​ច្រើនណាស់​ស្រប​ជាមួយ​អាជ្ញាធរ​កំពុង​គិតគូរ​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ទាំងអស់នោះ​។​តែដោយសារ ថវិកា​មានកំណត់ អ៊ីចឹងទៅ​រាល់​ការអភិវឌ្ឍន៍​ទៅលើ​ផ្លូវលំ​តាមរយៈ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ត្រូវ​បែងចែក ច្រើន​ដំណាក់កាល​ជា​បន្តបន្ទាប់​។​

​ចំពោះ​ផ្លូវ​ភ្ជាប់​ពី​ភូមិ​ទៅកាន់​រមណីយដ្ឋាន​មាន​ចម្ងាយ​ប្រហែល​ជាង​៣​ទៅ​៤​គីឡូម៉ែត្រ​។​ផ្លូវ​នោះ​មិនទាន់ ស្ថិតនៅក្នុង​កញ្ចប់​ថវិកា នឹងត្រូវ​ចំណាយ​នៅឡើយ​ទេ​។ ប៉ុន្តែ គេ​មាន​គម្រោង​រួចទៅហើយ​។ អាជ្ញាធរ​នៅតែ​គិតគូរ ទៅលើ​ការតភ្ជាប់​ផ្លូវ ទៅកាន់​តំបន់​នោះ​ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ​និង​ប្រជាពលរដ្ឋ​ចូល​ទស្សនា​កម្សាន្ត​៕ ដោយៈ សុខុម​/sn