រមណី​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​តាម​ដង​ទន្លេសេកុង​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ដ

836
ចែករម្លែក

ដោយ​:សុខុម/ស្ទឹងត្រែង​ ៖ ​រមណី​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​សេកុង ដែលមាន​ទីតាំង​នៅលើ​វាល​ខ្សាច់​មួយ​ដ៏​ធំ ស្ថិតក្នុង​ទន្លេ នៃ​ស្រុក​សេ​សាន​របស់​ខេត្តស្ទឹងត្រែង ​បានធ្វើឲ្យ​អ្នក​ទេសចរ​​ចាប់អារម្មណ៍​ក្នុង​ដំណើរ​កម្សាន្ត​។​

មាន​អ្នកទេសចរ​ជាតិ​ពិសេស​ភ្ញៀវ​ក្នុង​ខេត្ត ដ៏​ច្រើន​សន្ធឹកសន្ធាប់ក្នុងនោះ​ក៏មាន​ទេសចរ​​អន្តរជាតិផង​នោះដែរ បាន​ចូលមក​កំសាន្ត​នៅ​រមណី​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​ក្នុង​ថ្ងៃ​ទិវា​ជ័យជំនះ​៧​មករា ឈ្នះ​លើ​របប​ប្រល័យពូជសាសន៍​​ប៉ុល ពត ។​

កាលពី​ថ្ងៃ​៧​ ខែមករា មន្ត្រីរាជការ​គ្រប់​ស្ថាប័នរដ្ឋ​ទូទាំងប្រទេស ត្រូវគេ​ឃើញទទួល​បាន​សិទ្ធិ​ឈប់សម្រាក​បាន​នាំ​ក្រុមគ្រួសារ សាច់​ញា​ត្តិ ធ្វើដំណើរ​កំសាន្ត​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​បានមក​ដល់​ខេត្តស្ទឹងត្រែង ភាគ​ឥសាន​ប្រទេស​។​

អ្នកគ្រប់គ្រង​រមណី​ដ្ឋា​ន​កោះ​ខ្សាច់​សេកុង លោក ហួត វុ​ទ្ធា​រ៉ា បាន​អះអាងថា ភ្ញៀវ​ទេសចរ​ដែល​ចូលមក​កម្សាន្ត ខេត្តស្ទឹងត្រែង រមណី​ដ្ឋា​ន​កោះ​ខ្សាច់​សេកុងមានការ​កើនឡើង​ខុសពី​ឆ្នាំមុនៗ​មិនសូវមាន​ភ្ញៀវ​នោះទេ តែ​ថ្ងៃ​៧​ មករា ​២០១៩ ​ឆ្នាំនេះ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ចូល​កំសាន្ត​ច្រើន​។

លោក​ថា រមណី​ដ្ឋា​ន​កោះ​ខ្សាច់​សេកុង បានរៀបចំ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ជូន​ភ្ញៀវ ការពារ​កុំ​ឲ្យ​ភ្ញៀវ​ចុះ​លេង​ទឹក​ជ្រៅ ដោយ​បោះបង្គោល​ចង​ទង់​ជា​សម្គាល់ មាន​មេក្រូ​ហ្វូ​ន សម្រាប់​​ប្រកាសជូន​ជា​ដំណឹង​ដល់​ភ្ញៀវ និង​មាន​ទូក​សម្រាប់​ចេញ​ជួយសង្គ្រោះ នៅពេល​ខ្សែទឹក​ហូរ​នាំចេញ​ក្រៅ​រង្វង់​ហាមឃាត់​។ ចំពោះ​បញ្ហា​បរិស្ថាន​នោះ​វិញ គឺមាន​អ្នក​បម្រើការ​សម្រាប់​សម្អាត នៅពេលដែល​ភ្ញៀវ​ខ្វះ​ការទទួលខុសត្រូវ នៅក្នុង​ការបោះ​ចោល​សម្រាម​គ្មាន​សណ្តាប់ធ្នាប់ រីឯ តម្លៃ​សេវាកម្ម​នោះ​វិញ សំបុត្រ​ផ្ញើ​ម៉ូតូ​១​គ្រឿង​២​ពាន់​រៀល រថយន្ត​១​គ្រឿង​៥​ពាន់​រៀល មាន់​ដុត​តូច​ល្មម​១​មានតម្លៃ​៤​ម៉ឺន​រៀល ធំ​៥​ម៉ឺន​រៀល ថ្ងៃ​ធម្មតា​កញ្ចុះ​មួយ​តម្លៃ​១​ម៉ឺន​រៀល និង​នៅ​ថ្ងៃបុណ្យ​តម្លៃ​២​ម៉ឺន​រៀល​។

លោក​បញ្ជាក់ថា នៅ​ថ្ងៃ​ធម្មតា​«​មិនមែនជា​ថ្ងៃបុណ្យ​» ភ្ញៀវ​មាន​មិន​ក្រោម​ពី​១០០​នាក់​នោះទេ តែបើ​នៅ​ថ្ងៃបុណ្យ​ធំៗ ដូចជា ថ្ងៃ​៧​មករា​ឆ្នាំនេះ ភ្ញៀវ​កើនឡើង​រាប់ពាន់នាក់ នេះ​សម្រាប់តែ​រមណី​ដ្ឋា​ន​កោះ​ខ្សាច់​សេកុង មួយ​ប៉ុណ្ណោះ ។​

ប្រធាន​មន្ទីរ​ទេសចរ​ខេត្តស្ទឹងត្រែង លោក អ៊​ន់ ប៉ោ​សឿន លោក​បាន​ទទួលស្គាល់ថា ខួប​៤០​ឆ្នាំ នៃ​ទិវា​ជ័យជំនះ​៧​មករា​២០១៩​នេះ ពិត​ជាមាន​ភ្ញៀវ​ជាតិនិង​អន្តរជាតិ សម្រុក​​ចូលមក​ទស្សនា​ខេត្តស្ទឹងត្រែង ច្រើន​ខុសប្លែក​ពី​ឆ្នាំមុនៗ​លើសពី​ការគ្រោងទុក​។

លោក​ថា តំបន់​រមណី​ដ្ឋា​ន​ដែលមាន​ភ្ញៀវ​ច្រើនជាងគេ គឺ រមណី​ដ្ឋា​ន​បុប្ផា​ភ្លុក ជួរ​ចាប កោះ​ខេ បក្សី​មេគង្គ សហគមន៍​អូរ​ឬ​ស្សី​កណ្តាល ព្រះ​រំកិល បុរី​អូរ​ស្វាយ និង​រមណី​ដ្ឋា​ន​កោះ​ខ្សាច់​សេកុង ភ្ញៀវ​មានការ​កើនឡើង ជាង​១​ពាន់​៥០០​នាក់​។​

លោក​ថា ដោយសារ​ប្រទេសជាតិ មាន​សុខសន្តិភាព មាន​ការណ៍​អភិវឌ្ឍ​ក្រោម​ការដឹកនាំ របស់ គណបក្ស​ប្រជាជន​កម្ពុជា ពិសេស ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្វើ​ឲ្យ​ប្រទេសជាតិ និង​ប្រជាជន រស់នៅក្នុង​សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​រាជរដ្ឋាភិបាល បានចាត់ទុក​វិស័យ​ទេសចរ ជា​វិស័យ​អត្ថិភាព៕B/

#