រយៈពេល២២ឆ្នាំ ទំហំពានិជ្ជកម្ម រវាង ប្រទេសកូរ៉េ និងកម្ពុជា មាន ការ កើនឡើងពី ៥៤លានដុល្លារ ហូតដល់ ៩៧០លានដុល្លា

130
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ស្ថានទូតកូរ៉េ ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំប្រារព្វនូវទិវាបុណ្យជាតិ សាធារណរដ្ឋកូរ៉េ ( The National Day of Republic of Korea (ROK) reception) កាលពីយប់ថ្ងៃពុធ ទី២ តុលា​ ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា រួមជាមួយពិព័រណ៍តាំងបង្ហាញផលិតផលកសិឧស្សាហ៍កម្មដ៏មានគុណភាព បំផុតនៅប្រទេសកូរ៉េ Agri-Food Korea 2019 ។ ក្រោមអធិបតីភាព លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋកូរ៉េ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម វត្តមាន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឧកញ៉ា និង មន្រ្តី ការទូតជាច្រើនរូបទៀត។

លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋកូរ៉េ បានបង្ហាញចំណាប់ អារម្មណ៍ នូវភាពរំភើប និងរំភើបក្រៃលែងក្នុងការទទួលស្វាគមន៍នូវក្រុមហ៊ុន ក្នុងស្រុក ដើម្បីស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីពីផលិតផលកសិឧស្សាហ៍កម្មជាច្រើន ប្រភេទផងដែរ។ លោក ឯកអគ្គរដ្ឋទូតស្តីទី Kim Jimin ក៏បានបន្ថែម ដោយសង្ក់តធ្ងន់ ថា ព្រឹត្តិការណ៍នេះគឺជាឱកាស ដ៏មានតម្លៃបំផុតក្នុងការរឹតចំណងមិត្តភាព ឱ្យមានភាព កាន់តែរឹងមាំ បង្កើនទំនុកចិត្តក៏ដូចជាភាពស្មោះត្រង់រវាងប្រទេសទាំងពីរផងដែរ។

លោកបន្តថា សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា គឺជាសញ្ញាណនៃ កិច្ចសហការ, អភិវឌ្ឍន៍ទ្វេភាគីដ៏ល្អឥតខ្ចោះដែលមានស្រាប់ដោយប្រទេសទាំងពីរ មានបច្ចេកវិទ្យា និងបច្ចេកទេសក្នុងការផលិតអាហារ។ ជាពិសេសប្រទេសកម្ពុជាមាន លក្ខខណ្ឌល្អប្រសើរដែលអាចឱ្យសាធារណរដ្ឋកូរ៉េ និងកម្ពុជាអាចជួយគាំទ្រគ្នាទៅវិញ ទៅមកបានដោយរលូនផងដែរ”។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ឆ្នាំនេះ គឺជា ឆ្នាំគម្រប់ខួបទី២២ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជា។ ការអភិវឌ្ឍជនបទ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម គឺជាកម្លាំងចលករជួយជម្រុញការលូតលាស់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយរយៈពេលកន្លងមក កម្ពុជារក្សាបាននូវកំណើន សេដ្ឋកិច្ចខ្ពស់៧%ប្រចាំឆ្នាំ។ ក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ របស់កម្ពុជា ប្រទេសកូរ៉េបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការលើកកំពស់ ទំនាក់ទំនង ពាណិជ្ជកម្មវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងអភិវឌ្ឍន៍ទំនាក់ទំនងរវាង ប្រជាជន ជាដើម។

លោកបន្តថា ពិធីនេះត្រូវបានប្រារព្ធឡើងរួមជាមួយនឹងកម្មវិធីពិព័រណ៍ ផ្សព្វផ្សាយ ផលិតផលអាហារកែច្នៃរបស់កូរ៉េ។នៅក្នុងបរិវេណសាលពិព័រណ៍ មានដាក់បង្ហាញ នូវផលិតផលអាហារកែច្នៃពីដំណាំកសិផលជាតំណាងឲ្យប្រទេសកូរ៉េ ជាមួយគ្នានេះ ដែរនៅបរិវេណខាងក្រៅសាលពិព័រណ៍ ក៏មានផលិតផលអាហារកែច្នៃល្អៗរបស់កម្ពុជា ដែលត្រូវបានផលិតឡើងក្រោមការវិនិយោគពីវិនិយោគិនជនជាតិកូរ៉េ។ ខ្ញុំយល់ថា ផលិតផល អាហារកែច្នៃទាំងនេះ គឺជានិមិត្តសញ្ញា នៃវិបុលភាពរួមរវាងប្រទេស យើង ទាំង២ ដែលកកើតឡើងពីការជួបគ្នារវាងធនធានខាងបច្ចេកវិទ្យារបស់ប្រទេសកូរ៉េ និងផលិតផលកសិកម្មដ៏ល្អរបស់ប្រទេសកម្ពុជា។

លោកបានបញ្ជាក់ទៀតថា ចាប់ពីក្រោយពេលបានធ្វើការភ្ជាប់ទំនាក់ទំនងការ ទូតឡើងវិញនៅឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងធំជាងមុន ១៨ដង គឺកើនឡើងពី៥៤លានដុល្លារ ហូតដល់ ៩៧០លាន ដុល្លា ហើយសម្រាប់ផ្នែកទំនាក់ទំនងរវាងប្រជាជនមានការកើន ឡើងច្រើន ជាងមុន ២៦០ដង គឺកើនឡើងពី ១៤៣០នាក់រហូតដល់ ៣៨ម៉ឺននាក់។ប្រទេសកូរ៉េគឺជាប្រទេស ស្ថិត នៅក្នុងលំដាប់ថ្នាក់ទី២ ដែលបានធ្វើការវិនិយោគធំជាងគេនៅកម្ពុជា។

សូមជម្រាបថា នៅក្នុងពិធីពិព័រណ៍នេះដែរគឺចង់ផ្តល់ឱកាសជូនបណ្តាញ ពាណិជ្ជ កម្មជាច្រើនដោយធ្វើការជួបជុំគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងគ្នាជាមួយនឹង ក្រុមហ៊ុន ក្នុងស្រុក ទៅកាន់រោងចក្រ សហគ្រាស និងអ្នកចែកចាយផលិតផលជាច្រើន នៅ ប្រទេស កូរ៉េទៀតផង។ គួររំឭកផងដែរថាមានក្រុមហ៊ុនចំនួន ២០ ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ Agri-Food Korea 2019 ដោយមានការតាំងបង្ហាញនូវផលិតផល កសិឧស្សហ៍កម្មដ៏ច្រើនសម្បូរបែបរួមមានដូចជា៖ យិនស៊ិន, ផ្លែឈើ, ភេសជ្ជៈ, ផលិតផលជំនួយសុខភាព និងផលិតផលជាច្រើនប្រភេទទៀតផងដែរ។

ព្រឹត្តិការណ៍ Agri-Food Korea 2019 រៀបចំដោយស្ថាតទូតសាធារណរដ្ឋកូរ៉េ ប្រចាំ ព្រះរាជាណាចក្រកម្ពុជាដោយធ្វើការសហការជាមួយនឹងក្រុមហ៊ុន កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្ម ពាណិជ្ជកម្មអាហារកូរ៉េ Korea Agro-Fisheries and Food Trade Corporation (aT) ព្រមទាំង Korea Trade-Investment Promotion Agency(KOTRA) ផងដែរ៕