រយៈពេល​ជាង​មួយខែ​លក់​ស្លាក​លេខ​រថយន្ត​ពិសេស​បាន​ជាង​២​លាន​ដុល្លារ​

133
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អះអាងថា​ការលក់​ស្លាក​លេខ​រថយន្ត​ពិសេស​ទទួល​ចំណូល​ជាង​២​លាន​ដុល្លារ​អាមេរិក​ហើយ​បន្ទាប់ពី​បាន​ដាក់ឱ្យអនុវត្ត​ចាប់តាំងពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០​មក​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២១ ខែកុម្ភៈ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា​ក្រសួង​បាន​អនុវត្ត​អនុក្រឹត្យ​ថ្មី​ស្តីពី​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ឡើងវិញ​។​

ដោយ​ផ្តោត​សំខាន់​លើ​ការបង្កើត​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​គ្រួសារ​ការរក្សា​ស្លាក​លេខ​ទុក​ការផ្ទេរកម្មសិទ្ធិ​និង​សហកម្មសិទ្ធិ​ដើម្បី​បំពេញតម្រូវការ​បន្ថែម​ទៀត និង​ផ្តល់​ជា​ជម្រើស​ដល់​ប្រជាពលរដ្ឋ និង​ដើម្បី​កៀរគរ​ចំណូល​ថវិកា​បន្ថែម​ជូន​ជាតិ​។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​សាជាថ្មី​ថា លក្ខណសម្បត្តិ​របស់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ ត្រូវបាន​បោះពុម្ព​ដោយមាន​អក្សរ «​កម្ពុជា​» នៅ​ផ្នែក​ខាងលើ និង​ការរួមបញ្ចូល​គ្នា​នៃ​លេខ​ឡាតាំង ឬ​អក្សរ​ចាប់ពី​០១​ដល់​០៨​ខ្ទង់​បោះពុម្ព​នៅ​ផ្នែក​កណ្តាល​ព្រមទាំង​មាន​QRCode​នៅ​ផ្នែក​ខាងស្តាំ​នៃ​ស្លាក​លេខ​។​ស្លាក​លេខ​ពិសេស​នេះ​ក៏​អាច​រក្សាទុក​បាន​នៅពេលដែល​មានការ​ផ្ទេរ​កម្មសិទ្ធិ​រថយន្ត​ផងដែរ​។​

​សូមជម្រាបថា​៖​ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បំពេញតម្រូវការ​និង​ផ្តល់​ជម្រើស​ជូន​ប្រជាពលរដ្ឋ​ដែល​ចង់បាន​លេខ​ចុះបញ្ជី​មាន​លក្ខណៈពិសេស​ផ្ទាល់ខ្លួន​។​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​អាច​កៀរគរ​ចំណូល​បន្ថែម​ជូន​ជាតិ​និង​ដើម្បីឱ្យ​ម្ចាស់​រថយន្ត​អាច​រក្សា​លេខ​នោះ​ទុក​សម្រាប់​ចុះបញ្ជី​លើ​រថយន្ត​ថ្មី​របស់ខ្លួន​ក្រោយៗ​ទៀត​។​

​ស្លាក​លេខ​រថយន្ត​ពិសេស​ដែល​អាចដាក់​ឈ្មោះ​ខ្លួនឯង​ឬ​ដាក់​តាមចិត្ត​ចង់​ព្រមទាំង​អាច​កាន់កាប់​មួយជីវិត​នោះ​មានតម្លៃ​ចន្លោះ​ពី​២​លាន​រៀល​រហូតដល់​១​ពាន់​លាន​រៀល​និង​អាច​លើសពីនេះ​តាមរយៈ​ការដេញថ្លៃ​៕S/​