រយៈពេល​បួន​ខែ​កន្លងមកនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងលើ​បងប្អូន​កម្មករនិយោជិត​មាន​ចំនួន​ជាង ៥០០​ករណី​

789
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: យោងតាម​របាយការណ៍​ការងារ​របស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា រហូតដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​ទៅលើ​កម្ម​ករ​និយោជិត​ចំនួន​៥២៤​ករណី ក្នុងនោះ បណ្តាល​ឲ្យ​កម្មករនិយោជិត​ស្លាប់បាត់​បង់ជីវិត​១០​នាក់ រងរបួស​ធ្ងន់​១២០​នាក់ និ​របួសស្រាល​ចំនួន​៤៣៣​។​

​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ជាយថាហេតុ ក៏ដូចជា​បង្កើន​ការយល់ដឹង កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) នៃ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​: បាន​ចុះ​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករនិយោជិត នៅ​រោងចក្រ​មួយកន្លែង​ស្ថិតនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​បញ្ជ្រាប​ការយល់ដឹង​កាន់តែច្បាស់ និង​ស៊ីជម្រៅ​បន្ថែមទៀត​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​អ្នកបើកបរ ជម្រុញ​ឲ្យ​មានការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រៀមលក្ខណៈ​សម្រាប់​ការប្រឡង​យក​បណ្ណ​បើកបរ​ឲ្យ​ស្របតាម​ប្រភេទ​យាន ក្នុងន័យ​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មក​នៅ​កម្រិត​ទាប​។​

​សូមបញ្ជាក់ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១៣ រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ​ន​យោ​ជិត (​ស​.​ផ​.​ក​) នៃ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម បាន​ចុះ​បណ្ដុះបណ្ដាល ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ដល់​អ្នកបើកបរ​ដឹក​ក​ម្មករ​និយោជិត និង​បងប្អូន​កម្មករ កម្មការិនី​សរុប​ចំនួន​១.៣៨៩​លើក ដែលមាន​អ្នកចូលរួម​សរុប​ប្រមាណ ២២៣.៣៨៦​នាក់ ក្នុងនោះ​មាន​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករនិយោជិត​ចំនួន​៥៤.១៥៣​នាក់​៕ ល​