រយៈពេល​បួន​ឆ្នាំ​ក្រសួង​ការងារ បណ្តុះបណ្តាល​និង​ហ្វឹកហ្វឺន​កូនជាង​សរុប​ប្រមាណ​៣១​ម៉ឺន​នាក់​ ​

278

(​ភ្នំពេញ) : មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ចាប់ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៦ ក្រសួង​បាន​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​កូនជាង​ដល់​កម្មករនិយោជិត សិក្ខាកាម សិស្ស និស្សិត សរុប​ចំនួន​ប្រមាណ ៣១​ម៉ឺន​នាក់ ក្នុងការ​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជាតិ​ស្តីពី​ការ អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ហៅ​កាត់​ធី​វ៉េ​ត (TVET)​។​

​ការលើកឡើង​ខាងលើ​របស់​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការផ្តល់​ធាតុ​ចូលទៅក្នុង​របាយការណ៍​វាយ តម្លៃ​លើ​ប្រព័ន្ធ​ហ្វឹកហ្វឺន​កូនជាង​និង​កម្មសិក្សា​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ​។

លោក​បានលើកឡើង​បន្តថា បច្ចុប្បន្ន​មាន​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន​១២ អង្គការ​មិនមែន​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​មួយចំនួន​កំពុងផ្តល់​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (​ធី​វ៉េ​ត​) សរុប​ចំនួន​៣២៥ ក្នុងនោះ​មាន​គ្រឹះស្ថាន​ក្រោម​ឱវាទ​ក្រសួង​ការងារ​ចំនួន​១១៣ ដែលមាន​គ្រឹះស្ថានសាធារណៈ​ចំនួន​៣៩ ក្នុង​គ្រឹះស្ថានសាធារណៈ​ចំនួន​១២ បានទទួល​វិញ្ញាបនបត្រ ISO 9001:2008 និង ISO 9001:2015​។​

​បណ្ឌិត ពេ​ជ សោភ័ន បានបញ្ជាក់​បន្ថែមថា ដោយឡែក​គោលបំណង នៃ​អង្គសិក្ខាសាលា នា​ថ្ងៃនេះ​គឺ​ក្នុង​គោលដៅ​មួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​យន្ត​ការដែល​មានចែ​ង​នៅក្នុង​ច្បាប់​ស្តីពី​ការងារ​តម្រូវ ឲ្យ​រោងចក្រ​សហគ្រាស​ដែលមាន​ពលករ កម្មករ និយោជិត​ចាប់ពី​៦០​នាក់ ត្រូវ​អនុវត្តន៍​កាត​កិច្ច​មួយ​គឺ​ការ ហ្វឹកហ្វឺន​កូនជាង​។ ការហ្វឹកហ្វឺន​កូនជាង​នេះ មិនមែន​មានតែ​កម្ពុជា​ទេ នៅ​បរទេស​ក៏មានដែរ​ដើម្បី​កែលម្អរ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ការងារ​របស់​ពលករ របស់​និយោជិត របស់​កម្មករ ហើយ​ដែល​យើង​មានចែង​ក្នុង​ច្បាប់​ការងារ​ដែល​ការអនុវត្តន៍​នៅមាន​ជួប​នៅ​បញ្ហា​មួយចំនួន​ដែល​ពិនិត្យ​និង​កែលម្អរ​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​យន្តការ ក៏ដូចជា​ការបំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ហ្វឹកហ្វឺន កូនជាង នៅតាម​សហគ្រាស​គ្រឹះស្ថាន​ឲ្យ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព​លើ​ធនធានមនុស្ស​ដើម្បី បន្ត​បង្កើន​ផលិតភាព​។​

​ស្របគ្នា​នេះដែរ លោកស្រី ម៉ា​ខុន​សេប​សិន សា​ដា​ណា (Ma oncepcion Sardana) ប្រធាន​ទីប្រឹក្សា បច្ចេកទេស នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ (​អាយ​ឡូ​) បាន​លើកឡើងថា ការអភិវឌ្ឍន៍ជំនាញ គឺមាន​សារសំខាន់​ក្នុង​ការកសាង​ជាមួយ​ការងារ​សមរម្យ ខណៈដែល​កម្ពុជា​ជា​ប្រទេស​មានការ​រីកចម្រើន ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​។ លោកស្រី​បន្តថា សហគ្រាស​ដែល​បានផ្តល់​វគ្គ​ណែនាំ​ពី​ការងារ​ដល់ក​ម្មករ និយោជិត​របស់គេ​រួចរាល់ ហើយ​កំពុង​រៀប​ចងក្រង​ឯកសារ​ដើម្បី​បំពេញ​តាម​តម្រូវការ​ច្បាប់ ប៉ុន្តែ​គេ​កត់ សម្គាល់ថា​ឯកសារ​ដែល​បំពេញ​នោះ​តិចជាង​ការបំពេញ​បែបបទ​ដើម្បី​ស្របតាម​ច្បាប់​ការងារ​៕ដោយ : ពៅ និមល​/sn

លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​- បណ្តាល​វិជ្ជាជីវៈ ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការផ្តល់​ធាតុ​ចូលទៅក្នុង​របាយការណ៍​វាយ តម្លៃ​លើ​ប្រព័ន្ធ​ហ្វឹកហ្វឺន​កូនជាង​និង​កម្មសិក្សា​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ​(​ពៅ និមល​)