រយៈពេល​ប្រាំ​ថ្ងៃ​មកនេះ​ នំ​បញ្ចុក​ខ្មែរ​មានការ​ក​ម្ម៉​ង់​ទុកជា​ហូ​ហែ

1073
ចែករម្លែក

ដោយ : ពៅ និមល​/​ភ្នំពេញ : អា​ជីក​រលក់​នំ​បញ្ចុក​(​សរសៃ​នំ​)​នៅ​ផ្សារ​ធំថ្មី ក្រុងភ្នំពេញ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​នំ​បញ្ចុក​ត្រូវបាន​លក់ដាច់​យ៉ាងខ្លាំង​និង​មានការ​ក​ម្ម៉​ង់​ទុកជា​បន្តបន្ទាប់​។​ក្នុង​មួយថ្ងៃ​លក់ដាច់​បាន​ចន្លោះ​២០០​ទៅ​៣០០​គីឡូក្រាម បើ​ប្រៀបធៀប​នឹង​សប្តាហ៍​កន្លងទៅ​លក់ដាច់​តែ​ចំនួន​ជិត​១០០​គីឡូ​ប៉ុណ្ណោះ​។​


​​អាជីវករ ស្រី​នាង បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ​ថា ភ្ញៀវ​ដែល​មក​ទិញ​នំ​បញ្ចុក​មាន​ពីរ​ប្រភេទ​គឺ​ភ្ញៀវ​ទូទៅ​និង​ម៉ូយ​ប្រចាំថ្ងៃ​នៅតាម​ផ្សារ​និង​ហាង​នានា​ក្នុង​ក្រុង​។​ប៉ុន្តែ​គិត​ចាប់ពី​ដើម​សប្តាហ៍​មក​បាន​លក់ដាច់​ខ្លាំង​រហូតដល់​៣០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​។​ក្នុងនោះ​សម្រាប់​ភ្ញៀវ​មិនមែន​ម៉ូ​យក​ម្ម៉​ង់​ទុក​មុន​ពី​២០​ទៅ​៣០​គីឡូ​។ ដោយឡែក​ចំពោះ​ម៉ូយ​ប្រចាំថ្ងៃ​បានក​ម្ម៉​ង់​ចំនួន​លើសពី​ថ្ងៃ​ធម្មតា ១០ ទៅ​២០​គីឡូ ឬ​លើស​ហ្នឹង​ក៏មាន​។​


​​ជួប​ជាមួយ​អាជីវករ​ម្នាក់​ផ្សេងទៀត ​អ្នកនាង ដា​ណេ បាន​រៀបរាប់​ស្រដៀង​គ្នា​ថា ក្រោយ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​​ ប្រកាសថា​ហូប​នំ​បញ្ចុក​សាមគ្គីភាព ​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ​នំ​បញ្ចុក​លក់ដាច់​ច្រើន​រហូតដល់​ទៅ​៣០០​ទៅ​៤០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​ ដែល​ខុសពី​របី​ថ្ងៃ​កន្លងទៅ​លក់ដាច់​តែ​ចំនួន​ជាង​១០០​គីឡូ​ប៉ុណ្ណោះ​។​


​លោក លាង ឆេង​ហ័​រ ដែលមាន​លក់​បោះ​ដុំ​និង​រាយ​នូវ​នំ​បញ្ចុក​ក្រៀម បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គិត​ចាប់ពី​ថ្ងៃទី​២​រហូតដល់​ថ្ងៃទី​៧​ខែមិថុនា បាន​លក់​ចេញ​ជាង​២០​កេសហើយ ។​ដោយ​ក្នុង​មួយ​កេស ស្មើនឹង​១៥​គីឡូក្រាម ដែល​ពីមុនមក​រយៈពេល​ដូចគ្នា​លក់ដាច់​តែ​ប្រាំ​កេស​។​


​តាម​កត់សម្គាល់​នៅតាម​ទីសាធារណៈ អ្នកលក់​និង​អ្នកទទួល​នំ​បញ្ចុក​បាន​អះអាងថា​នំ​បញ្ចុក​នៅ​ទីកន្លែង​ណា​ក៏​លក់​ដាច់​ដែរ​​​ មិន​ត្រឹមតែ​នំ​បញ្ចុក​មួយ​មុខ​នោះទេ សូម្បីតែ​បន្លែ​បន្លុក និង​អ្នកលក់​គ្រឿងទេសក៏​លក់ដាច់​ដែរ​។​
​ ​

សូមបញ្ជាក់ថា កាលពីពេល​កន្លងទៅនេះ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជា​ផ្លូវការ​ថា នឹង​យក​ថ្ងៃទី​៩ ខែមិថុនា​ខាងមុខ ហូប​នំ​បញ្ចុក​ទាំងអស់គ្នា ពិសេស​នៅតាម​ទី​វត្ត​អារាម​។​សូម​រៀបចំ​ចង្ហាន់​ជា​នំ​បញ្ចុក​ដើម្បី​ផ្ដល់​ភាពសប្បាយ​ជុំគ្នា​សម្រាប់​ពលរដ្ឋ​គ្រប់រូប បង្ហាញ​ពី​សាមគ្គី​ជាតិ ឯកភាព​ជាតិ​រួមគ្នា​ ដោយ​ពុំមាន​ការរើសអើង ឬ​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ហើយ​នំ​បញ្ចុក​ជា​អត្តសញ្ញាណ​ជាតិ​ ដោយ​មិនគួរ​ឲ្យ​នំ​បញ្ចុក​ក្លាយទៅជា​បញ្ហានយោបាយ​នោះទេ​៕សរន/Ha