ដោយ: មុនីរ័ត្ន / ភ្នំពេញ: យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ រយៈពេលថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២១ ខែកក្កដា គឺបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានការសហការគ្នាបានល្អរវាងគណបក្សនយោបាយ និងអាជ្ញាធរដែលពាក់ព័ន្ធ។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ថា រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២១ ខែកក្កដា នៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តបានល្អប្រសើរ មានការយោគយល់គ្នារវាងគណបក្សនយោបាយ មិនមានការប៉ះទង្គិចគ្នាណាមួយនៅពេលហែក្បួនឃោសនា និងមានកិច្ចសហប្រតិបត្តិការល្អរវាងគណបក្សនយោបាយ អាជ្ញាធរដែនដី និងមន្ត្រីរៀបចំការបោះឆ្នោត។
លោកបានបន្តថា ទាក់ទងការឃោសនាបោះឆ្នោត គឺមានបណ្តឹងមួយចំនួននៅតាមបណ្តាខេត្ត ប៉ុន្តែបណ្តឹងទាំងនោះត្រូវបានបញ្ចប់នៅថ្នាក់ឃុំ សង្កាត់ រៀបចំការបោះឆ្នោត ទៅតាមនីតិវិធី រហូតការប្តឹង គឺមិនប្តឹងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែម្តងទេ នីតិវិធីត្រូវប្តឹងទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត បើដោះស្រាយមិនចេញ បានឡើងមកដល់គណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ ហើយក្នុងប៉ុន្មានថ្ងៃនេះ គឺមានបណ្តឹងតែមួយទេ ឡើងមកពីឃុំមកខេត្ត នៅក្នុងខេត្តព្រៃវែង ករណីគគណបក្សនយោបាយមួយប្តឹងថា មានប្រជាពលរដ្ឋជេរប្រមាថ និងគំរាមកំហែងដល់សកម្មជនរបស់ខ្លួន។សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺមានរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង៕ ល