រយៈពេល​២​ថ្ងៃ​ចោរ​គាស់​ផ្ទះ​អស់​២​ម្ចាស់​យក​ទ្រព្យសម្បត្តិ​មួយចំនួន​ហើយ​គេចខ្លួនបាត់

418
ចែករម្លែក

​​ដោយ:​គ្រញូង​/​បាត់ដំបង​ ៖ ​រយៈពេល​២​ថ្ងៃ​ពីថ្ងៃ​ទី​១​និង​២​ ខែ​មករា ​ឆ្នាំ​២០១៩ ​ក្រុមចោរ​បានធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​បង្អួច​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ហើយ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​។​

សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​បានឲ្យដឹងថា ​ករណី​ទី​១​កើតឡើង​ចន្លោះ​ពី​ម៉ោង​៨​ទៅ ម៉ោង​៩​យប់​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អង់​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង ​មាន​ក្រុមចោរ​មិនដឹង​ចំនួន​នាក់​បានគាស់​ទម្លុះ​ឥដ្ឋ​ខ្យល់ ចូល​លួច​យក​ទ្រព្យសម្បត្តិ​មួយ​​ចំនួន​។ ​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ឥន សា​ឡូ​ន​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​នៅ​ភូមិ​អង់​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​។ ​ចំណែក​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន​លុយ​ខ្មែរ​៣លាន​រៀល លុយ​អាមេរិក​ចំនួន​៤០០​ដុល្លារ​ហើយ​រត់គេចខ្លួន​អស់​។​

លើក​ទី​២​ចន្លោះ​ពី​ម៉ោង​៨​ទៅ​៩​ព្រឹក​មាន​ជន​សង្ស័យ​មិនដឹង​ចំនួន​បានគាស់​បង្អួច​ចូល​លួច​ទ្រព្យសម្បត្តិ​មួយចំនួនធំ​របស់លោក​ជា សា​រ៉ាវុធ​ អាយុ​៣៩​ឆ្នាំ​ នៅ​ភូមិ​រាម​គន់​ ឃុំ​គារ ​ស្រុក​មោង​ឬ​ស្សី​ មុខងារ​មន្ត្រី​សាលាស្រុក​មោង​ឬ​ស្សី​ និង​ប្រពន្ធ​ជា​អ្នកលក់ដូរ​នៅ​ផ្សារ​មោង​។​ ទ្រព្យ​សម្បត្តិ​ដែល​បាត់បង់​មាន​លុយ​ខ្មែរ​ចំនួន​៣៩​លាន​រៀល លុយ​ដុល្លារ​៣​ពាន់​ដុល្លារ​និង​លុយ​ថៃ​២​ម៉ឺន​បាត​។​បន្ទាប់ពី​យក​ទ្រព្យសម្បត្តិ​រួច​នាំគ្នា​គេចខ្លួន​បាត់អស់​មិន​រំខាន​ដល់​សមត្ថ​កិច្ច​​ឡើយ​។​

លោក ​ជេ​ត វណ្ណ​នី​ ស្នងការរង​ខេត្ត​ទទួល​បន្ទុក​ផែន​យុត្តិធម៌​បានបញ្ជាក់​ថា​ករណី​ចោរ​ចូល​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​២​គ្រួសារ​នៅ​ដើមខែ​មករា ​ឆ្នាំ២០១៩​នេះ​ លោក​បាន​ចាត់​តាំង​កម្លាំង​ចុះ​ស្រាវជ្រាវ​ ដើម្បី៎​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕B/