រយៈពេល​៤​ថ្ងៃ​នៃ​យុទ្ធនា​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើហិង្សា​

370
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅក្នុង​រយៈពេល​៤​ថ្ងៃ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើហិង្សា នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ ការឃោសនា​នេះ មាន​រយៈពេល ៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧-២៤ ខែឧសភា ឆ្នាំ​២០១៩ មាន​រយៈពេល​។​

​គណៈ​កក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា សម្រាប់​ការឃោសនា នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​៤ នៃ​ការឃោសនា​រក​សំឡេងឆ្នោត មាន​គណបក្សនយោបាយ ចំនួន ៦ បានធ្វើ​សកម្មភាព​ឃោសនា​នៅតាម​មណ្ឌល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម​៖
១. គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​សកម្មភាព​ប្រជុំ​ជាមួយ​សមាជិក សមាជិកា​បក្ស បេក្ខជន​ឈរឈ្មោះ ចាក់​មេក្រូ​ផ្សព្វផ្សាយ​គោលនយោបាយ​នៅតាម​ទីស្នាក់ការ​បក្ស​ក្នុង​រាជធានី ខេត្ត​ចំនួន ១៧ រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ សៀមរាប ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង រតនគិរី ពោធិ៍សាត់ ឧ​ត្ត​រ​មានជ័យ កែប មណ្ឌលគិរី ព្រៃវែង តាកែវ ប៉ៃលិន ព្រះសីហនុ ក្រចេះ និង​ខេត្តកំពង់ស្ពឺ ដោយមាន​អ្នកចូលរួម​សរុប ៥,៣៤៦​នាក់​។ ២. គណបក្ស ឆន្ទៈ​ខ្មែរ បានធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ចល័ត នៅ​ខណ្ឌដូនពេញ និង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ ១០​នាក់ រថយន្ត ១​គ្រឿង ម៉ូតូ ៧​គ្រឿង និង​រ៉ឺម៉ក​កង់​បី ៦​គ្រឿង​។ ៣. គណបក្ស​សញ្ជាតិ​កម្ពុជា បានធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​នៅតាម​ក្រុង ស្រុក ក្នុង​ខេត្ត​ត្បូងឃ្មុំ ពោធិ៍សាត់ រតនគិរី និង​ខេត្តកំពង់ស្ពឺ និង​ធ្វើការ​ជួបប្រជុំ​នៅ​ទីស្នាក់ការ​បក្ស និង​ចែក​ខិត្តប័ណ្ណ នៅ​ខេត្ត​ប៉ៃលិន និង​ខេត្តតាកែវ ដោយមាន​អ្នកចូលរួម ៣១០​នាក់ រថយន្ត ១២​គ្រឿង និង​ម៉ូតូ ៧​គ្រឿង​។ ៤. គណបក្ស​យុវជន​កម្ពុជា បានធ្វើ​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​គោលនយោបាយ នៅ​ឃុំ​ចំនួន ៤ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​អ្នកចូលរួម​សរុប ៦​នាក់​។ ៥. គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានធ្វើ​សកម្មភាព​ជួបប្រជុំ​សមាជិក សមាជិកា​បក្ស បេក្ខជន​ឈរឈ្មោះ នៅ​ឃុំ​ព្រៃ​ក្មេង ក្នុងស្រុក​ភ្នំស្រួច និង​ឃុំ​ស្វាយ​រំពារ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ នៅ​ខេត្តក្រចេះ ដោយមាន​អ្នកចូលរួម​សរុប ៩៨​នាក់​។ ៦. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា ចេញពី​ភូមិ​បាញ់​កង្កែប ឃុំ​ត្រពាំង​កង ទៅ​ស្រុក​ឧដុង្គ និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយមាន​អ្នកចូលរួម​សរុប ២០​នាក់ រថយន្ត ២​គ្រឿង និង​ជួបជុំ​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រៃ​ស និង​ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។​

​ជារួម​បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នាឱកាស​ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ នៅ​ថ្ងៃទី​៤ នេះ ត្រូវបាន​ធានា ហើយ​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើហិង្សា នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​៕ ល​