រយៈពេល​៨​ថ្ងៃ​: ដំណើរការ​ឃោសនាបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ការគំរាមកំហែង​

1238
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​របៀបរៀបរយ​ល្អ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង គណបក្សនយោបាយ​គោរព​ក្រមសីលធម៌​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​មាន បណ្តឹង​ចំនួន​០៥ តែ​ត្រូវបាន​ដោះស្រាយ​នៅ​ថ្នាក់ឃុំ សង្កាត់​។​

​លោក​ហង្ស ពុទ្ធា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង ថា ដំណើរការ​ឃោសនាបោះឆ្នោត រយៈពេល​៨​ថ្ងៃ គឺ​បាន​ប្រព្រឹត្តទៅ​មាន​របៀបរៀបរយ មិនមាន​អ្វី​កើតឡើង​ធ្ងន់ធ្ងរ បង្ហាញ​អំពី​ភាពមិនប្រក្រតី នៃ​ការហែក្បួន​ឃោសនា និង​ការឃោសនាបោះឆ្នោត​នោះទេ​។ ហើយ​នៅ​ទូទាំងប្រទេស​មាន​បណ្តឹង​ចំនួន​៥ ប៉ុន្តែ​បណ្តឹង​ទាំងអស់​កំពុង​ដោះស្រាយ និង​បាន​ដោះស្រាយ​ហើយ​ជា​បណ្តើរៗ​ហើយ​ដែរ នៅត្រឹម​ថ្នាក់ឃុំ សង្កាត់ គឺ​មិនទាន់មាន​បណ្តឹង​ណា​ឡើង​មកដល់​ថ្នាក់​ខេត្ត​នៅឡើយ​ទេ​។

លោក​បាន​បញ្ជាក់ថា ពាក្យបណ្តឹង​ចំនួន​៥ គឺ​នៅ​ក្រុង​បាន​ឡុង ខេត្ត​រតនគីរី មាន​ចំនួន​៣​ករណី ដោយ​ក្នុងនោះ​មាន​ពីរ​ករណី ចៅសង្កាត់​បាន​ប្តឹង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចាក់​មេក្រូ​តាម​ទីសាធារណៈ​ដោយ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ និង​មួយ​ករណី​ទៀត គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្តឹង​ចៅសង្កាត់ ដែល​ទៅ​ចាប់យក​ឧបករណ៍​បំពង​សម្លេង​។ នៅ​ខេត្តកណ្តាល មាន​មួយ​ករណី គឺ​ប្រជាពលរដ្ឋ​បាន​យក​ដុំថ្ម​ទៅ​គប់​ឧបករណ៍​បំពង​សម្លេង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ នៅ​ខេត្តកំពត មាន​មួយ​ករណី គឺ​ខាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្តឹង​គណបក្សនយោបាយ​មួយ​យកលុយ​ទៅ​ចូល​បុណ្យសព​ប្រជាពលរដ្ឋ​ដែល​ស្លាប់ (​ពាក់អាវ ពាក់​មួយ​គណបក្ស​ទៅ​ចូល​ប​បុណ្យ​) ប៉ុន្តែ​ករណីនេះ​ខាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ដក​ពាក្យបណ្តឹង​វិញ​ហើយ​។​

​ទាក់ទង​ការលើកឡើង​មួយចំនួន​អំពី​ការសម្រួល​ចរាចរណ៍ ពេល​ឃោសនា​របស់​គណបក្សនយោបាយ ត្រូវបាន​អ្នកនាំពាក្យ​គ​.​ជ​.​ប អះអាងថា គ​.​ជ​.​ប និង​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីណែនាំ​ឲ្យ​មានការ​សហការគ្នា រវាង​អាជ្ញាធរ​ជាមួយ​ខាង​គណបក្សនយោបាយ និង​ខាង​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​។

​ជាមួយគ្នានេះ អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​អំពាវនាវ​សូម​ឲ្យ​គណបក្សនយោបាយ និង​អាជ្ញាធរ​ដែនដី ព្រមទាំង​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ សង្កាត់ និង​រាជធានី ខេត្ត សហការគ្នា​ដោះស្រាយ​បញ្ហា និង​មានការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក និង​ចេះ​យោគយល់​គ្នា​៕ ល​