រយ​:​ពេល​បី​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំថ្មី​មាន​ជនរងគ្រោះ​ស្លាប់​ចំនួន​ប្រាំបួន​នាក់​ក្នុង​ខេត្តកំពង់ចាម​

1691
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​: បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ទូទាំង​ខេត្តកំពង់ចាម​ដែលមាន​ស្រុក ក្រុង​សរុប​ចំនួន ១០ នោះបាន​លេចឡើង​នូវ​ព្រឹ​ត្ត​ការណ៍​ផ្សេងៗ​ដូចជា​ករណី ឃាតកម្ម គ្រោះថ្នាក់​ចរាចរ លង់ទឹក អត្តឃាត និង​អគ្គិ​ស​ភ័យ​ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ចំនួន ប្រាំបួន នាក់ និង​របួស​ចំនួន ១៤ នាក់​។​

​មន្ត្រីនគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ក្នុងនោះ​ជនរងគ្រោះ​ស្លាប់​ក្នុងករណី​ឃាតកម្ម គឺមាន​សាកសព​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ មាន​កម្ពស់ ១,៤២ ម៉ែត្រ ត្រូវបាន​ឃាតក​វាយ​បណ្តាល​ឲ្យ​ស្លាប់​ពី​កន្លែង​ផ្សេង​។​សព​គេ​យកមក​ទម្លាក់ចោល និង​ត្រូវបាន​ប្រទះឃើញ​កាលពី​យប់​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០១៨​នៅ​ម្តុំ​ភ្លើងស្តុប ស្ថិតក្នុង​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​កាលពី​យប់ គឺ​មកដល់​ថ្ងៃទី ១៨ មេសា​នេះ​សមត្ថកិច្ច​បាន​អំពាវនាវ​រក​អត្តសញ្ញាណ ឬ​សាច់ញាតិ​។​

​ប្រភពព័ត៌មាន​នោះបាន​ឲ្យ​ដឹង​ទៀតថា​ក្រៅពីនោះ​ករណី​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ចំនួន​១០​លើក​គឺមាន​គ្រោះថ្នាក់​ចរាចរ​ចំនួន​ប្រាំមួយ​លើក​បណ្តាល​ឲ្យ​បុរស​ស្លាប់​ចំនួន បី នាក់ និង​របួសធ្ងន់​ចំនួន ១០ នាក់ និង​របួសស្រាល​ចំនួន បួន នាក់​។ ដោយបាន​កើតឡើង​នៅ​ស្រុក​បាធាយ ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ​។​

ប្រភព​ដដែល​បាន​បន្តថា ករណី​លង់ទឹក​មាន​ចំនួន មួយ​លើក​បណ្តាល​ស្លាប់​ស្ត្រី​ចំនួន ៣ នាក់​និង​បុរស​ចំនួន​ម្នាក់​នៅ​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម​ក្នុង​ថ្ងៃទី ១៤ មេសា​។ ករណី​អត្តឃាត​មាន​ចំនួន​មួយ​លើក​បណ្តាល​ឲ្យ​ស្លាប់​បុរស​អាយុ ៨៥ ឆ្នាំ​ម្នា​ក់នៅ​ស្រុក​កោះសូទិន​។ ករណី​ជិះ​ម៉ូតូ​ដួល​ស្លាប់​មនុស្ស​ម្នាក់​ចំនួន​មួយ​លើក​នៅ​ស្រុក​កំពង់សៀម និង​អគ្គិ​ស​ភ័យ​ចំនួន​លើក​ឆេះ​ផ្ទះមួយ​ខ្នង នៅ​ស្រុក​កំពង់សៀម​ដែរ​។​
​ ​
គួរ​កត់សម្គាល់ថា ឆ្នាំ​២០១៨​នេះ​ខេត្តកំពង់ចាម​ចំនួន​បី​ថ្ងៃ នៃ​បុណ្យចូលឆ្នាំថ្មី​ដូចគ្នា​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ ២០១៧ គឺ​ករណី​ឃាតកម្ម​បាន​ថយចុះ​ចំនួន បី លើក​។ ប៉ុន្តែ​បាន​ឡើង​ករណី​គ្រោះថ្នាក់​ចរាចរ គឺ​កើនឡើង​ចំនួន ប្រាំ​លើក​ដែល​បណ្តាលមកពី​ខ្វះ​ការប្រុងប្រយ័ត្ន និង​ប្រើប្រាស់​ល្បឿន​ហួសការ​កំណត់​៕S/

​រយ​:​ពេល​បី​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំថ្មី​មាន​ជនរងគ្រោះ​ស្លាប់​ចំនួន​ប្រាំបួន​នាក់​ក្នុង​ខេត្តកំពង់ចាម​


​ ​