រលក​កម្តៅ​នៅ​អឺរ៉ុប ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រ​ទុយ​ហ្គា​ល់​ជិត​រលត់​ទាំងស្រុង​, ទីក្រុង​៣​នៅ​បារាំង​ហាម​ឡាន​ចាស់ៗ​មិនឱ្យ​បើកបរ​លើ​ដងផ្លូវ

562
ចែករម្លែក
  • 6
    Shares

​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​កាន់តែ​ខិតជិត​ទៅរក​ការគ្រប់គ្រង​ទាំងស្រុង​លើ​ភ្លើង​ឆេះ​ព្រៃ​រយៈពេល ៤ ថ្ងៃ​នៅក្បែរ​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​សីហា ខណៈដែល​អាកាសធាតុ​ក្តៅ​ហួតហែង​កំពុង​វាយប្រហារ​យ៉ាងខ្លាំង​លើ​ផ្នែក​ភាគច្រើន​នៅ​អឺរ៉ុប​។​

​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​ព័រ​ទុយ​ហ្គា​ល់​បាន​និយាយថា អ្នក​ពន្លត់អគ្គីភ័យ​បាន​គ្រប់គ្រង​ភ្លើងព្រៃ​បាន ៩៥ ភាគរយ​នៅតាម​ចង្កេះភ្នំ​នៅ​ស្រប​បណ្តោយ​ឆ្នេរ​អាល់​ហ្គា​វ ភាគខាងត្បូង​របស់​ប្រទេស ទោះបីជា​ពួកគេ​មានការ​បារម្ភ​អំពី​ការឆាបឆេះ​ឡើងវិញ និង ការផ្លាស់ប្តូរ​ទិស​ខ្យល់​ក៏ដោយ​។​

​ដំណឹង​នេះ​បាន​នាំមក​នូវ​ការ​ធូរស្បើយ​អារម្មណ៍​ដល់​អ្នកស្រុក​និង​អ្នកទេសចរ​ដែល​បាន​ចំណាយពេល​តានតឹង​ក្នុង​ចិត្តច្រើន​ជាច្រើន​ម៉ោង​បន្ទាប់ពី​យប់​ថ្ងៃអាទិត្យ​ខណៈដែល​អគ្គិភ័យ​ដ៏​ធំ​បាន​ឆ្លងកាត់​ជាយក្រុង ម៉ុ​ន​ឈី​ក ដែលមាន​ប្រជាជន ២.០០០ នាក់ ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​លី​ស​ប៊​ន ២៥០ គីឡូម៉ែត្រ​។​

​ផ្សែងខ្មៅ​ពី​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំងក្លា​អាច​មើលឃើញ​ពី​ឆ្នេរ​ដ៏​ល្បីល្បាញ​នៃ​តំបន់​អាល់​ហ្គា​វរ​បស់​ព័រ​ទុយ​ហ្គា​ល់​។​

​ខណៈដែល​ផ្សែង​ចាប់ផ្តើម​បាត់អស់​បន្តិច​ម្តងៗ​កាលពី​ថ្ងៃ​ចន្ទ យន្តហោះ ១៣ គ្រឿង​បាន​ចូលរួម​ធ្វើ​សកម្មភាព​ពន្លត់អគ្គីភ័យ រួមទាំង​យន្តហោះ​ទម្លាក់​ទឹក​ខ្នាត​ធំ​ចំនួន​២ ដែល​ត្រូវបាន​បញ្ជូន​ដោយ​អេ​ស្ប៉ា​ញ​។ អ្នក​ពន្លត់អគ្គីភ័យ​ជាង ១.១០០ នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អគ្គីភ័យ​នេះ​។​

​អាជ្ញាធរ​បាន​និយាយថា មនុស្ស ៤៤ នាក់​ត្រូវការ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ រួមទាំង​ស្ត្រី​អាយុ ៧២ ឆ្នាំ​ម្នាក់ ដែល​រងរបួស​ធ្ងន់​។​

​អគ្គីភ័យ​នេះ​បានកើត​ឡើង​ចំពេល​រលក​កម្តៅ​បង្កឡើង​ពី​ខ្យល់​ក្តៅ​ដ៏​សម្បើម​មកពី​អាហ្វ្រិក​ខាងជើង ដែលនាំឱ្យ​សីតុណ្ហភាព​នៅ​ព័រ​ទុយ​ហ្គា​ល់​និង​អេ​ស្ប៉ា​ញ​ឡើង​ជាង ៤៥ អង្សា​កាលពី​ចុង​សប្តាហ៍​។​

​ផ្នែក​ផ្សេងទៀត​នៃ​ទ្វីបអឺរ៉ុប​ក៏​ទទួលរង​ឥទ្ធិពល​នៃ​រលក​កម្តៅ​នេះ​ផងដែរ​។​

​នៅ​ប្រទេស​បារាំង កន្លែង​ដែល​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន​៤​ត្រូវបាន​បិទ​បណ្ដោះអាសន្ន​ដោយសារ​រលក​កម្តៅ​នោះ ទីក្រុង​ចំនួន​៣​បាន​ហាមឃាត់​រថយន្ត​ដែល​បំពុលបរិយាកាស​បំផុត​ពី​ដងផ្លូវ ដោយសារតែ​ការបំពុល​អូហ្សូន​ទាក់ទង​នឹង​កម្ដៅ​។ នៅ​ទីក្រុង​ប៉ារីស​និង​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក ការហាមឃាត់​នេះ​គឺពាក់ព័ន្ធ​នឹង​យានយន្ត​ដែលមាន​អាយុ ១២ ឆ្នាំ និង​ច្រើនជាង​នេះ ខណៈ​នៅ​ទីក្រុង​លី​យ៉ុង មានតែ​រថយន្ត​ដែល​បិត​ស្លាក​សញ្ញា​ខ្យល់​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​អនុញ្ញាតឱ្យ​បើកបរ​៕ ដោយ៖ កញ្ញាដាលីស

ភ្លើងព្រៃ​នៅ​ព័រ​ទុយ​ហ្គា​ល់​ពន្លត់​បាន ៩៥ ភាគរយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ