រវល់​តែ​ដេក​យល់សប្តិ​ស្រួល ភ្ញាក់ឡើង​នៅលើ​យន្តហោះ​តែម្នាក់ឯង​

388
ចែករម្លែក

​ស្ត្រី​ម្នាក់​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​មួយ​របស់ក្រុមហ៊ុន​អាកាសចរណ៍ កាណាដា (Air Canada) កាលពី​ដើមខែ​នេះ ប៉ុន្តែ​គាត់​បាន​ដេកលក់ បន្ទាប់ពី​យន្តហោះ​បាន​ហោះ​ឡើង ហើយ​ដល់ពេល​ដឹងខ្លួន​វិញ ស្រាប់តែ​គេ​ចុះ​អស់​នៅសល់តែម្នាក់ឯង​នៅលើ​យន្តហោះ​។​
​ ​
បទពិសោធន៍​គួរឱ្យ​ហួសចិត្ត​របស់​អ្នកស្រី ទី​ហ្វា​នី អាដាម​ស៍ (Tiffani Adams) ត្រូវបានមិត្តភក្តិ​ម្នាក់​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​ធ្វើឱ្យមានប្រតិកម្ម​ភ្ញាក់ផ្អើល​ពី​បណ្តា​អ្នកអាន ហើយ​ពួកគេ​ថែមទាំង​បានស្នើ​សុំ​ព័ត៌មាន​លម្អិត​ពីក្រុមហ៊ុន​ទៀតផង​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផូស​នោះបាន​ឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ អ្នកស្រី ទី​ហ្វា​នី អាដាម​ស៍ បាន​ជិះ​យន្តហោះ​ពី​ទីក្រុង​កេ​ប៊ិក ប្រទេស​កាណាដា​ទៅកាន់​អាកាសយានដ្ឋា​ន​អន្តរជាតិ​ក្រុង​តូ​រ៉ុ​ន​តូ (Toronto Pearson International Airport) ប្រទេស​នេះ ហើយ​គាត់​ក៏​ដេកលក់​លើ​យន្តហោះ ដល់​តែ​ភ្ញាក់ឡើង​ទើប​ដឹងថា​អ្នកដំណើរ​បាន​ចុះអស់​មិនដឹង​តាំងពី​ពេលណា​។ ពេលនោះ ប្រព័ន្ធ​អគ្គិសនី​ក្នុង​យន្តហោះ​ក៏​បិទ​អស់ ងងឹតឈឹង ធ្វើឱ្យ​គាត់​ស្រវា​រក​របស់របរ​ផ្ទាល់ខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ​ទម្រាំ​តែ​រក​ផ្លូវ​ចុះពី​យន្តហោះ​ឃើញ​។

​ទាក់ទិន​ឧប្បត្តិ​ហេតុនេះ ក្រុមហ៊ុន​បានចេញ​មុខ​សុំទោស និង​ប្រាប់​ទូរទស្សន៍ CTV News ថា ពេលនេះ​ខ្លួន​កំពុង​ស៊ើបអង្កេត​នៅឡើយ ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិតបន្ថែមទៀត​ទេ​៕ ប្រែ​សម្រួលៈ ខុម/Ha