រស់ជាតិតែនៅកោះជេជូ គឺមិនធម្មតា

1028
ចែករម្លែក

ដោយៈ​ពិស្តារ​/​កោះជេជូ៖  តែត្រូវបាន​គេដឹងថា គឺជាភេសជ្ជៈ​ម្យ៉ាង ដែលគេយក​ស្លឹក​រុក្ខជាតិ ឫ មែក ឫ សំបក យកមក​ឆុង​ជាមួយ​នឹងទឹកក្តៅ​ដែលគេ​ដាំពុះ ហើយត្រូវ​បានគេដឹង​ថា វាមាន​ប្រភព នៅអាស៊ី​ខាងកើត ដោយរួម​ទាំងចិន ជប៉ុន កូរ៉េ ហើយបើ​និយាយអំពី​ប្រទេសដែល​កំពុងតែ រកចំណូល​ពី តែនេះ គឺមានច្រើន​ប្រទេស ដោយរួម​ទាំង​ឥណ្ឌា និង បណ្តា​ប្រទេស​នៅ​អាស៊ី អគ្នេយ៍​ផង​ដែរ ។

សិល្បៈនៃការឆុងតែ របស់កូរ៉េនៅលើកោះជេជូ

កាលពី​សម័យ​ដើម តែមិនមែន​ជាភេសជ្ជៈ​សម្រាប់​មនុស្ស​ទូទៅ​ទទួលទាន​នោះទេ​ វាត្រូវបាន គេចាត់​ទុកថា ជាឱសថ​ម្យ៉ាង ប៉ុន្តែក្រោយ​មក ក៏បាន​ក្លាយជា​ភេជ្ជៈ​ ហើយបាន​វិវន្តន៍​ក្លាយទៅ​ជា ភេសជ្ជៈ​ដែលទទួល​ស្គាល់ជា​អន្តរជាតិ ។ តែមាន​ច្រើន​ប្រភេទ​ និង ដាំនៅ​ប្រទេស​ជា ច្រើន ហើយកម្ពុជា​យើងក៏ធ្លាប់​មានចំការ​តែខ្លួនឯងដែរ ។ តែមាន​ច្រើនប្រភេទ ច្រើនយ៉ាង ហើយក៏មាន​រស់ជាតិ​ផ្សេងៗគ្នាទៅ​តាម ដី តាមអាកាស​ធាតុ តាមទីតាំង​ភូមិសាស្រ្ត​នៃ​ចំការ ប៉ុន្តែ ដោយឡែក​តែនៅ​កោះជេជូ ដែលជាកោះរមណីដ្ឋាន​ទេសចរណ៍​ធម្មជាតិ ​និង ​ប្រវត្តិសាស្រ្ត មួយរបស់ប្រទេស​កូរ៉េខាង​ត្បូង ក៏មានរស់ជាតិ​មិនធម្មតា​មួយដែរ ។

កោះជេជូ ដែលគេដឹងថា គឺជាកោះ​ដែលមាន​ផ្ទៃដី​ធំជាង​គេនៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​មានផ្ទៃដី​ប្រមាណ​ជា ១.៨២៦ គម២ និង មាន​ប្រជាពល​រដ្ឋ​ប្រមាណ​ជា ៦២០.០០០ ​នាក់ត្រូវបាន​គេដឹង​ថា តែ គឺជាផលិត​ផលមួយ នៅក្នុង​ចំណោម​ផលិតផល​ផ្សេងឯ ដែល​​មាន​នៅលើកោះ​នេះ ​រួមទាំង​ក្រូចក្វិច គ្រឿង​សមុទ្រ​ស្រស់ៗ និង ផ្សិត​ម្យ៉ាង​ជាដើម ។


ចំការតែ ស៊ូវ៉ាង ( Seogwang )ដ៏ធំល្វឹង​ល្វើយ ​នៅតំបន់ អូ សូឡុក នៅលើ​កោះជេជូ

ដោយសារ​តែទីតាំង​ភូមិសាស្រ្ត​នៅ​កណ្តាល​សមុទ្រ មាន​ខ្យល់​អាកាសល្អ ​មាន​បរិស្ថានដ៏​បរិសុទ្ធ នៅក្នុង​មួយ​ឆ្នាំៗ កោះនេះ​គឺបាន​ទាក់ទាញ​ភ្ញៀវទេសចរ​ ប្រមាណ​ជា ​១៥ លាន​នាក់ នៅក្នុងមួយឆ្នាំ ហើយនៅ​ពេលដែល​មកដល់​កោះនេះ ​ភ្ញៀវទេសចរ​ទាំងជាតិ និង អន្តរជាតិ​កម្រ មើលរំលង និង មិនភ្លេច​នៅក្នុង​ការមក​ភ្លក់រស់ជាតិ​តែ ការ៉េម​រស់ជាតិ​តែ ក៏ដូចជា​ផលិតផល កែច្នៃផ្សេងៗ​ទៀតអំពី​តែនៅ​លើកោះ  ។

តែនិងបង្អែមច្នៃចេញពីតែបៃតងនៅលើកោះជេជូ

ដោយមើល​ឃើញនូវ​សក្តានុពល​នៃឧស្សាហកម្ម​តែ នៅលើ​កោះ ក្រុមហ៊ុន ​អាមួ ប៉ាស៊ីហ្វិក(Amore Pacific ) ក៏បាន​បើកដំណើរ​ការនូវ​សារៈមន្ទីរ​តែមួយ ដែលមាន​ឈ្មោះថា សារៈមន្ទីរ អូ សូឡុក (O’sulloc Tea Museum ) ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងចំការតែ ស៊ូវ៉ាង ( Seogwang )ដ៏ធំល្វឹង​ល្វើយ ​នៅតំបន់ អូ សូឡុក នៅលើ​កោះជេជូ ។ សារៈមន្ទី​នេះមាន​អាយុកាល​ ១៨ ឆ្នាំហើយ ក្រោយ​ពេល​ដែលចាប់​ផ្តើមដំណើការ​ឡើងតាំង​តែពី ​ឆ្នាំ ២០០១ មក ។ នៅក្នុង​មួយឆ្នាំៗ សារៈមន្ទីរតែ​មួយនេះ អាចទាក់ទាញ​អ្នកទេសចរ​ទាំងនៅ​ក្នុងស្រុក និង បរទេស​ ប្រមាណ​ជា ១,៥ លាននាក់ ។ ដោយពួកគេ​មកភ្លក់​រស់ជាតិ​តែ និង អាហារ​ព្រមទាំង​បង្អែមដែល​កែច្នៃ ឫ យកតែមកផ្សំ​ជាច្រើន​ប្រភេទ បូករួមនឹង​សកម្មភាព​កំសាន្តផ្សេងៗ​ជាច្រើន​ទៀត ដោយរួមទាំងពិធី​បង្ហាញ​អំពិវប្បធ​ម៌នៃការ ​ឆុងតែ នៅលើ​កោះជេជូ ​ទេសភាព​បៃតងនៃ​ចំការតែ ​ក្លិនដ៏ពិដោរ​នៃតែ និង កន្លែង​កែច្នៃ​ផ្សេងៗ​ទៀតសម្រាប់​ទាក់ទាញ​ទេសចរជា​ច្រើនទៀត ដែលគេអាចវាយ​តម្លៃឲ្យថា គឺជាកន្លែង​អេកូទេសចរ និង អេកូសេដ្ចកិច្ច​មួយដ៏សំខាន់ នៅលើកោះជេជូ ។ ហើយក្រៅ​ពីនោះ ពួកគេ​ក៏អាច​ភ្លក់រស់​ជាតិ​តែ និង អាហារ​កែច្នៃ នៅ​ទីតាំង​ផ្សេងៗ​នៅ លើកោះ ​និង នៅកូរ៉េ​ខាងត្បូង ។​

សារៈមន្ទីរ​នេះ ត្រូវ​បានគេ​ដឹងថា គឺជាកន្លែង​អេកូទេសចរណ៍​មួយនៅ​ក្នុង​ចំណោម​តំបន់​អេកូទេសចរណ៍​ជាច្រើន ដែលភ្ញៀវទេសចរ​អាចមក​លេងកំសាន្ត​ជាមួយនឹង​សកម្មភាព​ ទាក់ទាញ ជាច្រើន ។ ​

នៅក្នុង​ប្រទេស​កូរ៉េ កន្លែង​និង​ទីតាំងចំការ​តែមានជា​ច្រើនកន្លែង និង មានលក្ខណៈ​និង រស់ជាតិ​ពិសេស តាម​ទីតាំង និង​អាកាស​ធាតុ ។ តំបន់ដែល​ដាំតែនៅក្នុង​ប្រទេសនេះ គឺមាន តាំងពី នៅតំបន់ ជុន ណាម (Jeonnam ) តំបន់ ប៊ូសុង (Boseong) និង តំបន់ មីត ជីរី ( Mt. Jiri) ជាដើម ។ ប៉ុន្តែ ចំការតែ នៅកោះ ជេជូ មាន​លក្ខណៈ​ពិសេសម្យ៉ាង ដែល​មិនអាច​នឹង ពិពណ៌នា​បាន ។

ចំការ​តែនៅ​កោះ​ជេជូ នេះ ត្រូវ​បានគេ​ដឹងថា គឺដាំ​នៅលើ​ផ្ទៃដី​នៃឆ្នេរ​ភាគ​ខាងត្បូង ​នៃប្រទេស​កូរ៉េ ដែល​ទីនោះ គឺជា​អតីតកោះ​ ដែល​កកើត​ពីភ្នំ​ភ្លើងកាល​ពីរាប់សិប​លាន​ឆ្នាំមុន ។ ចំការ​តែភាគ​ច្រើនត្រូវ​បានគេធ្វើនៅ​លើអតីត​ភ្នំភ្លើង ដែលមាន​កំពស់​ប្រមាណជា ១.៩៥០ ម ពីកម្ពស់​ទឹកសមុទ្រ ។ អាកាសធាតុ​ពាក់កណ្តាល​ត្រូពិក គូបផ្សំ​នឹងដី​ដែលវា​កកើត​ពីសំណឹក នៃភ្នំ​ភ្លើង បាននាំឲ្យ​រស់ជាតិ​តែនៅ​លើកោះនេះ ​ពិសេស ។ P/