រស់នៅ​ក្រៅ​ការប្រមូលផ្ដុំ ធ្វើ​ឲ្យ​គុណ​ផល ធ្លាក់ចុះ

642
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ពេលនេះ ក្រសួង​អប់រំ យុវជន និង​កីឡា កំពុងតែ​ពិនិត្យ​លើ​ការប្រមូលផ្ដុំ កីឡាករ​ជម្រើសជាតិ ឲ្យ​រស់នៅ​រួមគ្នា និង​បរិភោគ​រួមគ្នា​ឡើងវិញ ដើម្បី​បង្កើន​គុណ​ផល ដែល​ហាក់ដូចជា ធ្លាក់ចុះ​នោះ ។​

​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​កត់សំគាល់​ថា ស៊ី​ហ្គេម ២ លើកចុងក្រោយ គឺ​លើក​ទី​២៨ ឆ្នាំ​២០១៥ នៅ​សឹង្ហ​បូរី និង​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី មេដាយ​របស់​កម្ពុជា ធ្លាក់ចុះ​ច្រើន ទោះបី​កម្ពុជា នៅ​រក្សា​តំណែង​លេខ​៨ លើ​ឡាវ ព្រុយ​ណេ និង ទី​ម័​រ​ខាងកើត ក៏ពិតមែន ។​

លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា

​សម្រាប់​ឆ្នាំ ២០១៩ ដែលជា​ឆ្នាំ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​នេះ ប្រភេទ​កីឡា​មួយចំនួន អាច​នឹងត្រូវ​ប្រមូលផ្ដុំ​ឡើងវិញ ។ នេះ​ជា​ឆ្នាំ​យុទ្ធសាស្ត្រ ដែល​កម្ពុជា​ត្រៀមខ្លួន ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ។​

​ស៊ី​ហ្គេម​លើក​ទី​២៨ ឆ្នាំ​២០១៥ នៅ​ប្រទេស​សឹង្ហ​បូរី កម្ពុជា​ដណ្ដើមបាន​មេដាយមាស តែមួយ​គ្រឿង​ប៉ុណ្ណោះ និង​មេដាយប្រាក់ ៥ គ្រឿង សំរិទ្ធ ៩ គ្រឿង ។ ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ដណ្ដើមបាន​មេដាយមាស ៣ គ្រឿង ប្រាក់ ២ គ្រឿង និង សំរិទ្ធ ១២ គ្រឿង ។​

កីឡាករ​ ដែល​បាន​មេដាយ​ កន្លងមក​

​គេ​នៅ​ចាំបាន​ថា មេដាយ​របស់​កម្ពុជា ឡើង​ខ្ពស់​នោះ គឺ​ស៊ី​ហ្គេម​លើក​ទី​២៧ ដែល​កម្ពុជា ដណ្ដើមបាន​មេដាយមាស ៨ គ្រឿង ប្រាក់ ១១ គ្រឿង និង​សំរិទ្ធ ២៩ គ្រឿង ។ កាលនោះ ប្រភេទ​កីឡា​ចំបាប់ បាន​មេដាយមាស ៤ គ្រឿង វ៉ូ​វី​ណា​ម មេដាយមាស ២ គ្រឿង ប៉េតង់​មេដាយមាស ១ គ្រឿង និង​តេ​ក្វាន់​ដូ មេដាយមាស ១ គ្រឿង ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ដែរថា ចាប់ពី​ស៊ី​ហ្គេម​លើក​ទី​៣០ នេះ​ទៅ អ្វីៗ​ត្រូវតែ​រឹងមាំ ព្រោះ​ជា​ឆ្នាំ​យុទ្ធសាស្ត្រ ។ ប្រភេទ​កីឡា ដែល​មិនទាន់​ដណ្ដើមបាន​មេដាយ ត្រូវតែ​ពង្រឹង​ខ្លួន​ឲ្យ​បានល្អ ។ ចំពោះ​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល​ហើយ​នោះ ក៏​មិនត្រូវ​សម្ងំស្ងៀម​ដែរ គឺ​ត្រូវតែ​បង្កើន​ការហ្វឹកហាត់ បន្ថែមទៀត ៕v

កីឡាការិនី​ ដែល​បាន​មេដាយ​ កន្លងមក​