រហូតមកដល់ពេលនេះ មានរោង ចក្រ១០ បានស្នើសុំព្យួរការងារ ដែល ប៉ះពាល់ដល់កម្មករប្រមាណ៣ពាន់ នាក់ ដោយសារឥទ្ធិពលCOVID-19

121
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ គិតរហូតមកដល់ពេលនេះ មានរោងចក្រកាត់ដេរចំនួន១០ ដែលបានស្នើសុំព្យួរចង្វាក់ការងារផ្នែកខ្លះ ដោយសារខ្វះវត្ថុធាតុពីប្រទេសចិន ដោយសារឥទ្ធិពលកូរ៉ូណា ដែលធ្វើឲ្យប៉ះពាល់ដល់កម្មករនិយោជិកប្រមាណ៣ពាន់នាក់ ប៉ុន្ដែក្រសួងបានស្នើឲ្យរោងចក្រទំាងអស់នោះ ដោះស្រាយបញ្ហាប្រាក់ឈ្នួលទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់ពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

លោក ហេង សួរ បានបញ្ជាក់ថា “…បញ្ហាឥទ្ធិពលកូរ៉ូណានេះ យើងអាចដឹងថា នៅក្នុងអំឡុងពេលខែ៣ ខាងមុខនេះ គឺអាចមានរោងចក្រសហគ្រាសប្រហែលជា២០០ដែរ ដែលអាចប្រឈមកង្វះនូវវត្ថុធាតុដើម ហើយវាអាចប៉ះពាល់ដល់បងប្អូនកម្មករនយោជិត ក្នុងករណីអាក្រក់បំផុតប្រហែលជា១៦ម៉ឺននាក់…ប៉ុន្តែជាក់ស្ដែង គិតត្រឹមព្រឹកមិញនេះ [ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ] គឺមានរោងចក្រចំនួន១០ ដែលបានចាប់ផ្ដើម ស្នើសុំព្យួរការងារ ក៏ប៉ុន្តែមិនមែនព្យួរ១០០ភាគរយនោះទេ គឺព្យួរដោយផ្នែកនៃសង្វាក់ផលិតកម្ម…បើគិតជារោងចក្រមាន១០ ប៉ុន្តែបើគិតពីចំនួនកម្មការនយោជិត ដែលផ្អាកតាមផ្នែកនេះ គឺមានត្រឹមតែ៣ពាន់នាក់នៅឡើយទេ…”។

ទោះជាយ៉ាងណា ចំពោះវិធានការចំពោះមុខ មន្រ្ដីនាំពាក្យរូបនេះបានអះអាងថា ក្រសួងកំពុងសម្របសម្រួលធ្វើយ៉ាងណាឲ្យបណ្ដារោងចក្រដែលបានដាក់ពាក្យព្យួរនោះ ដោះស្រាយប្រាក់បៀរវត្ស ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗជូនដល់បងប្អូនកម្មករនយោជិត ឲ្យស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំចាត់ចែងដើម្បីទទួលចុះឈ្មោះកម្មករនយោជិតទាំងនោះ ឲ្យទទួលបានវគ្គបណ្ដុះបណ្ដាលជំនាញទន់ ដើម្បីទទួលបានការឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល។

លោក ហេង សួរ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នរោងសង្វាក់ផលិតកម្មនៅចិនក៏កំពុង តែចាប់ផ្ដើមដំណើរការឡើងវិញហើយដែរ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងរកវិធីសាស្រ្ដយ៉ាងណា ដើម្បីឲ្យភាគីចិនលៃលកដើម្បីផ្ដល់វត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ដល់កម្ពុជា ក្នុងរយៈពេលដ៏ឆាប់បំផុត៕/B