រាគរូសនិងបាត់ចំណង់អាហារ អាចជារោគសញ្ញាដំបូងនៃជំងឺកូវីដ១៩

382
ចែករម្លែក

ការសិក្សាមួយបានរកឃើញថា បញ្ហារំលាយអាហារដូចជារាគរូស ក្អួត និង បាត់បង់ចំណង់អាហារអាចជារោគសញ្ញាដំបូងនៃជំងឺកូរ៉ូណា។

ការសិក្សាលើអ្នកជំងឺ ២០៤ នាក់នៅទីក្រុងវូហាន ដែលជាដែនដីសូន្យនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានរកឃើញថា អ្នកជំងឺ ៩៩ នាក់ (៤៨,៥ ភាគរយ) បានទៅមន្ទីរពេទ្យជាមួយបញ្ហារំលាយអាហារជាជំងឺចម្បងរបស់ពួកគេ។

ភាគច្រើននៃអ្នកទាំងនោះមិនមានជំងឺប្រចាំកាយទាក់ទងនឹងការរំលាយអាហារនោះទេ។

ការបាត់បង់ចំណង់អាហារ (៨៣ ភាគរយ) និងរាគរូស (២៩ ភាគរយ) គឺជារោគសញ្ញាចម្បងសម្រាប់អ្នកជំងឺ ដែលមានបញ្ហារំលាយអាហារ។

បញ្ហារំលាយអាហារផ្សេងទៀតដែលបានរាយការណ៍រួមមាន ក្អួត (០,៨ ភាគរយ) និងឈឺពោះ (០,៤ ភាគរយ) ។

អ្នកជំងឺភាគច្រើនក៏ជួបបញ្ហាផ្លូវដង្ហើមផងដែរ ដូចជា ក្អកស្ងួតជាប់រហូត ឬ ពិបាកដកដង្ហើមក៏ដូចជាបញ្ហារំលាយអាហារផងដែរ ប៉ុន្តែអ្នកជំងឺ ៧ នាក់ក្នុងការសិក្សានេះបង្ហាញតែរោគសញ្ញារំលាយអាហារមួយប៉ុណ្ណោះ។

ការសិក្សា ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវចិន ត្រូវបានពិនិត្យពិច័យដោយអ្នកសិក្សាដទៃទៀត ហើយត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីជំងឺក្រពះពោះវៀនអាម៉េរិក (American Journal of Gastroenterology)។

អ្នកស្រាវជ្រាវបានសិក្សាលើបុរសចំនួន ១០៧ នាក់និងស្ត្រី ៩៤ នាក់ដែលមានអាយុជាមធ្យម ៥៥ ឆ្នាំ ដែលបានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅរវាងថ្ងៃទី ១៨ មករានិងថ្ងៃទី ២៨ កុម្ភៈ។

មនុស្ស ៩៩ នាក់មានរោគសញ្ញារំលាយអាហារ​ និង ៩២ នាក់មានរោគសញ្ញាផ្លូវដង្ហើម ដែលបណ្តាលមកពីឆ្លងជំងឺកូវីដ១៩។

ការសិក្សាក៏បានរកឃើញផងដែរថា បញ្ហារំលាយអាហារកាន់តែអាក្រក់ទៅៗ នៅពេលជំងឺកាន់តែធ្ងន់ធ្ងរ៕ ដោយ៖ កញ្ញាដាលីស

រាគរូសនិងបាត់ចំណង់អាហារអាចជារោគសញ្ញាដំបូងនៃជំងឺកូវីដ១៩