រាជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​កាដូ​កាំភ្លើង​ស្រោបមាស​អំឡុង​ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន

228
ចែករម្លែក
  • 1
    Share

ព្រះអង្គម្ចាស់​រាជទាយាទ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ទទួលបាន​កាដូ​កាំភ្លើង​ស្រោបមាស​ពី​ក្រុម សមាជិក​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន បន្ទាប់ពី​ទ្រង់​ព្រមព្រៀង​បោះទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ រហូតដល់​ទៅ ២០ ពាន់​លាន​ដុល្លារ​។
​ ​
​ព្រះអង្គម្ចាស់ មហា​ម៉េ​ដ ប៊ី​ន សាល់​ម៉ាន់ (Mohammed bin Salman) ព្រ​ជន្ម ៣៣ វស្សា​ទទួលបាន​កាដូ​កាំភ្លើង​ស្រោបមាស​ម៉ាក Heckler & Koch MP5K ពី​ប្រធាន ព្រឹទ្ធសភា ប៉ា​គី​ស្ថាន លោក សា​ឌី​ក សាន​រ៉ានី (Sadiq Sanjrani) ខណៈ​ទ្រង់​យាង​ទស្សនកិច្ច ប្រទេស​នេះ កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែកុម្ភៈ​។​
​ ​
​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា គណៈប្រតិភូ​សភា​បាន​យក​កាដូ​មិនធម្មតា​នេះ រួមជាមួយ ព្រះ​ឆាយា​លក្ខណ៍​ទៅ​ថ្វាយ​ព្រះ​ម្ចាស់​ដល់​កន្លែង​ទ្រង់​គង់​បណ្តោះអាសន្ន​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​។ ក្រៅពី​កាដូ​នេះ ទ្រង់​ក៏​ទទួលបាន​គ្រឿង​ឥស្សរិយយស​ខ្ពស់​ផុត​លេខ​ពី ប្រធានាធិបតី​ប៉ា​គី​ស្ថាន ផងដែរ​។​

​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់ មហា​ម៉េ​ដ ប៊ី​ន សាល់​ម៉ាន់​ធ្វើឡើង​ស្របពេល អន្តរជាតិ ជាពិសេស​លោកខាងលិច​កំពុង​ថ្កោលទោស​ទ្រង់​ដែល​ត្រូវបាន​ចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​ករណី​ធ្វើឃាត​អ្នកកាសែត​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត លោក ចា​ម៉ា​ល ខា​សុក​គី (Jamal Khashoggi) ជាហេតុ​ធ្វើឱ្យ​ព្រះអង្គម្ចាស់​វ័យក្មេង​អង្គ​នេះ​ងាក​មក​ចង​សម្ព័ន្ធមិត្ត នៅ​ប៉ែក​បូព៌ា ដើម្បី​ពង្រឹង​អំណាច​របស់​ទ្រង់​៕ ប្រែ​សម្រួល​: ខុម​