រាជទូត​ជប៉ុន​ថ្មី​បាន​មកដល់​កម្ពុជា​

272
ចែករម្លែក
លោកមិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុនថ្មី​ប្រចាំ​នៅ​កម្ពុជា​(រូបថតស្ថានទូត)

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ទើបតែ​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​ទី​១​ខែកញ្ញា​កន្លងទៅ​។​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានប្រកាស​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​២​ខែកញ្ញា​។​លោក​ទូត​ថ្មី​នេះ​មក​ជំនួស​លោក​ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចប់​អាណត្តិ​។​


​ជាមួយនឹង​រូបថត​មួយ​សន្លឹក​តាមរយៈ​ផេ​ក​ស្ថានទូត​លោក​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​បាន​សរសេរ​នូវ​សារ​ខ្លី​មួយ​ស្វាគមន៍​សម្រាប់​ការចាប់ផ្តើម​ការងារ​រ​បស់​លោក​នៅ​កម្ពុជា​។​សារ​សរសេរថាៈ​ជម្រាប​សួរ​! ខ្ញុំ​ឈ្មោះ មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ខ្ញុំ​ទើបតែ​មកដល់​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​។ ខ្ញុំ​មាន​កិត្តិយស និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង បានមក​កាន់​ប្រទេស​កម្ពុជា​ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​ប្រទេស​ជប៉ុន និង​ជា​ប្រទេស​ដែលមាន​វប្បធម៌​ដ៏​អស្ចារ្យ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​ជាមួយ​លោក លោកស្រី ក្មួយៗ និង​ទស្សនា​ទីកន្លែង​នានា​នៅ​ប្រទេស​កម្ពុជា​។


​គួរ​រំលឹក​ដែរ​ថា​លោក​រាជទូត​ជប៉ុន​ដែល​ចប់​អាណត្តិ​នៅមុន​ពេល​ការចាកចេញ​របស់លោកៗ​បាន​សរសេរ​សារ​មួយ​ប្រកបដោយ​មនោសញ្ចេតនា​និង​ការ​វាត​តម្លៃ​ខ្ពស់​ពី​ការ​រី​ចម្រើន​របស់​កម្ពុជា​។​


​ខ្លឹមសារ​នៃ​សារ​មាន​ដូចតទៅៈ​«​សារ​របស់​ឯកឧត្តម ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ប្រជាជន​កម្ពុជា​នាឱកាស​ប​ញ្ច​ប់​បេសកម្ម​របស់​ឯកឧត្តម​នៅ​កម្ពុជា​»
​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​បន្តិច ដែល​ជម្រាបជូន​ថា នេះ​ជា​សារ​ចុងក្រោយ​របស់ខ្ញុំ​ក្នុងឋានៈ​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​
​ពេលវេលា​ពិតជា​ដើរ​លឿន​។ ប្រមាណ​៣​ឆ្នាំ​កន្លងផុតទៅ ក្រោយពេល​ខ្ញុំ និង​ភរិយា​បាន​មកដល់​រាជធានី​ភ្នំពេញ នា​ឆ្នាំ​២០១៦​។ ៣​ឆ្នាំនេះ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​សម្រាប់​យើងខ្ញុំ​ទាំងពីរ​។ ប្រទេស​កម្ពុជា​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ ហើយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន និង​កម្ពុជា ក៏មាន​សន្ទុះ​ឈានទៅ​មុខ​យ៉ាងខ្លាំង​ផងដែរ​។ ទាំង​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ​ផ្ទាល់ និង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នានា ក៏មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ទន្ទឹមនឹងនេះ ខ្ញុំ​ក៏បាន​ចូលរួម​ពិធី​សម្ពោធ​ផ្សេងៗ នៃ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជប៉ុន ដែលជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ ដូចជា​ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ជាដើម​។​
​ចំណែក​ទំនាក់ទំនង​ក្នុង​វិស័យ​នយោបាយ​វិញ ខ្ញុំ​មានភ័ព្វ​សំណាង​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​កម្ពុជា​រវាង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​អា​បេ និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​៣​លើក​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងទៅនេះ​។ ខ្ញុំ​មាន​សេចក្តី​សប្បាយរីករាយ ដែល​សម្តេច​តេ​ជោ​បាន​សម្រេចចិត្ត​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ជា​រៀងរាល់ឆ្នាំ​។ ប្រទេស​ជប៉ុន​បាននិងកំពុង​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ យើងខ្ញុំ​បាន​បន្ត​ផ្តល់ជំនួយ​ដល់​កំណែទម្រង់​ការបោះឆ្នោត ហើយ​បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំមុន​យើង​បានចាប់ផ្តើម​កម្មវិធី​ដើម្បី​អញ្ជើញ​យុវជន​កម្ពុជា ដែលមាន​ចំណាប់អារម្មណ៍​ផ្នែក​នយោបាយ មកពី​ស្ថាប័ន​នានា​ទៅ​ស្វែងយល់​ពីបទ​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន​។​


​ម្យ៉ាងវិញទៀត ខ្ញុំ​ផ្ទាល់​ក៏​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា​ដែរ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា​។ ជាក់ស្តែង ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ជប៉ុន បានទទួល​ការគាំទ្រ និង​មតិយោបល់​ល្អៗ​ជាច្រើន​។​
​ខ្ញុំ និង​ភរិយា នឹង​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​សប្តាហ៍​ក្រោយនេះ ក៏ប៉ុន្តែ​សម្រស់​នៃ​ប្រទេស​កម្ពុជា​បានផ្តល់​ក្តី​ស្រមៃ​ដល់​យើងខ្ញុំ​ថា​នឹង​ត្រលប់​មកកាន់​ទឹកដី​ដ៏​អស្ចារ្យ​នេះ​ជាថ្មី​នា​ថ្ងៃ​អនាគត​។ រាជធានី​ភ្នំពេញ នឹង​ប្រែ​មុខមាត់​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ជាមួយនឹង​ព្រលានយន្តហោះ​ថ្មី អាគារ​ខ្ពស់ៗ​ជាច្រើន ព្រមទាំង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ថ្មី​។ ខ្ញុំ​ក៏​អាច​នឹង​មានឱកាស​សាជាថ្មី​ដើម្បី​និយាយ​ភាសា​ខ្មែរ​។​
​ជា​ចុងក្រោយ ខ្ញុំ​សូម​ជូនពរ ប្រជាជន​កម្ពុជា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ សុភមង្គល និង​សូម​ឲ្យ​ទំនាក់ទំនង​ជប៉ុន និង​កម្ពុជា​កាន់តែ​រីកចម្រើន​៕​សរន​

លោកឯកអគ្គរាជទូតជប៉ុនដែលចប់អាណត្តិ(រូបថតស្ថានទូត)