រាជធានី​ភ្នំពេញ​ចង់​មាន​កំណើន​អ្នក​ទេសចរណ៍​,​ដាច់ខាត​ត្រូវតែមាន​បរិស្ថាន​និង​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ​

666
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រា​ធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ ចង់ឱ្យ​រាជធានី​ភ្នំពេញ​របស់​យើង មាន​កំណើន​អ្នក​ទេសចរណ៍​ទៅបាន ដាច់ខាត​ត្រូវតែមាន​បរិស្ថាន​និង​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ ។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​គ្នា​ធ្វើ​ដើម្បីអោយ​រាជធានី​ភ្នំពេញ ក្លាយជា​គោលដៅ​អ្នក​ទេសចរណ៍ ដែល​ធ្វើអោយ​គេច​ង់​មកកាន់​រាជធានី​ភ្នំពេញ​របស់​យើង​។​
​លោក ឃួ​ង ស្រេង បានបញ្ជាក់​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​សំរាម ជាមួយ​អភិបាលខណ្ឌ និង​មន្ទីរ​ពាក់ព័ន្ធ នៅ​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ។​
ក្នុងឱកាស​នោះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន ជំ​រុញឱ្យ​អភិបាលខណ្ឌ​ទាំងអស់​និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ ធ្វើការ​ផាកពិន័យ​ទៅលើ​ក​បុគ្គ​ដែល​ចោល​សំរាម​តាម​ទីសាធារណៈ រំលោភ​លើ​ច្បាប់​អន្តរក្រសួង​ស្ថាប័ន​បានចែង​កន្លងមក ។ លោក​បាន​បញ្ជាក់ទៀតថា​៖ សំរាប់​អ្នក​ចាក់សំរាម​ចោល​គ្មាន​ប្រក្រតី នៅតាម​ផ្លូវ​សាធារណៈ ដូចជា ការចាក់​សំរាប់​ចោល​ចូល​ទៅលើ​លូ និង​ចាក់សំរាម​ចោល​នៅលើ​ផ្លូវ​សាធារណៈ ត្រូវអនុវត្ត​ផាកពិន័យ​ទៅតាម​ច្បាប់​អន្តរក្រសួង​ដែរ​បានចែង​រួចហើយ​។​
នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ លោក​ឃួ​ង ស្រេង ក៏បាន​លើកឡើង​ពី​បញ្ហា ទីលាន​ចាក់សំរាម នៅ​រាជធានី​ភ្នំពេញ ដែល​និង​ត្រូវធ្វើ​ការរៀបចំ​ពង្រីក​ប​ន្ថែ​ម ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ នៃ​ការកើនឡើង​នៃ​សំរាម ។ បើ​យើង​មិន​ព​ង្រឹ​ក​ទីលាន​ចាក់សំរាម​ទេនោះ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុន​រាជធានី​ភ្នំពេញ និង​ខ្វះខាត​កន្លែង​ចាក់សំរាម​ជាក់​ជាមិនខាន​។​លោក​អភិបាល​បាន​បន្តថា ជាមួយនិង​កា​រព​ង្រឹ​ក​កន្លែង​ចាក់សំរាម​ជា​បន្តបន្ទាប់​ក៏ពិតមែន ប៉ុន្តែ​តាម​របាយ​ការ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​បញ្ជាក់ថា ការប្រមូល​ចំណូល​ពី​ការបង់ថ្លៃ​សេវា​ដឹកជញ្ជូន​សំរាម​មានការ​ធ្លាក់ចុះ បើទោះបី​មានការ​ពង្រីក​ដែនដី​កាន់តែ​ធំ​។​
​គួ​បញ្ជាក់ថា​៖ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ​ស្ដីពី​«​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន​» ដែល​កំណត់​ឲ្យ​មានការ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី​១​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់​តុលាការ​ចំពោះ​ជន​ណា​ដែល​ចោល​សំរាម​មិនបាន​ត្រឹមត្រូវ​៕