រាជធានី​ភ្នំពេញ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត AIMF លើក​ទី​៣៩

165
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​កំហិត​ដល់​មន្ត្រី​ក្រោម​ឧិ​វាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ ក្រៅប្រទេស​ក្នុងដំណាក់កាល ដែល​រាជធានី​ភ្នំពេញ​កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ពិធីបុណ្យ ធំៗ​នាពេល​ដ៏ ខ្លី​ខាងមុខនេះ​ដើម្បី​រួមគ្នា​បំពេញភារកិច្ច​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ក្នុងនោះ​មាន បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​, ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។​

​អ្វី​ដែលជា​ចំណុច​សំខាន់​មួយទៀត​នោះ​គឺ រាជធានី​ភ្នំពេញ​ក៏បាន​ត្រៀមខ្លួន ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​លើក​ទី​៣៩​ដែល​នឹងមាន​បណ្តា ទីក្រុង​ជា​សមាជិក​របស់​AIMF ប្រមាណ​៣០០​ទីក្រុង​មកពី​គ្រប់​ទ្វីប​មក​ចូលរួម​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​ការដាក់កំហិត​ដល់​ម​ន្ត្រី​ក្រោម​ឧិ​វាទ​បែបនេះ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនៈភាព​របស់​គណៈកម្មកា​រ និង​អនុគណៈកម្មការ​រៀបចំ​មហាសន្និបាត កាលពី​រសៀល​ថ្ងៃទី​២២​តុលា​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា​៖ មហាសន្និបាត​របស់​AIMF​ប្រព្រឹត្តទៅ​ត្រូវ​នឹង​ខួបកំណើត​លើក​ទី​៤០​ថ្ងៃ​បង្កើត​សមាគម​AIMF និង​ខួប​៤០​ឆ្នាំ​របស់​កម្ពុជា​ក្រោយ​ថ្ងៃ​រំដោះ​ពី របប​ប្រល័យ​ពូជ​សាស​ន៏​ក្រោម​ប្រធានបទ ទីក្រុង​ដែលមាន​ភាព​ធន់ ការគិតគូ​ពី បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​។ លោក​បាន​បន្តថា​៖ នេះ​ជា​កិត្តិយស​ធំធេង​ណាស់​សំរាប់​រាជធានី​ភ្នំពេញ ក៏​ដូច​កិត្តិយស​ជាតិ​ទាំងមូល ដែល​ទទួលបាន​ប្រតិភូ​ជាង​៣០០​ទីក្រុង ក្នុង​ពិភពលោក​ដែល​ធ្វើ​ឲ្យ​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​។​

​លោក​អភិបាល​បន្តទៀតថា​៖​ការងារ​ទាំងអស់​យើង​គិតគូ​រៀបចំ​យ៉ាង​ម៉ត់ចត់​ទាំង​ការធ្វើ​បដិសណ្ឋារកិច្ច​ភ្ញៀវ​,​ការ​ស្នាក់នៅ​របស់​ប្រតិភូ​, ការរៀបចំ​តាំង​ពិ​ព​ណ៏​បង្ហាញ​ពី​ដំណើរការ​អភិវឌ្ឍ​ន៍រាជធានី​ភ្នំពេញ​, ការរៀបចំ​កែលម្អរ​សួនច្បារ ការតុបតែង​លម្អរ​តាម​ទីសាធារណៈ​ជាដើម​។ ចំណុច​សំខាន់បំផុត នោះ​គឺ​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ត្រូវតែ​ឲ្យ​បានល្អ​ប្រសើរ​។ ដូច្នេះហើយ​ទើប​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​របស់​មន្ត្រីក្រោមឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​នេះ ត្រូវបាន​កំហិត​ជា​ចាំបាច់​៕​