រាជធានី​ភ្នំពេញ​និង​រដ្ឋធានី​ហ្សា​កាតា​ឥឡូវ​ភ្ជាប់​ជើងហោះហើរ​ជា​ស្ថាពរ​

532
ចែករម្លែក

ដោយៈ ពិស្តារ/ភ្នំពេញៈ ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា បានប្រកាសថា ក្រុមហ៊ុន ស៊ីធីលីង (Citilink) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី ហ្គារូដា ( Garuda) បានចាប់ផ្តើមជើងហោះហើរត្រង់រវាងរដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី និង រាជធានីភ្នំពេញ។

អ្នកដំណើរសរុបចំនួន ៦៧ នាក់បានជិះយន្តហោះជើងហោះហើរទី ១ របស់ ស៊ីធីលីង Airbus 320 ដែលមានកៅអីសរុប១៨០ ពីទីក្រុងហ្សាកាតា ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ២ និង ១៥ នាទី។ ដោយឡែកជើង​ហោះហើរ​ក្រៅប្រទេសពីរាជធានីភ្នំពេញទៅហ្សាកាតាវិញ បានចាកចេញនៅម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃដដែល ។

តាមការគម្រោងទុក ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោកឥណ្ឌូនេស៊ីមួយនេះគ្រោងនឹង ហោះហើរ បីដងក្នុងមួយសប្តាហ៍ដែលដំណើរការនៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។

តាមការរំពឹងទុកសេវាកម្មដឹកជញ្ជូនថ្មីនេះនឹងផ្តល់ផលប្រយោជន៍ដល់ការបង្កើនចរាចរណ៍​ផ្លូវអាកាសរវាងប្រទេសទាំងពីរតាមរយៈការផ្តល់ជូននូវជើងហោះហើរត្រង់ដែលរួមចំណែកក្នុងការកាត់បន្ថយពេលវេលាធ្វើដំណើរនិងបង្កើនជម្រើសធ្វើដំណើរសម្រាប់ភ្ញៀវទេសចរ រវាង ប្រទេសទាំងពីរ ។

លោក ហេរី យ៉ានតូ ( Heri Yanto) អនុប្រធានយុទ្ធសាស្រ្តសាជីវកម្មរបស់ ក្រុមហ៊ុន ស៊ីធីលីង បាននិយាយថា ការចាប់ផ្តើមផ្លូវថ្មីនេះក៏ជាមធ្យោបាយមួយដើម្បីរំលឹកដល់ខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរបស់ឥណ្ឌូនេស៊ីនិងកម្ពុជាផងដែរ។

“ យើងមានសេចក្តីរីករាយក្នុងការបើកដំណើរការហោះហើរត្រង់ពីទីក្រុងហ្សាកាតាទៅរាជធានី ភ្នំពេញដើម្បីភ្ជាប់រដ្ឋធានីនៃប្រទេសទាំងពីរ។ យើងសង្ឃឹមថាជើងហោះហើរថ្មីនេះអាចពង្រឹងភាពជាដៃគូរវាងឥណ្ឌូនេស៊ីនិងកម្ពុជា។ យើងក៏សង្ឃឹមថាការហោះហើរត្រង់ថ្មីនេះអាចលើសពីការតភ្ជាប់ប្រទេសជិតខាងទាំងពីរនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែក៏ដើម្បីទទួលបាននូវសក្តានុភាពភាពជាដៃគូបន្ថែមទៀតនៅក្នុងវិស័យជាច្រើនដូចជាវប្បធម៌ សេដ្ឋកិច្ច នយោបាយ សង្គមនិងអ្វីៗជាច្រើនទៀត” នេះបើតាមការអះអាងរបស់លោកហេរី យ៉ានតូ។

លោក អេរិច ដេឡូបែល ( Éric Delobel)នាយកប្រតិបត្តិក្រុមហ៊ុនព្រលានយន្តហោះ កម្ពុជា បាននិយាយថា នេះគឺជាជំហានដ៏សំខាន់មួយដើម្បីស្វាគមន៍ក្រុមហ៊ុនអាកាស​ចរណ៍ថ្មីនិងបើកផ្លូវថ្មី។

លោកបានបញ្ជាក់ថា “យើងបានទន្ទឹងរង់ចាំបម្រើប្រទេសឥណ្ឌូនេស៊ីនិងទីផ្សារដ៏ធំមួយនេះ។ ជើងហោះហើរថ្មីៗនេះមានសញ្ញាល្អសម្រាប់ការឡើងដល់កំណើនដ៏ខ្ពស់ចរាចរណ៍ផ្លូវអាកាសឡើងវិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ដើម្បីបំពេញកំណើនដែលរំពឹងទុកយើងកំពុងបន្តវិនិយោគលើការពង្រីកបរិក្ខាររបស់យើងនិងធ្វើឱ្យប្រសើរឡើងនូវដំណើរការប្រតិបត្តិការរបស់យើងព្រមទាំងពង្រឹងគុណភាពសេវាកម្មដល់អតិថិជនរបស់យើង” ។

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ស៊ីធីលីង បានកំពុងបម្រើជើងហោះហើរប្រចាំថ្ងៃ ២៣៤ ជើងទៅកាន់ ២៨ គោលដៅ នៅក្នុងមួយថ្ងៃៗ ។

#