រាជធានី​ភ្នំពេញ​នឹងមាន​អគារ​កម្ពស់​៧៨​ជាន់​ថ្មី​មួយ​ ​

512

(​ភ្នំពេញ​)៖ ក្រុមហ៊ុន​យាន​ឆ័ង គ្រុប​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយទៀត ដែលមាន​កម្ពស់​៧៨​ជាន់​នៅ​ទីក្រុង​ភ្នំពេញ​នាពេល​ខាងមុខនេះ​ខណៈ​ក្រុមហ៊ុន​កំពុង​សិក្សា​ពី​ការងារ​លំអិត ដើម្បី​សាងសង់​អគារ​នេះ​ប្រកបដោយ​សោភ័ណភាព និង​គុណភាព​។

​លោក​ផូ សម្បត្តិ​ ​តំណាង​ក្រុមហ៊ុន​យាន ឆ័ង​ប្រចាំ​កម្ពុជា ជា​ក្រុមហ៊ុន​ដែល​នឹង​វិនិយោគ​សាង​សង់អ​គារ​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​​កាលពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​ថា ការសាងសង់​អគារ​នេះ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៨ ដោយសារ​អគារ​នេះ​ជា​អគារ​ខ្ពស់​ហេតុនេះ​ទើប​​ក្រុមហ៊ុន​បាននិងកំពុង​គិតគូ​យ៉ាង​យកចិត្តទុកដាក់​ពី​មូលដ្ឋានគ្រឹះ និង​គ្រឿង​បង្គុំ​របស់​អគារ​នេះ​ដោយ​ម៉ត់ចត់​បំផុត​ដើម្បី​បញ្ចៀស​​ហានិភ័យ​ផ្សេងៗ​។​

​លោក​បន្តថា “​ការសាងសង់​អគារ​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ និង​ចំណាយ​រយៈពេល​សាងសង់​៤​ទៅ​៥​ឆ្នាំ។ ដូច្នេះ យើង​រំពឹងថា​ឆ្នាំ​២០២៣ ឬ​២០២៤​ទើប​អគារ​នេះ​អាច​ដំណើរការបាន​”​។​លោក​បន្តថា “​អគារ​នេះ​នឹង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប អា​ផាត​មេ​ន ខុន​ដូ សណ្ឋាគារ និង​ការិយាល័យ​ជាដើម​”​។​

​ទីតាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​GLORY​កម្ពស់​៧៨​ជាន់​នេះ ស្ថិត​នៅជាប់​អគារ​The Bridge ក្នុង​សង្កាត់​ទន្លេបាសាក់​ខ​ណ្ឌ​ចំការ​មន។​

​លោក​ផូ សម្បត្តិ​បាន​បន្តថា “​ខ្ញុំ​ជឿថា​គម្រោង​នេះ នឹង​ទទួលបាន​ជោគជ័យ ដោយសារ​នាពេល​អនាគត នៅពេល​អគារ​នេះ​សាងសង់​ចប់ ប្រជាជន​កម្ពុជា​នឹង​សម្រេចចិត្ត​រស់នៅ​ខុន​ដូ​កាន់តែច្រើន​ដោយសារ​ខុន​ដូ​មាន​សេវាកម្ម​ចម្រុះ​សម្រាប់​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់​​នៅ​”​។​លោក​បន្តថា “​នៅពេល​អនាគត​ផ្ទះល្វែង​ក្នុង​ទីក្រុង​នឹងមាន​តម្លៃ​ដល់​៣០​ទៅ​៤០​ម៉ឺន​ដុល្លារ។​ហេតុនេះ​ពួកគេ​នឹង​សម្រេចចិត្ត​រស់​​នៅ​ខុន​ដូ​ដែលមាន​តម្លៃ​ទាប​ជាង​នេះ និង​ផ្តល់​ផាសុខភាព​ក្នុងការ​រស់នៅ​”​។

​លោក​បន្តថា ក្រុមហ៊ុន​មានការ​សិក្សា​ម៉ត់ចត់​ណាស់ ពី​ការសាងសង់​អគារ​នេះ ដោយ​បង្ការ​ឲ្យ​បាន​នូវ​គ្រោះមហន្តរាយធម្មជាតិ​នានា ព្រោះ​កម្ពុជា​បច្ចុប្បន្ន​ចាប់ផ្តើម​មាន​ខ្យល់ក​ន្ទ្រា​ក់​ខ្លាំងៗ ហេតុនេះ​ការ​ឌី​សាញ​អាគារ​នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធនា​បាន​នូវ​សុវត្ថិភាព និង​ស្តង់ដា​អន្តរជាតិ​នៃ​អាគារ​ដ៏​អស្ចារ្យ​នេះ​៕​ដោយ​ច្រាយ ចំណាន​/sn
​ ​
​អាគារ​The Glory​ដែល​គ្រោង​សាងសង់​នាពេលខាងមុខ​(​រូបថត​ឯកសារ​)​