រាជធានី​ភ្នំពេញ​បង្ហាញ​ពី​ប្រភេទ​កីឡា​ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​២

1287
ចែករម្លែក
ទិដ្ឋភាព​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ (​រូប​៖ រ៉ូ​ហ្សា​)​

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​បានរៀបចំ​រួចរាល់​ហើយ អំពី​ប្រភេទ​កីឡា​ដែល​នឹងត្រូវ​ដាក់​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ (2nd National Games) ដែល​នឹងធ្វើ​នៅ​ចុងខែ​ឧសភា និង​ដើមខែ​មិថុនា​ខាងមុខនេះ​។​

​អ្នកស្រី កើត ស៊ីវ​ណ្ណ អនុប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡា នៃ​មន្ទីរអប់រំ​យុវជន និង​កីឡា រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​រាជធានី​ភ្នំពេញ បានសម្រេច​ចិត្ត​ដាក់​កីឡា​ចំនួន​២១​ប្រភេទ​ចូលរួម​ប្រកួត តែ​សម្រាប់​ប្រភេទ​កីឡា​ចំនួន​៣ ដែល​ដាក់​ចូលរួម​ប្រកួត គឺ​បាល់ទាត់ បាល់ទះ​ក្នុង​សាល និង​បាល់បោះ​មានតែ​វិញ្ញាសា​បុរស​ប៉ុណ្ណោះ ចំពោះ​នារី​រាជធានី​ភ្នំពេញ​មិនមាន​ឡើយ​។​

​កាលពី​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ រាជធានី​ភ្នំពេញ គឺជា​អ្នក​ដែល​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ គឺ​រហូតដល់​ទៅ​១០២​មេដាយ ដែល​ក្នុងនោះ មេដាយមាស​ចំនួន​៤១​គ្រឿង ប្រាក់​៣៤​គ្រឿង និង​សំរិទ្ធ​២៧​គ្រឿង​។ លំដាប់​ទី​២ ក្រសួងមហាផ្ទៃ ដែល​បាន​មេដាយ​សរុប​៥៩​គ្រឿង គឺ​មាស​២៨​គ្រឿង ប្រាក់​១៦​គ្រឿង និង​សំរិទ្ធ​១៥​គ្រឿង​។ ក្រសួងការពារជាតិ ដែល​ឈរ​លំដាប់​ទី​៣​នោះ បាន​មេដាយ​សរុប​៥៥​គ្រឿង គឺ​មាស​២២​គ្រឿងប្រាក់​១៧​គ្រឿង និង​សំរិទ្ធ ១៦​គ្រឿង​។ ខេត្ត​ត្បូងឃ្មំ គឺជា​ខេត្ត​ដែល​រក​មិនបាន​មេដាយ​មួយគ្រឿង​សោះតែ​ម្ដង​។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​កីឡា​ចំនួន​២៧​ប្រភេទ ឲ្យ​ប្រកួត​ដែល​កាលពី​ប្រកួត​លើក​ទី​១ ឆ្នាំ​២០១៦ មានតែ​១៥​ប្រភេទ និង ១៨៩​វិញ្ញាសា​ប៉ុណ្ណោះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​។​

​ប្រភេទ​កីឡា​ដែល​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ប្រកួត​មាន​បាល់ទាត់​បុរស បាល់ទះ ក្នុង​សាល​បុរស បាល់បោះ​បុរស​ប្រដាល់​គុន​ខ្មែរ ប្រដាល់​សាកល វាយ​កូនឃ្លី​លើ​តុ​សីដក់ ស៊ូ​រិ​ន​ហ្ស៊ិ​កាំ​ប៉ូ អត្តពលកម្ម បេ​ស្ប​ល តេ​ក្វាន់​ដូ WTF (World Taekwondo Federation)​។ តេ​ក្វាន់​ដូ ITF (International Taekwondo Federation) កា​រ៉ា​តេ​វាយ​កូន​បាល់ ទ្រី​យ៉ា​ត្លុង បាញ់កាំភ្លើង ទោចក្រយាន ល្បុក្កតោ វ៉ូ​វី​ណា​ម ចំបាប់ និង​ហែល​ទឹក​៕L