រាជធានី​ភ្នំពេញ​មាន​កន្លែង​កកស្ទះ​១៨២​គោលដៅ តែ​មន្ត្រី​ថា​ដោះស្រាយ​៥​គោលដៅ​សិន​

1568
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ក្នុងការ​ពិនិត្យ​ជាក់ស្តែង នៅ​រាជធានី​ភ្នំពេញ​នាបច្ចុប្បន្ន​មាន ចំណុច​កកស្ទះ​ចរាចរណ៍​ជា​អចិន្ត្រៃយ៍ មាន​ចំនួន ១៨២​គោលដៅ​។ នៅ​ចំពោះមុខ​នេះដែរ ក្រសួង​សាធារណការ និង​ក្រសួងមហាផ្ទៃ កំពុង​រួមគ្នា​ដោះស្រាយ​ចំនួន​៥​គោលដៅ​សិន ដើម្បី​ប​ញ្ច្រៀ​ស​ការកកស្ទះ​ចរាចរណ៍ នាពេល​បច្ចុប្បន្ន​។​

​បញ្ជាក់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ប្រចាំត្រីមាស​ទី​១ និង​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមេសា​ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ការកកស្ទះ​ចរាចរណ៍​សព្វថ្ងៃនេះ ផ្តើមចេញពី​ពលរដ្ឋ​ចត​រថយន្ត​មិន​គោរព​ច្បាប់ លក់ដូរ​លើផ្លូវ​ថ្នល់​បានធ្វើឱ្យ​ការ កកស្ទះ​ចរាចរណ៍​កាន់​តែ​ច្រើន​នៅ​រាជធានី​ភ្នំពេញ​។​

​ជុំវិញ​ការកកស្ទះ​ចរាចរណ៍​នេះដែរ លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ​បានលើកឡើង​ថា នាពេលនេះ​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍ កំពុងធ្វើការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខតែ​ចំនួន​៥​គោលដៅ​សិន ដែលជា​គោលដៅ​កកស្ទះ​ជាងគេ មុននឹង​ធ្វើការ​ដោះស្រាយ​ការកកស្ទះ​គោលដៅ​ដទៃទៀត​។​ ​

​ទាក់ទិន​ទៅនឹង​ការកកស្ទះ​ចរាចរណ៍​នេះដែរ លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល បានឱ្យដឹង​បន្ថែមថា មួយចំនួន​ក៏​កើតចេញពី​ពលរដ្ឋ​លក់ដូរ​ទាំង​តាម​ចិញ្ចឹម​ផ្លូវ និង​ទ្រូងផ្លូវ​ក្នុងនេះ​ដូចជា​តំបន់​
​មន្ទីរពេទ្យ​រុស្សី​ជាដើម​។​

​គួរ​បញ្ជាក់ថា បើតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នា​កន្លងមក​ថា ចំនួន​យានយន្ដ នៅក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ ប្រមាណ​២​លាន​៨​ម៉ឺន​គ្រឿង ក្នុងនោះ​ម៉ូត​មាន ១​លាន​៦​សែន​គ្រឿង និង​រថយន្ដ​មាន ៤៨​ម៉ឺន​គ្រឿង ដែល​បញ្ហា​ចំនួន​យានយន្ត​ច្រើន​នេះហើយ នាំ​ឲ្យ​កើតការ​កកស្ទះ​ចរាចរណ៍ កាន់​តែង​ខ្លាំងក្លា​ឡើង​បន្តបន្ទាប់​៕ ល​