រាជនីរបាំតៃវ៉ាន់កាលនៅរស់ស្រឡាញ់លេខ២២ ដល់ពេលស្លាប់ទៅចំថ្ងៃទី២២មីនាវេលាម៉ោង២២:២២នាទី

146
ចែករម្លែក

អ្វីដែលធ្លាប់ជាលេខសំណាងនិងភាពរីករាយឥឡូវបានប្រែក្លាយជាក្តីឈឺចាប់និងភាពសោកសៅ។

“រាជនីរបាំ” តៃវ៉ាន់ នាង សេរីណា លីវ បានណាត់ទាក់ទងជាលើកដំបូងជាមួយស្វាមីនាងជាតារាចម្រៀងតៃវ៉ាន់ ឈ្មោះ ស៊ីន លុង ជាច្រើនឆ្នាំមកហើយ នៅថ្ងៃទី២២កក្កដា។ ចាប់តាំងពីពេលនោះមក គូស្នេហ៍នេះតែងអបអរខួបនៅថ្ងៃទី២២រៀងរាល់ខែ។ ប៉ុន្តែជោគវាសនាបានលេងល្បិចដ៏ឃោរឃៅលើគូស្នេហ៍នេះ។

តារាស្រីនិងជារាជនីរបាំអាយុ៤៤ឆ្នាំរូបនេះបានស្លាប់នៅថ្ងៃទី២២មីនាវេលាម៉ោង២២:២២នាទី នេះយោងតាមកាសែត Hong Kong Apple Daily រាយការណ៍ដកស្រង់តាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយមន្ទីរពេទ្យ។ មូលហេតុស្លាប់គឺបណ្តាលមកពីឡើងសម្ពាធខ្ពស់នៅក្នុងខួរក្បាល ឬហៅថា ICP។

កាលពីថ្ងៃទី២៣មីនា ពិធីករកម្មវិធីកម្សាន្តតៃវ៉ាន់ លោក ជែកគី វូ បានរៀបចំសន្និសីទសារព័ត៌មានខ្លីជំនួសមុខឱ្យលោកស៊ីនអាយុ ៤៨ ឆ្នាំ។ លោកជែកគី អាយុ៥៧ឆ្នាំជាម្ចាស់ផលិតកម្មមួយ ដែលលោកស៊ីនធ្វើការ។

និយាយទៅកាន់បណ្តាញផ្សព្វផ្សាយតៃវ៉ាន់ លោកជែកគីពន្យល់ថា ក្រុមវេជ្ជសាស្ត្ររបស់នាងសេរីណាបានប្រកាសថាអស់លទ្ធភាពព្យាបាលហើយ។ ទោះយ៉ាងណា លោកស៊ីនមិនអស់ចិត្តនិងសុខចិត្តទុកឱ្យនាងចាកចោលគាត់ឡើយ។ ដូច្នេះគាត់បានស្នើសុំចៅហ្វាយក្រុងតៃប៉ិ កូ វិនជី ឱ្យជួយវាយតម្លៃស្ថានភាពរបស់នាង។

លោកកូជាមិត្តជិតស្និទ្ធរបស់លោកស៊ីន និងមុនឡើងជាចៅហ្វាយក្រុងគឺជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិតៃវ៉ាន់។

ក្រោយពិភាក្សាល្អិតល្អន់ គាត់ក៏បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យចាក់ថ្នាំឱ្យនាងលាចាកលោកនៅថ្ងៃទី២២មីនា វេលាម៉ោង២២:២២នាទី ព្រោះគាត់មិនចង់ឱ្យនាងបន្តឈឺចាប់ខ្លាំងលើសពីនេះ៕ ដោយ៖ កញ្ញាដាលីស

នាង សេរីណា លីវ លាចាកលោកនៅថ្ងៃទី២២មីនាវេលាម៉ោង២២:២២នាទី