រាជបណ្ឌិត្យសភាកម្ពុជា​ចង់​សហការគ្នាជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​បង្កើន​វិស័យនេះ​ឲ្យ​រឹងមាំ​

246
ចែករម្លែក

ដោយ​:មូល​សម្បត្តិ​/ភ្នំពេញ ៖ ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​គម្រោង​ផែនការ​ចាំបាច់​មួយចំនួន ដែល​ត្រូវ​សហការ​រួមគ្នា​ជាមួយ​ក្រសួង​និង​ស្ថាប័ន​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ សេវាកម្ម ធនធានមនុស្ស ពិសេស​ផែនការ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ ដើម្បី​បន្ត​ឱ្យមាន​កំណើន​ទេសចរ​មក​ទស្សនា​កម្ពុ​ជា​កាន់តែច្រើន​។​នេះ​បើតាម​វេ​ប​សាយ​ក្រសួងទេសចរណ៍​បាន​ប្រាប់អោយដឹង​នៅ​ថ្ងៃទី​20​ខែវិច្ឆិកា​នេះជំនួប​ពិភាក្សា​ការងារ​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្ដីការក្រសួង​នា​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​លើក​ពី​សភាពការណ៍​ថ្មីៗ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តំបន់ និង​ពិភពលោក​ទាំងមូល ព្រមទាំង​បានលើកឡើង​ពី​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ ដែល​ទើប​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​បាន​១-២​ថ្ងៃ​មកនេះ និង​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​បានដឹង​។​

​លោក​រដ្ឋមន្ត្រី​បានទទួល​នូវ​ចំណុច​ខ្វះចន្លោះ និង​កង្វះ​មធ្យោបាយ​មួយចំនួន​ជូន​ដល់​លោក សុខ ទូច ផងដែរ ជាមួយនឹង​សំណើ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​បន្ថែម សំណើសុំ​ជួយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ជាដើម​។​

​ឆ្លើយតប​នឹង​បញ្ហា​ខាងលើនេះ លោក សុខ ទូច បានបង្ហាញ​គោលបំណង​មួយចំនួន​ថា​៖

​ទី​១.រាជបណ្ឌិត្យសភាកម្ពុជា ចង់​បង្កើន​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដោយមាន​ការចូលរួម​សហការ​ពី​សំណាក់​ក្រសួងទេសចរណ៍ ដែល​គោលបំណង​នេះ​គឺ​ប្រសព្វ​ជាមួយ​សំណើ​របស់​ក្រសួងទេសចរណ៍​។​

​ទី​២.រាជបណ្ឌិត្យសភាកម្ពុជា គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​បកប្រែ​ភាសាបរទេស សម្រាប់​ទេសចរ​មកពី​ប្រទេស​នីមួយៗ ដោយ​សុំ​ការចូលរួម​ពី​ក្រសួងទេសចរណ៍​ឱ្យបាន​ជិតស្និទ្ធ​ផងដែរ​។​

​ទី​៣.រាជបណ្ឌិត្យសភាកម្ពុជា ចង់​ធ្វើ​ផែនទី​ទេសចរណ៍​ដែល​បង្ហាញ​ពី​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា ទោះបីជា​ដល់​កន្លែង​ណាក៏ដោយ​។​

​ទី​៤.រាជបណ្ឌិត្យសភាកម្ពុជា មានបំណង​ចង់​បង្កើតឱ្យមាន​សារមន្ទីរ​អប្សរា​នៅ​ខេត្តសៀមរាប ដើម្បី​ដើរតួ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យមក​ទស្សនា និង​ស្នាក់នៅ​យូរ​ក្នុងប្រទេស​កម្ពុជា​។ លោក​បាន​លើក​ជា​ឧទាហរណ៍​ថា «​មុននឹង​ឱ្យគេ​ទៅ​មើល​អប្សរា ត្រូវបង្កើត​សារមន្ទីរ​អប្សរា រៀបចំ​ពី​លក្ខណៈ​របស់​អប្សរា ឱ្យគេ​យល់ច្បាស់​ជាមុនសិន នៅពេល​គេ​ទៅ​មើល​គេ​អត់​ជិនណាយ​ទេ​»​។​

​ត្រង់ចំណុច​ទី​៤​នេះដែរ លោក សុខ ទូច ក៏បាន​លើកឡើង​ជាម​តិ​យោបល់​ដល់​ក្រសួង​ទេសចរ​ផងដែរ​ថា គួរតែរៀបចំ​ឱ្យមាន​ការពន្យល់​បកស្រាយ​ឱ្យបាន​ក្បោះ​ក្បាល និង​ត្រឹមត្រូវ​អំពី​តំបន់​ទេសចរណ៍​នីមួយៗ​ជូន​ដល់​ភ្ញៀវទេសចរ និង​មានការ​បង្ហាញ​ដោយផ្ទាល់​។​

​លោក​ថា ភ្ញៀវទេសចរ​សំខាន់ៗ​ត្រូវមាន​ការបកប្រែ​ភាសា​តាម​ប្រទេស​របស់​ពួកគេ ដូចជា​បើ​ចង់បាន​ភ្ញៀវ​ចិន​ត្រូវមាន​ភាសា និង​អក្សរ​ចិន កូរ៉េ ជប៉ុន និង​ភ្ញៀវទេសចរ​ផ្សេង ក៏ត្រូវ​អនុវត្ត​ដូចគ្នា​ដែរ​។​

​ការលើកឡើង​មតិយោបល់​ខាងលើ​របស់​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា រូបនេះ​ធ្វើឱ្យ​ក្រសួងទេសចរណ៍​ទទួល​បាន​នូវ​ពុទ្ធិ​ថ្មីៗ​មួយ​ចំន​នួន​ថែមទៀត ក្នុងការ​យកទៅអនុវត្ត​ឱ្យបាន​ល្អប្រសើរ​ជាង​នេះ ព្រមទាំង​ត្រៀម​បន្ត​កិច្ចសហការ​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការ​សម្រេច​សមិទ្ធ​ផល​ផ្សេងៗ​បន្ថែមទៀត​៕B/