រាជរដ្ឋាភិបាលសម្រេចបង្កើតស្រុកថ្មីមួយទៀត នៅក្នុងខេត្តកំពង់ធំ

953
ចែករម្លែក
  • 9
    Shares

ដោយ:វិបុល/ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ស្រុក​ថ្មី​មួយទៀត​នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​សម្រួល​ដល់​ការគ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល​។ ស្រុក​បង្កើត​ថ្មី​នេះ មាន​ឈ្មោះថា «​ស្រុក​តាំងគោក​» ដោយ​កាត់​យក​ឃុំ​ចំនួន​៨ ចេញពី​ស្រុក​បារាយណ៍ រួមមាន​៖ ឃុំ​ពង្រ ឃុំ​ច្រនាង ឃុំ​ជ្រលង ឃុំ​ទ្រៀល ឃុំ​សូ​យោង ឃុំ​ស្រឡៅ ឃុំ​ស្វាយ​ភ្លើង និង​ឃុំ​អណ្តូង​ពោធិ៍​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចុះហត្ថលេខា​សម្រេច​បង្កើត​ស្រុក​ថ្មី​នេះ​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ​។ ក្នុង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ស្រុក​តាំងគោក​នេះ បានកំណត់​យក​ទីតាំង​សាលាស្រុក ស្ថិតនៅក្នុង​ឃុំ​សូ​យោង​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ខេត្តកំពង់ធំ គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ចំ​កណ្តាល​ផ្ទៃ​ប្រទេស​កម្ពុជា​។ ខេត្ត​នេះ​មាន​ផ្ទៃដី​សរុប ១៣,៨១៤​គីឡូម៉ែត្រ​ការ៉េ ដោយ​បែង​ចែកជា ៨ ស្រុក​-​ក្រុង​, ៨១​ឃុំ​-​សង្កាត់ និង ៧៣៤​ភូមិ​។​

​ដោយ​បូក​បន្ថែម​ជាមួយ​ស្រុក​ទើប​បង្កើត​ថ្មី​មួយ​ថែមទៀត ដូច្នេះ​ស្រុក​-​ក្រុង​ក្នុង​ខេត្តកំពង់ធំ​ឡើងដល់​៩​ហើយ​។ ស្រុក​-​ក្រុង​ទាំង​៩​នោះ​រួមមាន​៖​ក្រុង​ស្ទឹងសែន​, ស្រុក​បារាយណ៍​, ស្រុក​កំពង់ស្វាយ​, ស្រុក​ប្រាសាទ​បល្ល័ង្ក​, ស្រុក​ប្រាសាទ​សំបូរ​, ស្រុក​សណ្ដាន់​, ស្រុក​សន្ទុក​, ស្រុក​ស្ទោង និង​ស្រុក​តាំងគោក​៕​B/