ថវិការាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​១៥​លាន​ដុល្លា​រ ដើម្បី​ជួសជុល​និង​កសាង​ផ្លូវ​នៅក្នុង​ក្រុង​សៀមរាប​

624
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានស្នើ​ឲ្យ​មន្ទីរ​និង​ភាគី​ដែល​ពាក់ព័ន្ធ​កែសម្រួល​នីតិវិធី​ជួសជុល​ផ្លូវ ដើម្បី​ស្តារ​កសាង និង​ជួសជុល​ថែទាំ​បណ្តាញ​ផ្លូវថ្នល់​នានា ឲ្យ​បានល្អ​ជាង​មុន ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត និង​បាន​សំណូមពរ​ឲ្យ​ធ្វើ​របាយការណ៍​រួមមួយ ដាក់ជូន​រាជរដ្ឋាភិបាល​ស្នើសុំ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លា​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦​និង​ផ្លូវ​ចំនួន​១១​ខ្សែ​ទៀត ឲ្យ​បាន​ឆាប់​តាម​ដែល​ធ្វើទៅបាន​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អំពី​គម្រោង​ដាក់​ឲ្យ​ដំណើរការ Road Care App នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ដែលជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ទាំងឡាយ នៃ​ផែនការ​១០០​ថ្ងៃ នៅក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ ដើម្បី​ប្រជាពលរដ្ឋ​អាច​ទាញយក​កម្មវិធី​នេះ ថត​យក​រូបភាព ផ្លូវ​ខូច ឬ​ជង្ហុក​សំបុកមាន់ ហើយ​បញ្ជូន​រូបភាព​នោះ ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​លោក ស៊ុន ចាន់​ថុ​ន បាន​បញ្ជាក់ថា បន្ទាប់មក​តាមរយៈ​រូបភាព​នោះ មន្ត្រី​ពាក់ព័ន្ធ​អាច​ដឹង​ពី​ទីតាំង​ពិតប្រាកដ ហើយ​ធ្វើការ​ជួសជុល បាន​ទាន់ពេលវេលា​ដើម្បី​បង្ការ​កុំ​ឲ្យ​ខូចខាត​រាលដាល​កាន់តែ​ធំ​។​
​ជាមួយគ្នា​នោះ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទំងន់ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឯកភាព​ដាក់​ប​ញ្ជូ​ល​ក្រសួង​អភិវឌ្ឍនជនបទ ជា​សមាជិក​គណៈកម្មាធិកា​រដឹក​នាំ​ការ​ត្រូតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​កម្រិត​កំណត់ និង​បានផ្តល់​ជញ្ជីង​ចល័ត​ចំនួន​២​គ្រឿង ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទំងន់​កម្រិត​កំណត់​ផងដែរ​។​

​ការលើកឡើង​បែបនេះ នា​ឱកាសលោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី​ការងារ​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​៕