រាជរដ្ឋាភិបាល​កម្ពុជា​: ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី បរាជ័យ​ទាំងស្រុង​

493
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាសថា ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្សី នេះ បានទទួល​បរាជ័យ​ទាំងស្រុង ហើយ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​ធានា​យ៉ាងរឹងមាំ​ជា​ប្រក្រតី​នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​សេចក្តីថ្លែងការណ៍​រប​ស់រាជ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា នាពេល​កន្លងទៅ​ថ្មីៗ​នេះ ក្រុម​ឧទ្ទាម​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី បានកំណត់​យក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សា​រី​យ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​របបរាជានិយម​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល​សូម​ប្រកាសថា ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្សី នេះ បានទទួល​បរាជ័យ​ទាំងស្រុង ហើយ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​ធានា​យ៉ាងរឹងមាំ​ជា​ប្រក្រតី​នៅ​ទូទាំងប្រទេស​។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​ចូលរួម​អបអរសាទរ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទន្ទឹមនេះ ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស បានរួម​សហការគ្នា​យ៉ាងសកម្ម​ផុលផុស​ក្នុងការ​រៀបចំ​ពិធី​ហូប​អំបុក ដែល​បង្ហាញ​អំពី​សាមគ្គីភាព ឯកភាព​យ៉ាងរឹងមាំ ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ សំដៅ​បន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម បង្កលក្ខណៈ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជួបជុំ​ក្រុមគ្រួសារ និង​ធ្វើដំណើរ​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក​ទៅ​គ្រប់ទិសទី​ទូទាំងប្រទេស ព្រមទាំង​បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក យ៉ាងច្រើន​កុះករ​រហូតដល់​ជាង ៤​លាន​នាក់ ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ​។ ព្រម​ជាមួយនេះ រាជរដ្ឋាភិបាល​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជីវករ ចំពោះ​ភាពរអាក់រអួល​ខ្លះៗ ក្នុងការ​ចេញចូល​ឆ្លងកាត់​ច្រកទ្វារព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា កន្លងមកនេះ​ ដោយសារ​ការ​រឹតបន្ដឹង​ការត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន​ សំដៅ​បង្ការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ឧទ្ទាម និង​ដើម្បី​ធានា​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​រាជរដ្ឋាភិបាល​សូម​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​បំពេញ​តួនាទី​របស់ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការធានា​រក្សា​ការពារ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ជាពិសេស ការសម្រេចបាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុងការ​បំផ្លាញចោល​ទាំងស្រុង​នូវ​ផែនការ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ដែល​ប៉ុនប៉ង​យក​ថ្ងៃទី​០៩ ខែវិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រមូល​កម្លាំង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាជន តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ ជាពិសេសឧបាយកល​ដ៏​ខ្មៅ​ងងឹត​ក្នុងការ​ប៉ុនប៉ង​ផ្លាស់ប្តូរ​របបរាជានិយម​នៅ​កម្ពុជា​។ ជោគជ័យ​នេះ ក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួមចំណែក​ដ៏​សំខាន់ និង​មិនអាច​ខ្វះ​បាន​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ដែល​បានបង្ហាញ​នូវ​សាមគ្គី​ភាពរឹងមាំ​ជាមួយ​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក្នុង​កិច្ចការពារ និង​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ជាពិសេស​បានបង្ហាញ​នូវ​ស្វាមីភក្តិ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ អង្គ​ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ជាតិខ្មែរ និង​ចំពោះ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​។​

​ទន្ទឹមនេះ រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់​មួយចំនួន​តូច បាន​ចាញ់បោក​ការឃោសនា​នយោបាយ និង​ឧបាយកល​ពិសពុល​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ហើយ​បាន​ចាកចេញ​ទៅកាន់​ប្រទេស​ទី​២ ជាពិសេស​ទៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ត្រៀម​ចូលរួម​ក្នុង​អ្វីមួយ​ដែល​ក្រុម​ឧទ្ទាម​ហៅថា ការ​អមដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​របស់​ទណ្ឌិត សម រង្ស៊ី​។ ឆ្លៀត​ក្នុងឱកាស​នេះ រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ដែល​បាន​ចាញ់​ឧបាយកល​បោកប្រាស់​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី សូម​វិល​ត្រឡប់មក​មាតុប្រទេស​វិញ ដើម្បី​បន្ត​រួមរស់​ជាមួយ​ក្រុមគ្រួសារ និង​សង្គមជាតិ ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។ រាជរដ្ឋាភិបាល​យល់ច្បាស់​ណាស់​ថា ប្រការ​ដែល​បងប្អូន​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ចូលរួម​គំនិត​ក្បត់ គឺ​ដោយសារ​ការចាញ់បោក​ឧបាយកល​នយោបាយ និង​ការ​លួងលោម​អូសទាញ​ពី​សំណាក់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី​ដែលមាន​បំណង​យក​បងប្អូន​ដែលជា​ជនស្លូតត្រង់ធ្វើជា​ឧបករណ៍​នយោបាយ និង​ឈ្នា​ន់​បញ្ឆេះ​កំហឹង​សង្គម​ដើម្បី​សម្រេច​ម​ហិ​ច្ឆតា​អំណាច​របស់​ក្រុមខ្លួន ដោយ​មិន​គិតពី​ការស្លាប់​រស់ និង​សុខទុក្ខ​របស់​បងប្អូន និង​ប្រទេសជាតិ​ឡើយ​។ រាជរដ្ឋាភិបាល​ស្នើសុំ និង​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ជំរុញ​អនុវត្ត​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​ចាញ់បោក​ឧបាយកល​នយោបាយ​រប​ស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី អាច​វិល​ត្រឡប់មក​មាតុប្រទេស​វិញ ដោយ​មិនមាន​ទោសពៃរ៍​។​

​រាជរដ្ឋាភិបាល​មាន​ជំនឿ​យ៉ាង​មុតមាំ​លើទឹក​ចិត្ត​ស្នេហា​ជាតិ​របស់​ប្រជាជន​កម្ពុជា ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ចការពារ និង​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ដែលជា​មូលដ្ឋានគ្រឹះ​យ៉ាងសំខាន់ សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​ប្រកបដោយ​ចីរភាព​៕ ​/សរន/ha