រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ ស្តីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង បឹង​យក្ស​ឡោម​

1993
ចែករម្លែក

ដោយ : វិបុល / ភ្នំពេញ ៖ ​យោងតាម​អនុក្រឹត្យ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ ស្តីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង បឹង​យក្ស​ឡោម ដែលមាន​ផ្ទៃដី​សរុប២២៥​ហិកតា ស្ថិតក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ។​

​ការដាក់​បឹង​ដែលមាន​ជម្រៅ​ជ្រៅ​នេះ ទៅជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង គឺជា​ការថែទាំ​ជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​ជីវៈចម្រុះ ដើម្បី​រក្សា​លំនឹង​បរិស្ថាន​។ យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ទៃដី​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​«​បឹង​យក្ស​ឡោម​»​ នេះ​មិន​រួមបញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​នោះទេ ហើយ​ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត​រតនគិរី និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​

​ក្នុង​អនុក្រឹត្យ​ដែលមាន៦​មាត្រា​នោះ បាន​គូសបញ្ជាក់ថា ការដាក់​តំបន់​បឹង​យក្ស​ឡោម ទៅជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ក្នុង​គោលបំណង ដើម្បី​ធានាឱ្យមាន​ការថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ ព្រមទាំង​ធានាឲ្យមាន​ការបំពេញ​ល​ក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វព្រៃ រុក្ខជាតិ និង​ជីវៈចម្រុះ​។ រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​។ ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ដោយ​និរន្តរភាព​។ លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​រប​ស់​សហគមន៍​មូលដ្ឋាន ក្នុងការ​ថែរក្សា ការពារ​អភិរក្ស និង​ការប្រើប្រាស់​ធនធានធម្មជាតិ ដោយ​និរន្តរភាព​។ បង្កើន​តួនាទី​ប្រព័ន្ធ​អេកូ​ឡួ​ស៊ី​តំបន់ការពារធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់​។​

​សូមបញ្ជាក់ថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង សំដៅ​ដល់​តំបន់​ក្នុង​ដែនដី​គោក និង​ដែនទឹក ក្នុងនោះ​សម្បូរ​ដោយ​ប្រព័ន្ធ​ធម្មជាតិ ដែល​ពុំទាន់​រង​ការបំផ្លិចបំផ្លាញ និង​តម្រូវឱ្យមាន​សកម្មភាព​គ្រប់គ្រង ដើម្បី​ធានា​ការការពារ ការថែទាំ​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អូ​កូ​ឡូ​ស៊ី សម្រាប់​ពេល​យូរ​ង្វែ​ង​។ រមណីយដ្ឋាន បឹង​យក្ស​ឡោម មាន​ទីតាំង​ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ស្ថិតនៅ​ទិសខាងកើត​ក្រុង​បាន​លុង ក្នុង​ខេត្តរតនគិរី ៕