រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បង្កើត​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ចំនួន​បី​បន្ថែមទៀត​

804
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ចំនួន​បី គឺ​១.​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​សាធារណ​តួ​ក​គី ដែលមាន​និ​វេស​ដ្ឋា​ន​នៅ​ទីក្រុង​អង់កា​រ៉ា​។ ២.​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រចាំ​សាធារណរដ្ឋ​ស៊ែ​ប៊ី ដែលមាន​និ​វេស​ដ្ឋា​ន​នៅ​ទីក្រុង​ប៊ែ​ល​ក្រា​ត និង​ទី​៣.​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រចាំ​ប៊ុលហ្គារី ដែលមាន​និ​វេស​ដ្ឋា​ន​នៅ​ទីក្រុង​ស៊ូ​ហ្វី​យ៉ា​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ដែល​រស្មី​កម្ពុជា ទើបតែ​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨​នេះ​។​

​នៅក្នុង​អនុក្រឹត្យ​បាន​បញ្ជាក់ថា ស្ថាន​ឯកអគ្គរាជទូត​នេះ ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​បេសកកម្ម​ទូត​ម្នាក់ ដែលមាន​ឋានៈ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​។ សមាសភាព​មន្ត្រីការទូត​ផ្សេងទៀត មន្ត្រី​បច្ចេកទេស និង​បុគ្គលិក​សេវា នឹងត្រូវ​កំណត់​តាម​តំរូវការ នៃ​ការងារ​ជាក់ស្តែង​។ ប្រព័ន្ធ​ហិរញ្ញវត្ថុ​សម្រាប់​មន្ត្រីការទូត មន្ត្រី​បច្ចេកទេស និង​បុគ្គលិក​សេវា នៃ​ស្ថាន​ឯកអគ្គរាជទូត​នេះ ត្រូវ​ស្ថិត​ក្នុងប្រទេស “​ក​”​។ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​មុ​ងារ​សាធារណ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕ ល​