រាជរដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ពី​២៥​ទៅ​៣១,១​ភាគរយ​នៅតែ​ទាប​ធៀប​នឹង​ប្រទេសជិតខាង​

596
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន យុវនីតិសម្បទា​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី បាន​លើកឡើងថា​៖​នៅ ដើមឆ្នាំ​២០១៩​នេះ​រាជរដ្ឋាភិបាល​បាន​ដំឡើង​ពន្ធ​ពី​២៥​ទៅ​៣១,១​ភាគរយ​លើ​ផលិតផល​ថ្នាំជក់​ដើម្បី​ការពារ​សុខភាព​និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​

តែបើ​ធៀប​នឹង​ប្រទេសជិតខាង​កម្ពុជា​នៅតែមាន​កម្រិត​ទាប​។​មី​យ៉ាន់​ម៉ា បាន​ដំឡើង​ពន្ធ​ពី​៥០​ទៅ​៦០​ភាគរយ ខណៈ ប្រទេស​សឹង្ហ​បូរី​វិញ​បាន ៦៧,៥ ភាគរយ​និង​ប្រទេស​ថៃឡង់​ដ៍​បាន​ដំឡើង​រហូតដល់​៧០​ភាគរយ​ដែលជា​ពន្ធ​ខ្ពស់​ជាងគេ​នៅក្នុង​សហគមន៍​អាស៊ាន​។

​លោកស្រី​ប្រធាន​គណៈកម្មការ​ទី​៨​រដ្ឋសភា​បានលើកឡើង​ទៀតថា​៖​ដោយឡែក​កម្ពុជា​ក៏​មិនទាន់មាន​មូលនិធិ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ដើម្បី​ពង្រឹង​យន្តការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​យន្តការ​ការត្រួតពិនិត្យ​យន្តការ​អធិការកិច្ច​និង​យន្តការ​ផាកពិន័យ​ទេ​។​

លោកស្រី​បានលើកឡើង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ស្តីពី “​ភាព ជា​អ្នកដឹកនាំ​ក្នុងការ​ត្រួតពិនិត្យ​ការអនុវត្តន៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​”​។​នៅ​វិមាន​រដ្ឋសភាជាតិ​នា​ព្រឹក​ថ្ងៃទី​១១​ខែ មិថុនា​ក្រោម​អធិបតីភាព លោក​បណ្ឌិត​ងួន ញ៉ិល​អនុប្រធាន​ទី​១​រដ្ឋសភា​។​

​នៅក្នុង​សិក្ខាសាលា​នោះដែរ​លោក​វេជ្ជបណ្ឌិត​អ៊ឹង​ភា​រុន​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​លើកឡើងថា​៖​ទោះបី​ការអនុវត្ត​ច្បាប់​ផាកពិន័យ​ពុំទាន់​បាន​អនុវត្ត​ក្តី​តែ​ប្រជាជន​គ្រប់​ស្រទាប់​មានការ​យល់ដឹង​ច្រើន​អំពី​គ្រោះថ្នាក់​ដោយសារ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​នេះ​។​

ដែលមាន​អត្រា​នៃ​ការប្រើប្រាស់​ថ្នាំជក់​ក្នុងចំណោម​មនុស្សពេញវ័យ​អាយុ​ចាប់ពី​១៨ ឆ្នាំ​ឡើងទៅ​បាន​ថយចុះ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ​។​ចុះ​១៣.៦៨​ភាគរយ​គឺ​ពី​៤៨.៩៨​ភាគរយ​នៅត្រឹម ៣៥.៣​ភាគរយ​ចំពោះ​បុរស និង​ថយចុះ​៨.៩៣​ភាគរយ​ចំពោះ​ស្ត្រី​គឺ​២០.៥៣​ភាគរយ​មក​នៅត្រឹម ១១.៦​ភាគរយ​។

​គួរឱ្យ​បារម្ភ​ផងដែរ​ថា​បញ្ហា​ផ្សែង​បារី​បាន​កំពុង​បង្កឱ្យមាន​នូវ​ផលវិបាក​និង​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព អាយុជីវិត គ្រួសារ សង្គម សេដ្ឋកិច្ច​និង​ប្រទេសជាតិ​ទាំងមូល ដែល​ក្នុងនោះ​មាន​ជាអាទិ៍ កើត​ជំងឺមិនឆ្លង​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​សរសៃឈាម​បេះដូង​ជំងឺមហារីក​(​មាត់ស្បូន ថ្លើម សួត សុដន់ ក្រពះ​) ជំងឺ​ផ្លូវដង្ហើម និង​ជំងឺ​ទឹកនោមផ្អែម ។​ល​។​៕S/

​ចំណងជើង​រូបថត​៖​រដ្ឋាភិបាល​តម្លើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ពី​២៥​ទៅ​៣១,១​ភាគរយ​ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​