រាជរដ្ឋាភិបាល​ណែនាំ​ឲ្យ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​

517
ចែករម្លែក
  • 10
    Shares

ដោយ:ប​.​ខុន/​ភ្នំពេញ ៖ នៅក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ អាកាសធាតុ​មាន​សភាព​ក្តៅ​ហួតហែង​ពេលខ្លះ​អាច​ឡើងដល់​៤២​អង្សា​សេ​ អាច​នឹង​នាំ​ឲ្យ​កើតមាន​បញ្ហា​ខ្វះ​ទឹក​ប្រើ​ប្រាស់​នៅ​តំបន់​មួយចំនួន ទើប​រាជរដ្ឋាភិបាល​បានចេញ​សារាចរ​ណែនាំស្តីពី​ការចាត់​វិធានការ​ថែរក្សា​ទឹក​ទុក សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ និងហាម​មិន​ឲ្យ​មានការ​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​ពីរ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១៧ ​ខែមករា ​ឆ្នាំ​២០១៩ ​បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ដោយយោង​ទៅតាម​ការ​ព្យាករ​របស់​ក្រសួង​ធន​ធានទឹក​និង​ឧតុនិយម​ដែល​បានបង្ហាញ​ថា ​នៅ​ដើមឆ្នាំ​២០១៩​នេះ ព្រះរាជាណាចក្រ​កម្ពុជា​​នឹង​ទទួលរង​(​ដោយ​ប្រយោល​)​ពី​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ(El Nino)​។ ឥទ្ធិពល​នៃ​បាតុភូត​នេះ​នឹង​បង្ក​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានារ​ដូ​វ​ប្រាំង​នេះ ពិសេស​ក្នុង​ខែមេសា​និង​ខែឧសភា មាន​សភាព​ក្តៅ​ហួតហែង និងសីតុណ្ហភាព​អតិបរមា​នៅពេល​ខ្លះ អាច​ហក់​ឡើងដល់​ពី​៤០​ទៅ​៤២​អង្សា​សេ មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ផ្គរ រន្ទះ និងខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន រដូវវស្សា​មកដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​។​ល​។​

សារាចរ​ណែនាំ​បាន​នេះ​បាន​សរសេរ​ទៀតថា យោង​លើ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ព្យាករ​ខាងលើ រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដូចខាងក្រោម ៖

ការងារ​ប​ង្ក​បង្កើន​ផល​ស្រូវប្រាំង​ឆ្នាំ​២០១៩​នេះ គឺអាច​ធ្វើ​បានតែ​មួយដង​ប​ណ្ណោះ ដោយ​មិន​អាចធ្វើ​ស្រូវប្រាំង​លើក​ទី​ពីរ​បានទេ បើទោះបីជា​ទឹក​នៅតាម​បណ្តា​អាង​ដែល​បាន​រក្សាទុក​និង​កន្លែង​មួយចំនួន​ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និងការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​។​

ក្នុង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​នេះ​បាន​បញ្ជាក់ថា ក្រសួងស្ថាប​ន័​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​រក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ​រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជាធម្មតា​ឡើងវិញ។ ក្រសួង ស្ថាប​ន័​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ធម្មជាតិ​នានា​ដូចជា​ខ្យល់​កន្ត្រាក់​ជាដើម​៕​B/