រាជរដ្ឋាភិបាល​ត្រូវការ​ទុន​សរុប​១៤,៤៨៧​លាន​ដុល្លារ​សម្រាប់​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២០-២០២២

234
ចែករម្លែក

ដោយ:​តារា​រិ​ទ្ធ​/​ភ្នំពេញ​ ៖ ​រាជរដ្ឋាភិបាល​ត្រូវការ​បរិមាណ​ទុន​សរុប ១៤,៤៨៧ លាន​ដុល្លារ​អាមេរិក​សម្រាប់​កម្ម​វិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២០-២០២២។ នេះ​បើ​យោងតាម​សេចក្តីព្រាង “​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០២០-២០២២”​ដែល​ត្រូវ​បានអនុម័ត​ដោយ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៣០ ខែ សីហា​នេះ។​

លោក ផែ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​ កិច្ចប្រជុំពេញអង្គ​គណៈ រដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុម័ត​ទាំងស្រុង​ហើយ​លើ​សេចក្តីព្រាង “​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២០-២០២២”។

សេចក្តីព្រាង​”​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០២០-២០២២” ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើការ​បង្ហាញ​ពី​ទិន្នន័យ​គម្រោង​វិនិយោគ​ដែលមាន​អាទិភាព​ខ្ពស់​របស់​ក្រសួង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលជា​គោលនយោបាយ​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ដែល​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣។

កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២០-២០២២ ដែលមាន​តម្លៃ​សរុប​ប្រចាំឆ្នាំ​ប្រមាណ ៤,៨២៩ លាន​ដុល្លារ​អាមេរិក​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែកលើ​តម្រូវការ​ចំណាយ​សរុប​សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ដើម្បី​ឲ្យ​បាន​ស្របតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការប្រែប្រួល​ថ្លៃទំនិញ​និង​អតិផរណា​ហើយក៏​ផ្អែកលើ​បរិមាណ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រដែ​ល​ដៃគូ​អភិវឌ្ឍ​ធ្លា ប់​បាន​សន្យា​។​

សេចក្តីព្រាង​”​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០២០-២០២២”​បាន​បង្ហាញថា​៖​ក្នុង​ចំនួន​គម្រោង​សរុប​ជាង ៦០០ គម្រោង​នៃ​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២០-២០២២ នេះ​មាន​ចំនួន ១៧១ គម្រោង​ជា​គម្រោង​កំពុងដំណើរការ​ដែល​ត្រូវការ​ទុន​ចំនួន ៧,៥៣៧ លាន​ដុល្លារ​អាមេរិក​និង​ចំនួន​៤៣៨​គម្រោង​ជា​គម្រោង​សម្រាប់​អនុវត្ត​ផ​.​យ​.​អ​.​ជ​.​ដែល​ត្រូវការ​ទុន​ចំនួន​៦,៩៥០ លាន​ដុល្លារ​អាមេរិក។

ជា​សរុប​បរិមាណ​ទុន​តាម​ឆ្នាំ​របស់​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២០-២០២២ រួមមាន​៖ ឆ្នាំ​២០២០ ចំនួន ៤ ៥៥៦ លាន​ដុល្លារ​អាមេរិក​,​ឆ្នាំ​២០២១ ចំនួន ៥ ១០៤ ដុល្លារ​អាមេរិក និង​ឆ្នាំ​២០២២ ចំនួន ៤,៨២៧ លាន​ដុល្លារ​អាមេរិក។ បរិមាណ​ទុន​សរុប ១៤,៤៨៧ លាន​ដុល្លារ​អាមេរិក​នៃ​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២០-២០២២ រួមបញ្ចូល​នូវ​បរិ​មា​ទុន​ដែល​បាន​សន្យា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍ​រួចហើយ​មាន​ចំនួន ៨,៥៩៧ លាន​ដុល្លារ​អាមេរិក (​ក្នុងនោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ៥២៩,៨ លាន​ដុល្លារ​អាមេរិក​និង​ពី​ដៃគូ​អភិវឌ្ឍ​ចំនួន​៨,០៦៧,៥​លាន​ដុល្លារ​អាមេរិក​) ដោយ​ត្រូវការ​ទុន​បន្ថែមចំនួន ៥,៨៨៩.៧ លាន​ដុ​លា្ល​រ​អាមេរិក។

ការ​វិភា​ជ​ទុន​ដល់​គម្រោង​នានា​របស់​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២០-២០២២ ទៅតាម​វិស័យ​ដូច​បានកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣​រួមមាន​៖ ៦,៥% នៃ​តម្រូវ​ការចំណាយ​វិនិយោគសាធារណៈ​សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សង្គមកិច្ច ។ ៣២,៧%​នៃ​តម្រូវ​ការចំណាយ​វិនិយោគសាធារណៈ​សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យសេដ្ឋកិច្ច​។ ៥៣,៨% នៃ​តម្រូវ​ការចំណាយ​វិនិយោគសាធារណៈ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ ៧,០% នៃ​តម្រូវ​ការចំណាយ​វិនិយោគសាធារណៈ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សេវា និង​កម្មវិធី​អន្តរ​វិស័យ៕B/