រាជរដ្ឋាភិបាល​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​ចិន​ដែល​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​

515
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​ប្រធានាធិបតី​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​ស៊ី ជីន​ភីង (Xi Jinping) ដែល​បាន​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​នាពេល​ថ្មីៗ​នេះ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រមុខរដ្ឋ​។ នេះ​ជាម​ហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល ជាការ​បញ្ជាក់​សាជាថ្មី​នូវ​ភាពរឹងមាំ មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​ជិតស្និទ្ធ ដែល​ពុំ​អាច​បំបែក​បានឡើយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​។​


​ជាមួយគ្នានេះ​អង្គភាព​អ្នកនាំពាក្យ​រា​រដ្ឋាភិបាល បាន​រំលឹកថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល បានទទួល​មហា​កិត្តិយស ពី​ឱកាស​នៃ​ការ​ប្រារព្ធ​អបអរសាទរ​ថ្ងៃកំណើត​របស់​សម្ដេច ដែល​រៀបចំ​ដោយ ឯកឧត្តម​នាយករដ្ឋមន្ដ្រី​ជប៉ុន ស៊ីន ហ្ស៊ូ​អា​បេ (Shinzo Abe) កាលពី​ឆ្នាំ​២០១៧ នៅ​ទីក្រុង​តូ​ក្យូ​។ សម្ដេច​តេ​ជោ ក៏បាន​លើកឡើង​នៅក្នុង​ពិធី​ខួបកំណើត​នោះ​ថា “​ខ្ញុំ​នឹងមិន​អាច​ភ្លេច ថ្ងៃ​ដ៏​ស្រស់​បវរ​នេះ​បានឡើយ​”​។​
​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​មិន​យក​ប្រជាជាតិ​ណាមួយ​ជាស​ត្រូវ ក៏ប៉ុន្ដែ​ចាត់ទុក​ប្រជាជាតិ​ទាំងនោះ​ជា​ដៃគូ​ទៅវិញ ដើម្បី​បន្ដ​រក្សាបាន​សន្ដិភាព ស្ថិរភាព និង​ការរីកចម្រើន​។ កម្ពុជា​បាននិងកំពុង​ដើរតួ​យ៉ាង​សំខាន់បំផុត ក្នុង​កិច្ច​ចូលរួម​រក្សា​សន្ដិភាព និង​កិច្ចពិភាក្សា​ផ្សេងៗ​នៅក្នុង​វេទិកា​តំបន់ និង​អន្ដរជាតិ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម ឬ​វិវាទ​នានា​។ កម្ពុជា បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម នៅក្នុង​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) នាំមុខ​ដោយ ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ។ កម្ពុជា​ដែលជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ពេញលេញ ក៏បាន​ជួយ​គាំទ្រ “​យុទ្ធសាស្ដ្រ​សេរី និង​ចំហ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​” នាំមុខ​ដោយ​មិត្ត​ជប៉ុន​ផងដែរ​។​
​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់​សាជាថ្មី​ថា គោលជំហរ​ដូច​បាន​ជម្រាបជូន​ខាងលើ គឺជា​នយោបាយ​ការបរទេស​កម្ពុជា ដើម្បី​បន្ដរ​ក្សា​ឱ្យមាន​សម្ព័ន្ធមិត្ត​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដោយ​មិន​រើសអើង​ពណ៌​សម្បុរ នយោបាយ ដើម្បីឱ្យ​កម្ពុជា​ទទួលបាន​ផលប្រយោជន៍​ពី​ភូមិសាស្ដ្រ​សេដ្ឋកិច្ច​៕SNR