រាជរដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស​

252

(​ភ្នំពេញ​)៖​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​​ផ្ទៃក្នុង​ប្រទេស ដែលមាន​សមាសភាព​ចំនួន​ប្រាំ​បួនរូប ក្នុងនោះ​មាន​ប្រធាន​មួយរូប អនុប្រធាន​ចំនួន​បី​រូប និង​សមាជិក​ចំនួន​ប្រាំ​រូប មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។

​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​នេះ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ហើយ​ត្រូវ​​បាន​បោះពុម្ពផ្សាយ​នៅក្នុង​សៀវភៅ​ព្រះរាជកិច្ច ត្រីមាស​ទី​០៣ ឆ្នាំ​២០១៧ ដែល​ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។​

​យោងតាម​សេចក្តី​សម្រេចបាន​ឲ្យ​ដឹងថា សមាស​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស​មានដូចជាៈ ១.​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គស្នងការ​ស្តីទី​នគរបាលជាតិ ជា​ប្រធាន​។ ២.​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​នាយរង​សេនា​​ធិ​ការ​ចំរុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ជា​អនុប្រធាន​។ ៣.​លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អនុប្រធាន​។ ៤.​លោក​កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជា​អនុប្រធាន​។ ៥.​លោកស្រី អ៊ា​ត សោភា​អនុរដ្ឋលេខាធិការ​ក្រសួង​​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​សមាជិក​។ ៦.​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ​។ ៧.​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ៨.​លោក​គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​។ ៩.​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​ក្រសួងមហាផ្ទៃ​។​

​ក្រុមការងារ​នេះ មាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ និង​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​និង​នៅ​បរទេស ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ និង​រៀបចំ​អនុសាសន៍​ស្តីពី​វិធានការ​ចាំបាច់ និង​គោលនយោបាយ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទ្រព្យសម្បត្តិ​សាធារណៈ និង​គម្រោង​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​។ ​ក្រុមការងារ​នេះ​អាច​ស្នើ​បន្ថែម​សមាសភាព និង​អញ្ជើញ​តំណាង​ក្រសួង​ស្ថាប័ន វិស័យ​ឯកជន ឥស្សរ​ជនជាតិ អន្តរជាតិ ឬ​ភាគី​ពាក់ព័ន្ធ​​ផ្សេងទៀត ដើម្បី​ប្រជុំ​ពិគ្រោះ​យោបល់ ឬ​ចូលរួម​ក្នុង​ការងារ​សិក្សា​ស្រាវជ្រាវ និង​ផ្តល់យោបល់​តាម​ការចាំបាច់​៕​ដោយៈ មុនី​រ័ត្ន​/sn

នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គស្នងការ​ស្តីទី​នគរបាលជាតិ ជា​ប្រធាន​


ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ជា​អនុប្រធាន​។​
​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​ក្រសួងមហាផ្ទៃ​