រាជរដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន អេង​ឌី​ប៉ូ អភិវឌ្ឍន៍ បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​

1065
លោកឧកញ៉ា ឌី ប៉ូ ប្រធានក្រុមហ៊ុន អេងឌីប៉ូ អភិវឌ្ឍន៍

​ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីជូនដំណឹង​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន អេង​ឌី​ប៉ូ អភិវឌ្ឍន៍ ដែល​បាន​នឹង​កំពុង​ឈូសឆាយដី​ក្នុង​តំបន់​ជម្លោះ ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​ការតវ៉ា និង​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​សាជាថ្មី​ឡើងវិញ​។ នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ការបញ្ឈប់​សកម្មភាព​រប​បស់​ក្រុមហ៊ុន អេង​ឌី​ប៉ូ អភិវឌ្ឍន៍ គឺ​យោងតាម​ចំណារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ បន្ទាប់ពី​រដ្ឋបាលខេត្ត​កណ្តាល​ស្នើសុំ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​អនុវត្ត​ផ្តល់​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់ អចលវត្ថុ​ជំហាន​ទី​២ ជូន​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ក្នុង​ជម្លោះដីធ្លី ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋ​ម​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៣ ខែមីនា បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បានសម្រេច​យល់ព្រម​ជាគ​គោលការណ៍​ដូចតទៅ​៖ ១.​អនុញ្ញាត​ឲ្យ​បន្ត​ចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ចំពោះ​ដី​ដែល​នៅ​សេសសល់​ជូន​ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ ក្នុង​តំបន់​ដី​ជម្លោះ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ស្របតាម​នីតិវិធី​។ ២.​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ឈប់​សកម្មភាព​រប​ស់​ក្រុមហ៊ុន អេង​ឌី​ប៉ូ អភិវឌ្ឍន៍ ដែល​បាន​នឹង​កំពុង​ឈូសឆាយដី​ក្នុង​តំបន់​ជម្លោះ ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​ការតវ៉ា និង​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​សាជាថ្មី​ឡើងវិញ​។ ៣.​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជួសជុល​កែលម្អ និង​កសាង​ទំនប់​ស្តុក​ទឹក​ទាំង​០៩​កន្លែង ដែល​បាន​ចុះបញ្ជី​ដី​រដ្ឋ​រួចហើយ ប្រមាណ​៣៨៦​ហិកតា ដើម្បី​ជា​គុណប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​តំបន់​នោះ ស្រោចស្រព​បង្កបង្កើនផល​ផ្គត់ផ្គង់​ជីវភាព​បាន​គ្រប់​រដូវ​។ ៤.​រក្សា​សុពលភាព​ប័ណ្ណ​សម្គាល់​សិទ្ធ​ដែល​បានចេញ​ជំហាន​ទី​១ ចំនួន​៣២៧​ប័ណ្ណ មាន​ទំហំ​ដី​៩៥០​ហិកតា (​រួមមានៈ ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ដី​បឹង ដី​អាងទឹក និង​ដី​ភូមិ​រួម​) តាម​ម​ស្មារតី​លិខិត​លេខ ២៣ សជណ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ និង​លិខិត​លេខ​៦៤៥ សជណ ចុះ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ៥.​សំណង់​ប្រព័ន្ធ​ផ្លូវ និង​ប្រឡាយ​ទឹកជា​សម្បត្តិ​សាធារណៈ​សម្រាប់​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​ផ្ទុះ​ធ្វើ​ការតវ៉ា​ជាមួយ​លោក​ឧកញ៉ា ឌី ប៉ូ ប្រធាន​ក្រុមហ៊ុន អេង​ឌី​ប៉ូ អភិវឌ្ឍន៍ ដែល​បានដាក់​កម្លាំង​សន្តិសុខ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលទៅក្នុង​ដី​របស់ខ្លួន​នៅ​ចំណុច​បឹង​ប្រលោះ​ថ្កូវ ដែល​ស្ថិតនៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍​ករណី​លោក​ឧកញ៉ា ឌី ប៉ូ ដាក់​កម្លាំង​សន្តិសុខ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលក្នុង​ដី​របស់​ពួកគាត់​។ នៅក្នុង​ហេតុការណ៍​នោះ គឹ​ឃើញ​មាន​វត្តមាន​លោក​ឧកញ៉ា ឌី ប៉ូ និង​ក្រុម​សន្តិសុខ​របស់ខ្លួន​បាន​ប៉ះទង្គិច​ពាក្យសំដី​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​៕​L/MN