រាជរដ្ឋាភិបាល​លុបចោល រាល់​ឯកសារ​បញ្ជាក់​ភាពជា​ពលរដ្ឋ​ខ្មែរ​មិន​ប្រក្រតី របស់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា ​

2083
ចែករម្លែក

(​ភ្នំពេញ​) ៖ រាជរដ្ឋាភិបាល​កម្ពុជា នឹង​លុបចោល​រាល់​ឯកសារ និង​លិខិតស្នាម​ផ្សេងៗ បញ្ជាក់​ពី​ភាពជា​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ ឬ​សមត្ថកិច្ច ចេញ​ឲ្យ​ជនអន្តោប្រវេសន៍ នៅ​កម្ពុជា​នាពេល​កន្លងទៅ​។​
​ ​
​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​បូកសរុប​របាយ​ការណ៍​ជំហាន​ដំបូង​ស្ដីពី​ការបន្ដ​ការអនុវត្ត​ការងារ​គ្រប់គ្រង​​ជនអន្ដោប្រវេសន៍​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បញ្ជាក់ថា​មាន​ជនអន្ដោប្រវេសន៍​​បរទេស ដែល​បាន​កាន់កាប់​ឯកសារ​រដ្ឋបាល បញ្ជាក់​ពី​ភាពជា​ពលរដ្ឋ​ខ្មែរ​មាន​ជិត​១០​ម៉ឺន​នាក់​។​
​ ​
​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ជនអន្តោប្រវេសន៍ ដែល​នឹងត្រូវ​ប្រកាស​លុបចោល ឯកសារ​រដ្ឋបាល​នានា​នេះ​នឹងត្រូវ​ឲ្យ​ពួកគេ​​បំពេញបែបបទ​ជា​ជនអន្តោប្រវេសន៍​ឡើងវិញ តែបើ​ពួកគេ មិន​ព្រម​បំពេញ​ឯកសារ​ជា​ជនអន្តោប្រវេសន៍​ទេ​គឺអាច​ត្រឡប់​ទៅ​ប្រទេស​​ដើម របស់​ពួកគេ​វិញ​។​
​ ​
​លោក បានបញ្ជាក់​យ៉ាង​ដូច្នេះ “​បងប្អូន ដែល​កាន់កាប់​ឯកសារ​ខ្មែរ​នេះ យើង​ធ្វើការ​បដិសេធ​នៅ​ថ្ងៃ​ខាងមុខនេះ​។​ប៉ុន្តែ​យើង​មិន​​បណ្តេញចេញ​ជា​ក្រុម ជា​ពួក​ទៅ​ប្រទេស​ដើម​វិញ​ទេ ព្រោះ​មាន​ច្រើន​សញ្ជាតិ​ណាស់ មិនមែន​តិច​សញ្ជាតិ​ទេ ប៉ុន្តែ​វៀតណាម​ច្រើនជាងគេ​។ អ៊ីចឹង​អ្នក​ដែល​នឹងត្រូវ​ប្រកាស​បដិសេធ នៅពេល​ខាងមុខ​នោះ គេ​នឹង​ទៅជា​អ្វី​? ទី​១. បើ​អត់​មាន​លិខិតស្នាម​ទេ​គេ​អាច​ទៅ​ប្រ​​ទេស​ដើម​គេ​វិញ ដោយ​ស្ម័គ្រចិត្ត ទី​២. ដោយសារ​រស់នៅ​យូរហើយ គេ​អាចដាក់​ពាក្យសុំ​ធ្វើជា​ជនអន្តោប្រវេសន៍ ហើយ​បើ​គេ​ស្ម័គ្រចិត្ត គេ​អាចដាក់​ពាក្យសុំ​សញ្ជាតិ​ខ្មែរ ប្រសិនបើ​រស់នៅ​បានរ​យៈ​ពេល​៧​ឆ្នាំ​មកហើយ​នោះ​”​។​
​ ​
​លោក​ថា ចំពោះ​ជនបរទេស ដែល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ដោយ​ខុសច្បាប់ និង​គ្មាន​លិខិតស្នាម​អ្វី​ទាំងនោះ​គឺ​នឹងត្រូវ​អនុវត្តន៍​​ច្បាប់​អន្តោប្រវេសន៍ គឺ​ចាប់​បណ្តេញ​ពី​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល​។​
​ ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​ឆ្នាំកន្លះ បន្ទាប់ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវបាន​បង្កើតឡើង មាន​ជនបរទេស​ជាង ១​ម៉ឺន​នាក់​ហើយ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាង​។​
​ ​
​គួររំលឹកថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១៧ សីហា បានចេញ​អនុក្រឹត្យ​សម្រេច​លុបចោល​និង​​ដ​កហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់ និង​កំពុង​ប្រើប្រាស់​។​
​ ​
​នៅក្នុង​អនុក្រឹត្យ បាន​បញ្ជាក់ថា ឯកសារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រក្រតី គឺ​សម្តៅ​ដល់​ឯកសារ​រដ្ឋបាល​កម្ពុជា ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ ឬ​ផ្ទុយ​នឹង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​
​ ​
​អនុក្រឹត្យ​នេះ​ក៏បាន​កំណត់​ដែរ​ថា ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ហើយ​បែបបទ​និង​​នីតិវិធី​នៃ​ការដកហូត ឯកសារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ត្រូវ​កំណត់ដោយ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​
​ ​
​ចំណែក​ជនរ​បរទេស​ណា ដែល​នៅតែ​បន្តកាន់កាប់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ឬ​បុគ្គល​ណា​ដែល​ឃុបឃិត លួចលាក់ ក្លែងបន្លំ ឬ​បន្ត​ផ្តល់​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ឱ្យ​ជនបរទេស​កាន់កាប់​ប្រើប្រាស់​នោះ ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕ដោយ៖វិបុល/sn