រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​លើ​ផ្ទៃដី​ជាង​១៣​ម៉ឺន​ហិកតា​

180
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន+មូលសម្បត្តិ​/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​បានសម្រេច​បង្កើត​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​មាន​ផ្ទៃដី​ទំហំ​១៣៣.៧០៧,៧៣​ហិកតា​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​សន្តិភាព​ឃុំ​ថ្មកែវ​ឃុំ​ព្រែ​កមាស​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។​នេះ​បើតាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​នៅក្នុង​អនុក្រឹត្យ​បាន​បញ្ជាក់ថា​គោលបំណង​នៃ​ការបង្កើត​ដែនជម្រកសត្វព្រៃ​នេះ​គឺ​ដើម្បី​ធានាឱ្យមាន​ការថែទាំ​ទីជម្រក​សត្វព្រៃ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ព្រមទាំង​ធានាឱ្យមាន​ការបំពេញ​ល​ក្ខ​ខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ​រុក្ខជាតិ​និង​ជីវចម្រុះ​ផ្តល់​ផលិតផល​។​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ​និង​ការអភិរក្ស​ជីវចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។​

​ចំណែក​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​និង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខាងលិច ដែល​ចុះ​កាលពី​ថ្ងៃ​៩ ខែឧសភា ឆ្នាំ​២០១៦ ត្រូវបាន​ទុកជា​និរាករណ៍​។​
​លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​ការដាក់បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខាងលិច​និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ទៅជា​តំបន់ការពារធម្មជាតិ​តែមួយ​នេះ​។​គឺ​នឹង​ជួយ​ឱ្យ​មានការ​ស្រួល​ដល់​ការគ្រប់គ្រង​និង​អភិរក្ស​កាន់​តែមាន​ប្រសិទ្ធភាព​ដោយ​កាត់បន្ថយ​នូវ ការិយាល័យ​ធិបតេយ្យ ងាយស្រួល​ដល់​ការធ្វើ ផែន ការគ្រប់គ្រង និង​ចំណេញ​ថវិកា​។

​ដែន​ជម្រក​សត្វ​ទាំងពីរ​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ​និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី​ដែលមាន​លក្ខណៈ​ដូចគ្នា​។​ដែនជម្រកសត្វព្រៃ​ទាំងពីរ​នេះ​ជា​អតីត​តំបន់​សត្វ​ស្លាប​យ៉ាងសំខាន់​និង​កន្លងទៅ​ក៏បាន​ទទួល​ការសិក្សា​និង​ស្នើសុំ​បង្កើត​«​ព្រៃ​ការពារ​»​តែមួយ​សម្រាប់​អភិរក្ស​ធនធាន​សេនេទិច​រុក្ខជាតិ​និង​សត្វព្រៃ​ផងដែរ​។​

ដែនជម្រកសត្វព្រៃ​«​សៀម​ប៉ាង​»​និង​«​សៀម​ប៉ាង​ខាងលិច​»​ភាគច្រើន​គ្របដណ្តប់​ទៅដោយ​ព្រៃ​ល្បោះ​ស្ងួត​ព្រៃ​ពាក់កណ្តាល​ស្រោង​និង​វាលស្មៅ​សាវា​ណា​ដែល​បន្ត​ភ្ជាប់​គ្នា​ឆ្លង​ព្រំប្រទល់​នៃ​តំបន់​ទាំងពីរ​។​ដែលជា​ផ្នែក​មួយ​នៃ​តំបន់​អេកូឡូស៊ី​ព្រៃ​ត្រូពិច​ស្ងួត​ទន្លេមេគង្គ​ក្រោម​ដែលជា​ផ្នែក​មួយ​នៃ​តំបន់​ជីវជម្រុះ​មានតម្លៃ​នៅក្នុង​តំបន់​ឥណ្ឌូ​-​ភូមា​មាន​សារៈសំខាន់​ខ្ពស់​សម្រាប់​ការអភិរក្ស​។​នៅក្នុង​តំបន់​នេះ​សំបូរ​ទៅដោយ​សត្វ​ស្លាប​កម្រ​ដូចជា​សត្វ​ត្មោ​ត សត្វ​ត្រដក់ សត្វ​ដំរី ទន្សោង សត្វ​ក្រៀល​ជាដើម​។​

​លោក​បាន​គូសបញ្ជាក់ថា​ការរៀបចំ​គ្រប់គ្រង​និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​នេះ​គឺ​ដើម្បី​ធានាឱ្យមាន​ការថែទាំ​សត្វព្រៃ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ព្រមទាំង​ធានាឱ្យមាន​ការបំពេញ​ល​ក្ខ​ខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ​រុក្ខជាតិ​និង​ជីវៈចម្រុះ​។​ក៏ដូចជា​ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​ព្រមទាំង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍ មូលដ្ឋាន​ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង​ការការពារ​និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ឱ្យបាន​គង់វង្ស​៕S/

​រូបថត​សត្វ​ជាច្រើន​ប្រភេទ​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​